ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្ដាយ​ធ្វេសប្រហែស កូន​អាយុ​២​ឆ្នាំ​លង់ទឹក​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើបតែ​បាន​២​ឆ្នាំ បាន​លង់ទឹក​ស្លា.ប់ នៅ​ក្នុង​ស្រះទឹក​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​ចម្ងាយ​ប្រហែលជា ៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ចុងកាល់

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើបតែ​បាន​២​ឆ្នាំ បាន​លង់ទឹក​ស្លាប់ នៅ​ក្នុង​ស្រះទឹក​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​ចម្ងាយ​ប្រហែលជា ៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ចុងកាល់
ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ គ្រឿន មក​រា អាយុ ២​ឆ្នាំ ហើយ​ឪពុក​កុមារ​រង​គ្រោះ​ឈ្មោះ ប៉ាត គ្រឿន អាយុ​៣២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ចំណែកឯ​ម្តាយ​ឈ្មោះ តុល ភាត់ អាយុ​២៦​ឆ្នាំ មុខរបរ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ហេតុការណ៍​ដែល​បាន​រក​ឃើញ​សាកសព​កុមារ​រង​គ្រោះ នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ បើ​តាម​រៀបរាប់​ពី​ស្ត្រី​ជា​ម្ដាយ​បានឱ្យ​ដឹង​ថា នៅមុន​កើតហេតុ​កុមារ​រង​គ្រោះ នឹង​មាន​ក្មេង​ជា​ច្រើន​ផ្សេង​ទៀត បាន​លេង​ទឹក​នៅ​ក្បែរ​ផ្ទះ ខណៈ​មេឃ​កំពុង​តែ​ភ្លៀង ហើយ​ខ្លួន​ជា​ម្ដាយ កំពុង​ជាប់រវល់​ធ្វើ​កិច្ច​ការងារ​ផ្ទះ ចំណែកឯ​ឪពុក ជាប់រវល់​ទៅ​បន្ទាយ​ទាហាន ដោយ​សំអាង​កូន​របស់​ខ្លួន កំពុង​តែ​លេង​ទឹកភ្លៀង​ជាមួយ​ក្មេង​ៗ ក្នុងភូមិ នៅ​ក្បែរ​ផ្ទះ មិន​បាន​ចាប់អារម្មណ៍​។ នៅ​ពេល​រក​កូនប្រុស ដើម្បី​បញ្ចុក​បាយ ក៏​ស្រាប់តែ​បាត់ ហើយ​បាន​សួរ​ទៅ​ក្មេង​ដែល​លេង​ជា​គ្នា ក៏​រក​មិនឃើញ ហើយ​ថែម​ទាំង​បាន​ដើរ​រក​នៅ​តាម​ទឹក​ថ្លុក និង​ទឹក​ពាង​នៅ​ក្បែរ​ផ្ទះ ក៏​រក​មិនឃើញ​ទៀត​។

ពេល​នោះ​សាច់ញាតិ និង​អ្នក​ជិតខាង ក៏​ជួយ​រក​ដែរ ដោយ​មានការ​សង្ស័យ ក៏​ទៅ​រក​នៅ​ស្រះ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែលជា ៥០​ម៉ែត្រ ហើយ​ពេល​ទៅ​ដល់​ក៏​ឃើញ​សព​កុមារ​រង​គ្រោះ​អណ្តែត​ចេញពី​ទឹក ឪពុក​ម្ដាយ និង​អ្នក​ជិតខាង​ឃើញ​សភាព​បែប​នេះ​មាន​ក្ដី​តក់ស្លុត​បំផុត​។ ភ្លាម​ៗ​នោះ​ខ្លួន​ជា​ម្តាយ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​។ ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព ឳ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕