ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ទទួល​ពលករ​ខ្មែរ​ជិត​២០០​នាក់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​លើក​ដំបូង​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ពលករ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន​មួយ​ចំនួន​១៨៥​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​ជា​លើក​ដំបូង តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក

ខេត្តបន្ទាយមានជ័យ ៖ ពលករ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន​មួយ​ចំនួន​១៨៥​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​ជា​លើក​ដំបូង តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ក្រោយ​ភាគី​ថៃ​បិទ​អ្នកដំណើរ​ថ្មើរជើង ហើយ​បើក​ឲ្យ​ដំណើរការ​តែ​រថយន្ត​ធុន​ធំ​របស់​គេ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយសារ​តែ​បញ្ហា​ជំងឺ​រាតត្បាត​នៃ​កូ​វី​ដ​១៩​។

ពលករ​កម្ពុជា​ចំនួន​១៨៥​នាក់​ខាងលើ ក្នុង​នោះ​មាន​ស្រី​៨៨​នាក់ ដោយ​ពួក​គេ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន ទូច​ម៉ា​ណា​ក់​ម៉ែ​ន​ផៅ​វ័​រ​ស៊ុ​ប្លាយ គ្រោង​ទៅ​ធ្វើការ​ផ្នែក​រោងចក្រ​សាច់​មាន់ នៅ​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ។ ហើយ​ការ​បើក​ទទួល​ពលករ​ជា​លើក​ដំបូង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ គេ​ឃើញ​មាន​មន្ត្រី​មក​ពី​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​សមត្ថកិច្ច​ថៃ​បាន​ចូល​មក​ទទួល​ស្វាគមន៍​ពលករ​កម្ពុជា ដល់​ខាង​ទឹកដី​កម្ពុជា​ផង​ដែរ។

លោក ខេ​ង តារា មន្ត្រី​មក​ពី​មន្ទីរ​ការងារ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា ពលករ​ដែល​ចេញពី​កម្ពុជា​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ថ្ងៃនេះ គឺ​មាន​ចំនួន​១៨៥​នាក់ ក្នុង​នោះ​ស្រី​៨៨​នាក់​។ លោក​ថា លក្ខខណ្ឌ​របស់​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​វិធានការ​ក្រសួងសុខាភិបាល​របស់​គេ គឺ​មាន​២​ចំណុច ដោយ​ទី​១- ពលករ​ដែល​មាន​ឯកសារ​ចាក់​វ៉ាក់សាំង​រួចរាល់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ និង​ទី​២- សម្រាប់​ពលករ​មិន​មាន​ឯកសារ​ចាក់​វ៉ាក់សាំង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​លើ​ទឹកដី​ថៃ មុន​ពេល​ចូល​ទៅ​ធ្វើ​ការងារ​។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​នេះ គឺ​ធ្វើ​ឡើង​ផ្អែក​លើ​អនុសា​រណៈ MOU នៃ​ក្រសួង​ការងារ​កម្ពុជា និង​ថៃ ដែល​បាន​ឯកភាព​គ្នា​រួច​ហើយ និង​មានកា​ទទួលខុសត្រូវ​ពី​មន្ទីរ​ការងារ និង​ក្រុមហ៊ុន​នាំ និង​ទទួល​ពលករ​ផង​ដែរ​។

លោក​អភិបាលរង​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា នៅ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ពី​ភាគី​ថៃ​ឲ្យ​ទូលំទូលាយ​សម្រាប់​ពលរដ្ឋ និង​ទេសចរណ៍​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ