ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហិច្ឆតា​ខ្ពស់​ណាស់! កីឡា​វ៉ូ​វី​ណា​ម ប្ដេជ្ញា​ដណ្ដើម​មេដាយមាស៩​គ្រឿង នៅ​ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មិនមែន​គ្រាន់តែ​ប្រកាស​នោះ​ទេ តែ​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​បង្ហាញ​ពី​ការ​

​រាជធានីភ្នំពេញ ៖ មិនមែន​គ្រាន់តែ​ប្រកាស​នោះ​ទេ តែ​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​យ៉ាង​ច្បាស់លាស់ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហព័ន្ធ​នេះ ថា​នឹង​ដណ្ដើម​អោយ​បាន​មេដាយមាស​រហូត​ដល់​៩​គ្រឿង នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។

ក្នុង​ការ​ជំរុញ​ផែនការ​ដណ្ដើម​មេដាយមាស​អោយ​បាន​៩​គ្រឿង​នេះ ឯកឧត្តម​បាន​បន្ត​ថា សហព័ន្ធ​បាន​បង្កើន​នូវ​ការ​ហ្វឹកហាត់​យ៉ាង​យកចិត្ត​ទុក ដោយ​តម្រូវ​អោយ​កីឡាករ​កីឡាការិនី​បង្កើន​សមត្ថភាព​លើ​គ្រប់​វិញ្ញាសារ ដើម្បី​សម្រេច​អោយ​បានការ​ដណ្ដើម​មេដាយមាស​អោយ​បាន​៩​គ្រឿង នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​។ ការ​លើក​ឡើង​របស់​ប្រមុខ​សហព័ន្ធ​ខាងលើ មិន​ត្រឹមតែ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ នៅ​ទីលាន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ពេល​ក​ន្ល​ង​មក​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​បន្ត​ប្រកាស​ជំហរ​ដដែល​នេះ នៅ​ក្នុង​ជំនួប​ផ្សេង​ៗ ជាមួយ​កីឡាករ​ផង​ដែរ​។

រំលឹក​ដល់​ការ​ប្រកាស​ដាក់​ក្បាល​មេក្រូ ក្រោម​អធិបតីភាព​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នា​គ្រានោះ ឯកឧត្តម អ៊ូ រតនា បញ្ជាក់​ថា ក្រៅពី​ការ​ហ្វឹកហាត់ ការ​ប្រកួត​ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​កីឡាករ​-​កីឡាការិនី ដើម្បី​អភិវឌ្ឍន៍ និង​បង្កើន​សមត្ថភាព​កីឡាករ​-​កីឡាការិនី រួម​ទាំង​ចៅក្រម​-​អាជ្ញាកណ្ដាល​ផង​ដែរ​។ តាម​រយៈ​នេះ សហព័ន្ធ​នឹង​ស្វះ​ស្វែងរក​លទ្ធភាព និង​កៀ​គរ​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ដៃគូ​ពាក់ព័ន្ធ ដើម្បី​បង្កើន​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​បាន​ច្រើន ឆ្ពោះទៅ​រក​មេដាយ​លើ​ឆាក​អន្ដរជាតិ ជូន​ប្រទេស​ជាតិ​។

ឯកឧត្តម​បន្ដ​ថា សហព័ន្ធ​កំពុង​ខិតខំ​អភិវឌ្ឍ​ធនធាន​កីឡាករ​-​កីឡាការិនី គ្រប់​ឈុត សម្រាប់​ត្រៀម​ស៊ី​ហ្គេ​ម ទាំង​ជម្រើសជាតិ​ថ្នាល រហូត​ដល់​ក្រុម​ធំ និង​តាម​បណ្ដា​សមាគម​/​ក្លិប គ្រប់​រាជធានី​-​ខេត្ត ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ការ​ប្រកួត​នានា ទាំង​ថ្នាក់​ជាតិ និង​អន្ដរជាតិ ក្រោម​ពាក្យស្លោក «​កម្ពុជា​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ និង​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​យ៉ាងតិច​ប្រចាំជីវិត​»​។

ឯកឧត្តម​ប្រធាន​សហព័ន្ធ បាន​ធ្វើការ​តាំងចិត្ត និង​ប្ដេជ្ញា​ចិត្ត​ថា «​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ទើប​ប្រទេស​កម្ពុជា បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ជា​ប្រវត្តិសាស្ដ្រ​។ ដូច្នេះ មន្ដ្រី គ្រូបង្វឹក កីឡាករ​-​កីឡាការិនី នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​រួម​គ្នា​ប្ដេជ្ញា​នឹង​ស្វែងរក​មេដាយមាស​ជូន​ជាតិ​ឲ្យ​បាន ៩​គ្រឿង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣២ នៅ​កម្ពុជា​»​។

ទន្ទឹម​ជាមួយ​គ្នា ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ រួម​ទាំង​ការ​កៀ​គរ​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​វិស័យ​ឯកជន​នានា​។ ឯកឧត្តម​ថា ការ​តាំងចិត្ត​របស់​សហព័ន្ធ គឺជា​អ្វី​ដែល​បង្ហាញ​ពី​ការ​ត្រៀមខ្លួន ដើម្បី​សម្រេច​អោយ​បាន​នូវ​មហិច្ឆតា ក្នុង​ការ​ដណ្ដើម​មេដាយ ដើម្បី​អោយ​សម​នឹង​ការ​ពុះពារ​របស់​កម្ពុជា​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​។ ឯកឧត្តម​ថា គណៈកម្មាធិការ​ជាតិ CAMSOC ក៏​កំពុង​រង់ចាំ និង​ការ​ឧបត្ថម្ភ​គាំទ្រ​នូវ​គ្រូបង្វឹក​កម្រិត​ខ្ពស់​មក​ពី​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក សម្រាប់​ជួយ​ពង្រឹង​ការងារ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​នា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ផង​ដែរ​។

ឯកឧត្តម​បាន​គូសបញ្ជាក់ នា​គ្រានោះ​ថា «​គ្រូបង្វឹក​ល្អ គឺជា​ថ្នាក់ដឹកនាំ​ដ៏​ល្អ ដែល​នាំ​ផ្លូវ​កីឡាករ​ទៅ​រក​ជ័យ​លា​ភី​។ អ៊ីចឹង​យើង​បាន​សម្រេច​ឆ្ពោះទៅ​រក​កំពូល​គ្រូ​របស់​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក និង​ត្រៀម​មក​ក្នុង​ពេល​ឆាប់​ៗ ហើយ​យើង​ក៏​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​ផង​ដែរ ដែល​ការ​ប្រកួត Pre-Sea Games នេះ គ្រោង​រៀបចំ​នា​ដើមឆ្នាំ​២០២៣ ដើម្បី​បញ្ជាក់​ច្បាស់​ថា តើ​គោលដៅ ៩​មេដាយមាស​បាន ឬ​ក៏​អត់?»​។

បែ​បន​នេះ​ក្ដី ឯកឧត្តម វ៉ា​ត់ ចំរើន នៅ​តែ​កោតសរសើរ និង​ចាត់​ទុក​កីឡា​វ៉ូ​វី​ណា​ម គឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ សម្រាប់​ត្រៀម​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ ក៏​ដូច​ជា​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់​ពី​សហព័ន្ធ​រៀបចំ​បាន​ល្អ ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ពិសេស​ការ​កាត់សេចក្ដី​របស់​អាជ្ញាកណ្ដាល​-​ចៅក្រម​។ ត្រង់​ចំណុច​នេះ ឯកឧត្តម​សង្ឃឹមថា កីឡា​វ៉ូ​វី​ណា​ម នឹង​ក្លាយជា​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​របស់​ប្រទេស​កម្ពុជា នា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។

គួរ​បញ្ជាក់​ផង​ដែរ ទន្ទឹម​នឹង​ការ​បង្ហាញ​នូវ​ការ​តាំងចិត្ត គេ​ឃើញ​លទ្ធផល​ប្រកួត​វ៉ូ​វី​ណា​ម​ថ្នាក់​ជាតិ​មុន​នេះ ជម្រើស​បាន​នូវ​កីឡាករ​កីឡាការិនី​ល្អ​ៗ​ជា​ច្រើន​រូប អោយ​ក្លាយជា​ធនធាន​។ សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ មុន​នេះ គឺ​បាន​ដំណើរ ចាប់ពី​ថ្ងៃ​ទី​២៤-២៦ ខែមករា ឆ្នាំ​២០២២ ដោយ​ក្នុង​ការ​ប្រកួត​នោះ ក៏​បាន​បង្ហាញ​នូវ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ដែល​ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់ រហូត​៨៦​នាក់ មក​ពី ៩​សមាគម​/​ក្លិប និង​ក្រសួង ខណៈ​ដែល​ក្លិប​ក្រសួងការពារជាតិ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​សរុប​រហូត​ដល់​១០​គ្រឿង (​មាស ៦, ប្រាក់ ១ និង​សំរឹទ្ធ​៣) ។

ក្រសួងមហាផ្ទៃ ឈរ​លេខ​២ ដណ្ដើម​បាន​មេដាយ​សរុប ៦​គ្រឿង (​មាស ៣ ប្រាក់ ១ និង​សំរឹទ្ធ ២) និង​ខេត្តសៀមរាប ឈរ​លេខ​៣ ដណ្ដើម​បាន​មេដាយ​សរុប ៧​គ្រឿង (​មាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ២)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ