រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាប្រាប់អាល្លឺម៉ង់ថា កម្ពុជាមានបំណងតែមួយគត់ គឺជួយភូមាឱ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ។
ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ប្រាប់លោកស្រី Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ថា កម្ពុជាមានគោលបំណងតែមួយគត់ គឺជួយប្រទេសមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិ.ង្សា និងសម្រេចបាននូវសន្តិភាព ការបង្រួបបង្រួមជាតិយូរអង្វែង ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ មករា បានឲ្យដឹងថា កាលពីថ្ងៃទី២៦ មករា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួល លោកស្រី Petra Sigmund ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។
ក្នុងជំនួបនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប ហើយកម្ពុជាមានមោទនភាពដែលប្រទេសខ្លួនជាគោលដៅមួយក្នុងចំណោមគោលដៅដែលទេសចរអាល្លឺម៉ង់ពេញចិត្តបំផុត ។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីអគ្គនាយកមានទស្សនៈដូចគ្នាថា ប្រទេសទាំងពីរនៅមានឱកាសប្រកបដោយសក្ដានុពលសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដង ដើម្បីបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ។
ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងវិបត្តិដែលកំពុងបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រី Petra Sigmund អំពីអាទិភាពនានារបស់កម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ និងអំពីការប្រឈមសំខាន់ៗដែលអាស៊ានកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងបានជម្រាបជូនដោយសង្ខេបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ។
លទ្ធផលសំខាន់ៗដែលសម្រេចបានត្រូវបានស្តែងចេញតាមរយៈការ ប្តេជ្ញាចិត្តពីភាគីយោធាក្នុងការពន្យារបទឈប់បា.ញ់រហូតដល់ដំណាច់ឆ្នាំ២០២២ ជាមួយក្តីសង្ឈឹម ដើម្បីបញ្ចប់សកម្មភាពហិ.ង្សា គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់អាស៊ាន (5PC) សម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ ប្រកបដោយបរិយាប័ន្ន និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិចារណាឡើងវិញ លើរឿងក្តី របស់សាស្ត្រាចារ្យជនជាតិអូស្ត្រាលី ឈ្មោះ សៀន ធឺរណែល (Sean Turnell) នៅពេលដែលដំណើរការតុលាការបានបញ្ចប់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាសង្កត់ធ្ងន់ថា ៖ «ប្រទេសកម្ពុជាមានគោលបំណងតែមួយគត់ គឺដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ឱ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបញ្ចប់អំពើហិ.ង្សា និងសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បី សម្រេចគោលបំណងនេះបានត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយខ្វះមិនបាននៅក្នុងដំណើរការនៃកិច្ចចរចា» ។
រដ្ឋមន្ត្រីការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺដើម្បីទម្លាយភាពជាប់គាំង សម្រាប់វឌ្ឍនភាពមួយជំហានម្តងៗ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន (5PC)។ ប៉ុន្តែទោះបីជាណាក៏ដោយ ដំណើរការសន្តិភាពណាមួយត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ា ។
ចំណែកលោកស្រី Petra Sigmund បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធានអាស៊ាន និងការតែងតាំងលោក ប្រាក់ សុខុន ជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ។
លោកស្រី បានអះអាងជាថ្មីអំពីការគាំទ្ររបស់អាល្លឺម៉ង់ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចរបស់អាស៊ាន (5PC) និងអំពីការត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការជាមួយកម្ពុជា ។ លោកស្រី Petra Sigmund ក៏បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរថា «រដ្ឋមន្ត្រីការបរទេសរបស់យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការជួបពិភាក្សាការងារជាមួយឯកឧត្តមផ្ទាល់» ។
លោកស្រីបានគូសបញ្ជាក់អំពីគោលបំណងរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ក្នុងការអញ្ជើញលោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធអាល្លឺម៉ង់ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អឺរ៉ុប នាខែក្រោយនេះផងដែរ ៕
ចែករំលែកព័តមាននេះ