ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​តី​សិស្ស​ឆ្នាំ​១៩៩៣​ដល់​១៩៩៥ ប្រារព្ធ​ពិធី​រំលឹក​គុណគ្រូ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ អតីត​សិស្ស​ដែល​ធ្លាប់​បាន​សិក្សា​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម​ឆ្នាំ​សិក្សា​១៩៩៣-៩៤ និង​១៩៩៤-៩៥ បាន​រៃ​អង្គាស​ប្រមូល​ថវិកា​មក​ពី

ខេត្តកំពង់ចាម ៖ អតីត​សិស្ស​ដែល​ធ្លាប់​បាន​សិក្សា​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ  ក្រុង​កំពង់ចាម​ឆ្នាំ​សិក្សា​១៩៩៣-៩៤ និង​១៩៩៤-៩៥ បាន​រៃ​អង្គាស​ប្រមូល​ថវិកា​មក​ពី​គ្រប​ទិស​ទី​រួម​ទាំង​អ្នក​រស់​សហរដ្ឋអាមេរិក​ផង​បាន​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ​មក​រៀបចំ​ពិធី​រំលឹក​គុណគ្រូ​។ ហើយ​សម្រាប់​ថវិកា​ដែល​នៅ​សល់​បាន​ជួល​ជាង​ឲ្យ​ធ្វើ​តុ​២០​និង​កៅអី​ឈើ​២០ មក​ជូន​លោកនាយក​វិទ្យាល័យ នា​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៦ ដែល​កំពុង​តែ​ជួបនឹង​កង្វះខាត​សម្រាប់​គ្រូ​ៗ​អង្គុយ​បង្រៀន​សិស្ស​។

លោក ឃុន សំឡូត  តំណាង​ឲ្យ​អ​តី​សិស្ស​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ ជំនាន់​ខាងលើ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​រូប​លោក និង​អ្នក​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នាក់ ពិត​មាន​ក្តី​រំភើប​សប្បាយ​រីករាយ ដោយ​បាន​ចូលរួម​យក​តុ និង​កៅអី​មក​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ សម្រាប់​អង្គុយ​បង្រៀន​សិស្ស ហើយ​ថវិកា​ដែល​បាន​មកនេះ​គឺ​មានការ​ចូលរួម​បរិ​ច្ចាក​ដោយ​ស្ម័គ្រចិត្ត ពី​មិត្តភក្តិ​រួម​ទាំង​២​ជំនាន់ មាន​អ្នកខ្លះ​នៅ​ក្នុងស្រុក និង​ខ្លះ​ទៀត​នៅ​ឯនាយ​សមុទ្រ​ឯណោះ​។

លោក ឃុន សំឡូត តំណាង​អតីត​សិស្ស​បាន​រំលឹក​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៦  មិត្តភក្ដិ​ជាង​១០០​នាក់​បាន​នាំ​គ្នា​រៀបចំ​ពិធី​រំលឹក​គុណគ្រូ ដោយ​បាន​អ​ញ្ចើ​ញ​លោកគ្រូ​អ្នកគ្រូ​ដែល​ចូល​និវត្តន៍​ចំនួន​៣០​នាក់ អញ្ជើញ​ចូលរួម​កម្មវិធី និង​ចែក​អំណោយ​ដល់​ពួក​គាត់ ដែល​បាន​ជួយ​បង្ហាត់បង្រៀន​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​ឆ្នាំ​សិក្សា​១៩៩៣-៩៤​និង​១៩៩៤-៩៥​។ ការ​ដែល​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ ហើយ​ក៏​មាន​អ្នកខ្លះ​បាន​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ដូច​ជា​រូប​លោក​ជាដើម ដូច្នេះ​អ្វី​ៗ​ដែល​មានបាន​សព្វថ្ងៃ​គឺ​ដោយសារ​តែ​លោកគ្រូ​អ្នកគ្រូ​។ ថវិកា​ដែល​នៅ​សល់​បាន​មក​ធ្វើ​តុ និង​កៅអី ជូន​ដល់​លោកនាយក​វិទ្យាល័យ​សម្រាប់​បំពេញ​កង្វះខាត​នៅ​តាម​បន្ទប់​សិក្សា ហើយ​រូប​លោក​នឹង​ប្តេជ្ញា​ចិត្ត​បន្ត​ជួយ​បន្ថែម​ទៀត​។

សិស្ស​ស្រី ​ទេព រស្មី រៀន​ថ្នាក់​ទី​១២K នៅ​វិទ្យាល័យ​ព្រះ​សី​ហុ​ន ឆ្នាំ​សិក្សា​២០១៥-២០១៦ ដែល​ជា​សិស្ស​ពូកែ​លេខ​១​ផ្នែក​រូបវិទ្យា​ទូ​ទាំង​ខេត្តកំពង់ចាម បាន​សម្ដែង​នូវ​សេចក្តី​ត្រេកអរ​សប្បាយ​ក្នុង​ចិត្ត​ដោយ​បានឃើញ​បង​ៗ ដែល​បាន​បញ្ចប់​ការ​សិក្សា​ជាង​២០​ឆ្នាំ​មក​ហើយ នូវ​តែ​មិន​បាន​បំភ្លេច​ទីកន្លែង​ដែល​ធ្លាប់​បាន​សិក្សា​នៅ​វិទ្យាល័យ​នេះ បាន​យក​តុ និង​កៅ​ឈើ មក​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ ហើយ​នាង​ក៏​និង​ខិតខំ​យក​គំរូ​ល្អ​ៗ​តាម​រៀមច្បង ដើម្បី​កសាង​ខ្លួន​ទៅ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ជាតិ​។ លោកគ្រូ អ៊ុំ លឹ​ម​ផ​ល្លី  បង្រៀន​គណិត​វិទ្យា​ថ្នាក់​ទី​១២ វិទ្យាល័យ​ព្រះ​សីហ​នុ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា រូប​លោក​ពិត​មាន​អារ​ម្ម​ណ៏​សប្បាយ​រីករាយ​នៅ​ពេល​ដែល​បានឃើញ​អតីត​សិស្ស​ដែល​ធ្លាប់​បាន​បង្រៀន​ដោយ​បាន​នាំ​គ្នា​រៀបចំ​ពិធី​រំលឹក​គុណគ្រូ​កន្លង​មក និង​ថែម​ទាំង​បាន​បរិ​ច្ចាក​ថវិកា​ធ្វើ​តុ និង​កៅអី​ជូន​សម្រាប់​ឲ្យ​លោកគ្រូ អ្នកគ្រូ​បាន​អង្គុយ​សមរម្យ ពិតជា​គួរ​ឲ្យ​កោត​ស​សើរ​មែន​។

លោកគ្រូ ខៀវ ប៊ុ​ន​ថុ​ល បង្រៀន​គណិត​វិទ្យា​ថ្នាក់​ទី​១២  មាន​ប្រសាសន៍​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ឲ្យ​ដឹង​ថា រូប​លោក​មានការ​រំភើប​ក្នុង​ចិត្ត​ឥត​ឧបមា ដោយ​បានឃើញ​អតីត​សិស្ស ដែល​ធ្លាប់​បាន​បង្រៀន​តាំងពី​ជាង​២០​ឆ្នាំ​មក​ហើយ បាន​បរិ​ច្ចាក​ថវិកា​ធ្វើ​តុ និង​កៅអី​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​នា​ឳ​កាស​នេះ ហើយ​សូម​ឲ្យ​ប្អូន​ៗ​យកតម្រាប់​តាម​ពួក​គាត់ ដែល​មានការ​ងារ​ធ្វើ មានមុខមាត់ នៅ​ក្នុង​សង្គម​ប្រកបដោយ​ទឹកចិត្ត​ល្អ​ប្រពៃ​ដែល​ចេះ​ដឹងគុណ​គ្រូ​។

លោក ថាវ សុខ​ផល នាយក​វិទ្យាល័យ​ព្រះ​សីហ​នុ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ក្នុង​នាម​គណៈ​គ្រប់គ្រង​វិទ្យាល័យ​ព្រះ​សីហ​នុ​ពិតជា​មាន​មោទនភាព ដោយ​បានឃើញ​អតីត​សិស្ស​ដែល​ធ្លាប់​បាន​សិក្សា​ក្នុង​អំឡុង​ឆ្នាំ​សិក្សា​១៩៩៣-៩៤​និង​១៩៩៤-៩៥  រៀបចំ​ពិធី​រំលឹក​គុណគ្រូ ដោយ​បាន​ចំណាយ​អស់​ថវិកា​ជា​ច្រើន ហើយ​ថវិកា​ដែល​នៅ​សល់ គឺ​បាន​ចំណាយ​ជួល​ជាង​ឲ្យ​ធ្វើ​តុ​២០​និង​កៅអី​២០ មក​ជូន​ដល់​រូប​លោក​បន្ថែម​ទៀត សម្រាប់​បែងចែក​នៅ​តាម​បន្ទប់​សិក្សា​ដល់​លោកគ្រូ អ្នកគ្រូ សម្រាប់​អង្គុយ​បង្រៀន​។

ប្អូន​ៗ​ដែល​បាន​បញ្ចប់​ការ​សិក្សា បាន​ចេញ​ទៅ​ប្រកប​មុខរបរ​ផ្សេង​ៗ​ក្នុង​សង្គម​ទាំង​ក្រប​ខណ្ឌ​រដ្ឋ និង​ឯកជន មានការ​រីក​ចម្រើន​លូតលាស់​គួរ​ឲ្យ​កោត​ស​សើរ​។ ជាមួយ​នោះ​សូម​ឲ្យ​សិស្ស ដែល​សិក្សា​នៅ​ជំនាន់​ក្រោយ​ៗ​រៀបចំ​កម្មវិធី​ណាមួយ​សម្រាប់​ទុកជា   អនុស្សាវរីយ៍​នៅ​ក្នុង​វិទ្យាល័យ​ព្រះ​សីហ​នុ ៕