ខេត្តកណ្ដាល ៖ បុរសម្នាក់ព្រោះតែចង់បានប្រពន្ធខ្លាំងពេក បានតឿនម្ដាយឱ្យរកប្រពន្ធឲ្យជាញឹកញាប់ តែម្តាយប្រាប់ថាឲ្យប្រឹងធ្វើការសិនទៅ ចាំម្តាយរកឲ្យ តែម្ដាយមិនទាន់បានរកឲ្យផងស្រាប់តែបុរសរូបនោះគិតខ្លីបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនស្លាប់បាត់ ។ សពត្រូវបានគេប្រទះឃើញកាលពីម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចលើដើមស្វាយក្រោយផ្ទះ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ងិន ពិសេស ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ម្ដាយជនរងគ្រោះបានប្រាប់នគរបាលថា កូនរបស់គាត់តែងតែតឿនគាត់ឱ្យរកប្រពន្ធឱ្យជាញឹកញាប់ តែគាត់ប្រាប់ថា កូនឯងខំធ្វើការសិនទៅ កុំដើរផឹកស៊ីឥតប្រយោជន៍ ចាំគាត់រកប្រពន្ធឱ្យ តែកូនគាត់មិនស្ដាប់ទេ នៅតែតឿនរហូត មានពេលខ្លះឈ្លោះជាមួយឪពុកម្ដាយទៀតផង ព្រោះតែរឿងមិនរកប្រពន្ធឱ្យ ។
នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង៥ព្រឹក ម្តាយជនរងគ្រោះបានស្តាប់លឺម៉ាញ៉េកូនរបស់គាត់ចាក់លឺពេញផ្ទះមិនដឹងចាក់តាំងពីពេលណា ហើយគាត់បានភ្ញាក់ពីដំណេកឡើងដាំបបរ ហើយក៏ដើរទៅដកឌុយម៉ាញ៉េចេញ ដោយមិនបានចាប់អារម្មណ៍ថាកូននៅក្នុងមុងឬអត់ទេ លុះដល់ម៉ោង៧ និង៤០នាទីព្រឹកថ្ងៃដដែល ឈ្មោះ ថាច់ វីឡា ត្រូវជាប្អូនជនរងគ្រោះបានទៅបេះផ្លែក្រូចឆ្មារនៅខាងក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ក៏បានឃើញឈ្មោះបងប្រុសចងកនឹងដើមស្វាយកំពស់៣ម៉ែត្រក៏បានរត់មកផ្ទះប្រាប់ឪពុកម្តាយឲ្យទៅជួយមើល ហើយឪពុកជនរងគ្រោះបានមករាយការណ៍ដល់ប៉ុស្តិ៍នគរបាលខ្ពប ។
ក្រោយពីកម្លាំងជំនាញបច្ចេកទេសស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានពិនិត្យសាកសពរួចឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ