ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុ​ន​ឌឿ​ន​ ទទួលស្គាល់​ថា​ឡុ​ង ជិន​ពិតជា​ខ្លាំង​មែន ខណៈ​ធន់ អៀង​ឡេ​ង ​ឈ្នះ​ណ​ង សាវ​ ៤-១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កីឡាករ​ជើង​ខ្លាំង ​វៀត ប៊ុ​ន​ឌឿ​ន​ មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ សារភាព​ថា​ ឡុ​ង ជិន​ ពិតជា​ខ្លាំង​មែន ក្រោយ​ពី​

រាជធានី​ភ្នំពេញ ​៖ ​កីឡាករ​ជើង​ខ្លាំង ​វៀត ប៊ុ​ន​ឌឿ​ន​ មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ សារភាព​ថា​ ឡុ​ង ជិន​ ពិតជា​ខ្លាំង​មែន ក្រោយ​ពី​បាន​តស៊ូ​ប្រកួត​ជាមួយ​គ្នា​អស់​៥​ទឹក​ពេញ ទីបំផុត​ត្រូវ​បាន​ចៅក្រម​ផ្ដល់​ពិន្ទុ​ឱ្យ​ចាញ់​ដាច់​តែ​ម្ដង នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២២ ​មក​រា​ ​ឆ្នាំ​២០២២។

រវាង​គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​វៀត ប៊ុ​ន​ឌឿ​ន ​ចាញ់​ច្រើន​ជាង​ឈ្នះ​ ។ ​ចំណែក​ការ​ប៉ះ​គ្នា​លើក​នេះ​ វៀត ប៊ុ​ន​ឌឿ​ន ​ព្យាយាម​វាយ​សម្រុក​តាំងពី​ដើម​ទឹក​ទី​១​ម្លេះ ដោយសា​តែ​គេ​មាន​បំណង​ដើម្បី​វាយ​ផ្ដួល​ឡុ​ង ជិន​ ឱ្យ​បាន​ឆាប់​បំផុត ប៉ុន្តែ​មិន​អាច​ទៅ​រួច​ឡើយ​ ។ ​ផ្ទុយ​ទៅ​វិញ​ បែ​រ​ជា​ត្រូវ​ឡុ​ង ជិន​ ចាប់​គ្រៀក​បុក​ជង្គង់​ចូល​ពោះ​ទឹក​ពេញ​ៗ ធ្វើ​ឱ្យ​ប៊ុ​ន​ឌឿ​ន ​លែង​ហ៊ាន​ចូល​ផ្ដេសផ្ដាស​។​

ទោះជា​បែប​នេះ​ក៏​ដោយ វៀត ប៊ុ​ន​ឌឿ​ន ​នៅ​តែ​ព្យាយាម​សម្រុកចូល​វាយ​មិន​បន្ធូ​ដៃ​ឡើយ ចាប់ពី​ទឹក​ទី​២​រហូត​ទៅ ប៉ុន្តែ​មិន​ខុស​ពី​ទឹក​ទី​១​ប៉ុន្មាន​ឡើយ ដោយ​ត្រូវ​បាន​ឡុ​ង ជិន ​ដាក់​សម្ពាធ​ជាប់​រហូត តាម​ចាប់​គ្រៀក​បោក​ផ្ទប់​ខ្សែ​រេញ រើខ្លួន​ស្ទើ​តែ​មិន​រួច​ម្ដង​ៗ​ទៅ​ហើយ ​។ ​ប៉ុន្តែ​ទោះបីជា​ឡុ​ង ជិន​ មាន​ប្រៀប​ជាង​យ៉ាងណា​ក៏​ដោយ​ ក៏​គេ​មិន​អាច​វាយ​ផ្ដួល វៀត ប៊ុ​ន​ឌឿ​ន​ ឱ្យ​សន្លប់​ បាន​ត្រឹមតែ​វាយបក​សង​ទៅ​សង​មករ​ហូត​ដល់​ចប់​ទឹក​ទី​៥ ចប់​ការ​ប្រកួត​ត្រូវ​បាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ឱ្យ​ឡុ​ង ជិន ​ឈ្នះ​ដាច់​ទាំង​៥​ទឹក និង​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​។

កីឡាករ​ធន់ អៀង​ឡេ​ង​ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរៈភូមិន្ទ​ដែល​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ បន្ទាប់​ពី​គេ​បាន​យកឈ្នះ​លើ​កីឡាករ​ណ​ង សាវ​ មក​ពី​ក្លិប​នរាយ​តេជៈ​ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល​៤-១ ​។ ​ការ​ប្រកួត​រវាង​គូ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​កីឡាករ​ណ​ង សាវ​ ដែល​បាន​តាំងចិត្ត​នៅ​មុន​ពេល​ប្រកួត​ថា ត្រូវ​តែ​ដណ្ដើម​យក​ប្រាក់​លាន​ឱ្យ​ទាល់តែ​បាន​ ។​ ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​១​និង​ទី​២​ណ​ង សាវ ​បង្កើន​ការ​វាយ​សម្រុក​ទៅ​លើ ធន់ អៀង​ឡេ​ង ​យ៉ាង​សន្ធាប់ ដោយ​បាន​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​បុក​សំដៅ​ពោះ​ទឹក​ និង​គល់​​ថ្គាម​ ប៉ុន្តែ​ត្រូវ​បាន​ធន់ អៀង​ឡេ​ង​ បា​រ៉ា​ស់​ជាប់​រហូត ហើយ​បាន​ទាត់​បក​សង​វិញ​ភ្លាម​ៗ​ ។

​ជា​ពិសេស​ស្នៀត​កណ្ដាប់ដៃ​របស់​គេ​ក៏​បាន​ម៉ាត់​សំដៅ​ផ្ទៃមុខ​ធ្វើ​ឱ្យ​ណ​ង សាវ​ គេច​ចេញ​ស្ទើ​តែ​មិន​ទាន់​ ។ ​ចូល​ដល់​ទឹក​ទី​៣​និង​ទី​៤​ ណ​ង សាវ​ ហាក់បីដូចជា​ស្រុត​កម្លាំង​បន្តិច គេ​មិនសូវ​ហ៊ាន​ចូល​វាយ​ដូច​កាលពី​ទឹក​ទី​២​ទៀត​នោះ​ទេ គឺ​បាន​ត្រឹមតែ​វាយ​ទប់​ដើម្បី​ការពារ​ខ្លួន​ច្រើន​ជាង​ ។ ​ចូល​ដល់​ទឹក​ទី​៥​ណ​ង សាវ​ ត្រូវ ធន់ អៀង​ឡេ​ង ​ចាប់​គ្រៀក​បុក​ជង្គង់​ចូល​ពោះ​ទឹក​ពេញ​ៗ ហើយ​ថែម​ទាំង​បង្ខំ​ឱ្យ​ណ​ង សាវ​ ដកថយ​អែប​ខ្សែ​រេញ​ជា​ញឹកញាប់​ទៀត​ផង​ ។

​ទីបំផុត​ចប់​ការ​ប្រកួត​ណ​ង សាវ​ ត្រូវ​បាន​គណៈកម្មការ​ប្រកួត​ប្រកាស​ឱ្យ​ចាញ់​ពិន្ទុ​ធន់ អៀង​ឡេ​ង​ ទាំង​មិន​អស់ចិត្ត ហើយ​គេ​ក៏​មានការ​សោកស្ដាយ​ដែន​នៅ​ពេល​ដែល​បាត់បង់​ឱកាស​ក្នុង​ការ​ដណ្ដើម​យក​ប្រាក់​លាន​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ