ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដក្រុង​របស់​រដ្ឋ​គ្រោង​ពង្រីក​សេវា​ដឹក​អ្នកដំណើរ​ទៅ​គ្រប់​បណ្ដា​ខេត្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​មានការ​ខាតបង់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ សម្រាប់​ចំណាយ​ទៅ​លើ​សេវា​ខ្សែ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​រា​ថយ​ឡើយ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​មានការ​ខាតបង់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ សម្រាប់​ចំណាយ​ទៅ​លើ​សេវា​ខ្សែ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​រា​ថយ​ឡើយ សំខាន់​ផល​ចំណេញ​បាន​ទៅ​លើ​ប្រជាពលរដ្ឋ និង​ជា​ទិស​ដៅ​ថ្ងៃ​អនាគត រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​នៅ​តែ​បន្ត​ជំរុញ​ការ​ពង្រីក​ខ្សែ​រត់​បន្ថែម​ឲ្យ​បាន​ច្រើន​នៅ​ឆ្នាំ​២០១៨ និង​បន្ថែម​ឲ្យ​បាន​ស្ទើរតែ​ពាសពេញ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២០​ខាង​មុខ ហើយ​គ្រោង​នឹង​ពង្រីក​ទៅ​គ្រប់​បណ្ដា​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក អ៊ា​ន សុ​ឃី​ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មក មាន​ពលរដ្ឋ​ប្រមាណ​ចន្លោះ​ពី​៦,៥​ពាន់​នាក់​ទៅ​៧​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ជិះ​រថយន្ត​នេះ ហើយ​អ្នក​ដែល​ជិះ​មិន​បង់ថ្លៃ មាន​ដូច​ជា កូនសិស្ស ជន​ចាស់ជរា និង​ជន​ពិការ​ប្រមាណ​៤០% ជា​រៀងរាល់ថ្ងៃ ។ បើ​គិត​ពី​ចំណូល និង​ការ​ចំណាយ​វិញ រដ្ឋបាល​រាជធានី​មានការ​ខាតបង់​ជា​រៀង​រាល់​ខ ទៅ​លើ​ប្រាក់ខែ​បុគ្គលិក ការ​ចំណាយ​ហ្គា​ស និង​ការងារ​ជួសជុល ដែល​ច្រើន​ជាង​ចំណូល​តែ​ម្តង ហេតុនេះ​រដ្ឋ​ត្រូវ​បំពេញបន្ថែម ។

« ទោះបី​រដ្ឋ​មានការ​ខាតបង់​ជា​រៀង​រាល់​ខែ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ​ខិតខំ​ពង្រីក​បន្ថែម​ខ្សែ​រត់​ឲ្យ​បាន​ច្រើន​ទៀត ក្នុង​នោះ​តាម​រយៈ​ជំនួយ​របស់​អង្គការ​ចៃ​កា ប្រទេស​ជប៉ុន ដែល​គ្រោង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​រថយន្តក្រុង​ចំនួន​១៨០​គ្រឿង​បន្ថែម​ទៀត គឺ​នៅ​ឆ្នាំ​២០១៨ គ្រោង​ផ្តល់​ចំនួន​៩០​គ្រឿង​, ឆ្នាំ​២០២០​ចំនួន​៥០​គ្រឿង និង​សល់​៤០​គ្រឿង​កំពុង​ពិចារណា​»​។ នេះ​បើ​តាម​ការ​អះអាង​របស់​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​រូប​នេះ ។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ចំនួន​អ្នក​ជិះ​ពុំ​មានការ​កើនឡើង ដោយសារ​មាន​ខ្សែ​រត់​តែ​៣​ខ្សែ មិន​បាន​ទៅ​ដល់​គោលដៅ​ដែល​ពលរដ្ឋ​ចង់បាន ហេតុនេះ​ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ត្រៀម​ពង្រីក​ឲ្យ​បាន​ច្រើន​ខ្សែ ឬ​ទូ​ទាំង​រាជធានី​ភ្នំពេញ​តែ​ម្តង ទើប​មាន​អ្នក​ជិះ​ច្រើន​។ លោក​និយាយ​ថា ៖ « បច្ចុប្បន្ន រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង មាន​រថយន្ត​បម្រើ​សាធារណៈ​ចំនួន​៥៧​គ្រឿង​សម្រាប់​ខ្សែ​រត់​ចំនួន​៣ ក្នុង​នោះ​រថយន្ត​៣៤​គ្រឿង​បាន​ដំណើរការ​រាល់ថ្ងៃ និង​១៤​គ្រឿង​ទៀត​សម្រាប់​ត្រៀម​បម្រុង » ។

កាលពី​ពេល​កន្លង​មក លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​ពង្រីក​សេវាកម្ម​ខ្សែ​រថយន្ត​ដឹក​ជញ្ជូន​សាធារណៈ​របស់​ក្រុង ឲ្យ​ទៅ​ដល់​គ្រប់​បណ្តា​ខេត្ត​-​ក្រុង​នៅ​ទូ​ទាំង​ប្រទេស ទោះបី​ពេល​នេះ សេវា​ខ្សែ​រថយន្តក្រុង​សាធារណៈ​នៅ​ភ្នំពេញ​មានការ​ខាត​ជា​រៀង​រាល់​ខែ​ក្តី គឺ​នៅ​តែ​មាន​ជំហរ​មិន​រា​ថយ​ឡើយ ។ ការ​ពង្រីក​សេវា​បែប​នេះ ដើម្បី​យក​សេវា​ពី​ខេត្ត​ទៅ​ចិញ្ចឹម​សេវា​ដឹក​ជញ្ជូន​នៅ​ក្នុង​ក្រុង​ផង​ដែរ ហើយ​អាជ្ញាធរ​ភ្នំពេញ​នៅ​តែ​អនុគ្រោះ​មិន​តម្រូវ​ឲ្យ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ចំនួន​៤​ប្រភេទ គឺ​សិស្ស ព្រះសង្ឃ ជន​ចាស់ជរា និង​ជន​ពិការ ដដែល ។

សូម​បញ្ជាក់​ថា ខ្សែ​រថយន្តក្រុង​សម្រាប់​ដឹក​អ្នកដំណើរ​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ ទាំង​៣​ខ្សែ​រួម​មាន ៖

១-​ខ្សែ​ទី​១ ចាប់ផ្តើម​ពី​ម៉ោង​៥​និង​៣០​នាទី ដល់​ម៉ោង​៨​និង​៣០​នាទី ដោយ​ចេញដំណើរ​ពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ឫស្សី​កែវ តាម​ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​ស្តា​ត​ចាស់ មហាវិថី​ព្រះ​មុនី​វង្ស ស្ពាន​ព្រះ​មុនី​វង្ស ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ រហូត​ដល់​ចំណត​បឹង​ឈូក រួច​ត្រឡប់​មក​វិញ ហើយ​ខ្សែ​ទី​១​នេះ មាន​ចំណត​៦៧​កន្លែង ។

២-​ខ្សែ​ទី​២ ចាប់ផ្តើម​ពី​ម៉ោង​៥​និង​៣០​នាទី ដល់​ម៉ោង​៨​និង​៣០​នាទី ដោយ​ចេញដំណើរ​ពី​ចំណត​ផ្សារ​រាត្រី វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ស្ពាន​ជ្រោយចង្វា រង្វង់​មូល​ស្តា​ត​ចាស់ ផ្លូវ​លេខ​៧០ ផ្លូវ​លេខ​២៧៣ អង់​តែ​ន​ទួល​គោក មហាវិថី​គី​ម​អ៊ី​ល​ស៊ុ​ង មហាវិថី​ម៉ៅ​សេ​ទុង ភ្លើងស្តុប​បូកគោ មហាវិថី​ព្រះ​មុនី​វង្ស ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២ រហូត​ដល់​រង្វង់​មូល​តា​ខ្មៅ រួច​ត្រឡប់​មក​វិញ ខ្សែ​នេះ​មាន​ចំណត​ចំនួន​៦៨​កន្លែង  ។

៣-​ខ្សែ​ទី​៣ ចាប់ផ្តើម​ពី​ម៉ោង​៥​និង​៣០​នាទី ដល់​ម៉ោង​៨​និង​៣០​នាទី ដោយ​ចេញដំណើរ ពី​ចំណត​ផ្សារ​រាត្រី ផ្លូវ​លេខ​១០៦ តិ​វិ​ថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី មហាវិថី​កម្ពុជា​ក្រោម ក្រោម​ស្ពាន​អាកាស​៧​មក​រា មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ចោម​ចៅ រួច​ត្រឡប់​មក​វិញ ដែល​ខ្សែ​ទី​៣​នេះ មាន​ចំណត​ចំនួន​៤៩​កន្លែង ៕