រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះថា ៖ រីករាយឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ។ ឆ្នាំ២០២៥កន្លងមកនេះ ជាឆ្នាំមួយដែលធ្វើឲ្យយើងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង ។ ជាឆ្នាំដែលជាលើកដំបូងជាងរយៈពេល៤០ឆ្នាំ ដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា សូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យបានខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយជាតិយើងតាមចំណេះរៀងៗខ្លួន ដើម្បីឲ្យជាតិយើង ប្រទេសយើងបានខ្លាំង ព្រោះយើងមិនចង់ឲ្យកូនចៅយើងជួបហេតុការណ៍ដូចយើងក្នុងឆ្នាំ២០២៥នេះទៀតទេ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមថា សូមថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិ និងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំការពារទឹកដីកម្ពុជាយើងពីការឈ្លានពានដោយអង់អាចក្លាហាន បើគ្មានពួកគាត់ក៏យើងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ ។
សូមឲ្យឆ្នាំ២០២៦ ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាព មានសុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា៕

ចែករំលែកព័តមាននេះ