ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាប្រកាសមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​កម្ពុជា​-​ថៃ ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បន្ទាប់​មានការ​ចែកចាយ​រូបភាព​លើ​បណ្តាញ​សង្គម​ថា កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​ធ្វើការ​រាយ​លួស​បន្លា ដាក់​ទូ​កុងតឺន័រ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​កម្ពុជា​-​ថៃ ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បន្ទាប់​មានការ​ចែកចាយ​រូបភាព​លើ​បណ្តាញ​សង្គម​ថា កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​ធ្វើការ​រាយ​លួស​បន្លា ដាក់​ទូ​កុងតឺន័រ យក​ដី​កម្ពុជា​នៅ​តំបន់​មួយ​ចំនួន នៅ​តាម​ព្រំដែន​ដែល​កំពុង​មាន​ជម្លោះ ។

លោក ប៉ែន បូ​ណា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ ២០២៦ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា សូម​បញ្ជាក់​ឡើង​វិញ​ជូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ជ្រាប​អំពី​ស្ថានការណ៍​ដែល​បាន និង​កំពុង​វិវឌ្ឍន៍ និង​ការងារ​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា និង​ត្រូវ​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ដែល​កំពុង​ប្រឈម ។

សូម​រម្លឹក​ជូន​អំពី​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​កម្ពុជា និង​ថៃ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ត្រង់​ចំណុច​ទី​៣​ដែល​ចែង​ថា ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា រាល់​ការ​ព្រមព្រៀង​ក្រោម​សេចក្តី​ប្រកាស​រួម​នេះ​មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ខ័​ណ្ឌ​សីមា​ព្រំដែន និង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ។

ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចំរុះ​ព្រំដែន​បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខ័​ណ្ឌ​សីមា​ព្រំដែន​ឱ្យ​បាន​ឆាប់រហ័ស​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន ។

ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា នឹង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​នៃ​គណៈកម្មការ​ចំរុះ​ព្រំដែន​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​របស់​ក្រុមការងារ​វាស់វែង​ចំរុះ​នៅ​លើ​ទីតាំង​ជាក់ស្តែង​ដោយ​រាប់​បញ្ចូល​ទាំង​សុវត្ថិភាព​ពី​ការ​ជាន់​មីន ។ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា គណៈកម្មការ​ចំរុះ​ព្រំដែន​នឹង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ​ការងារ​វាស់វែង និង​ខ័​ណ្ឌ​សីមា​ព្រំដែន នៅ​តំបន់​រង​ផល​ប៉ះពាល់​ដែល​មាន​ជន​ស៊ី​វិល​រស់នៅ ។ នេះ គឺជា​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖« ខ្ញុំ​សូម​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា គឺ​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​» ។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​សង្កត់ធ្ងន់​ថា​៖«​កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ។ ហើយ​សកម្មភាព​ណា​ដែល​ប្រព្រឹត្ត​ខុស​ពី​ការ​ឯកភាព​គ្នា​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ និង​កិច្ចព្រមព្រៀង​ដែល​មាន​កន្លង​មក គឺជា​សកម្មភាព​ខុសច្បាប់ និង​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​បទ​ឈប់​បាញ់​» ។

ឯកឧត្តម​បន្ថែម​ថា ៖ ចង់​បញ្ជាក់​ជូន​ជនរួមជាតិ​យើង​ថា អ្វី​ដែល​យើង​បានឃើញ​នៅ​កន្លែង​មួយ​ចំនួន​តាម​បណ្តោយ​ព្រំដែន មិនមែន​ជា​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ទេ ។ សូម​រង់ចាំ​ក្រុមការងារ​ជំនាញ ប្រទេស​ទាំង​ពីរ​ចុះ​វាស់វែង​សិន​នោះ​ទើប​ជា​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ​រវាង​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ