ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ស្គែ​ត​កម្ពុជា ពុះពារ​ត្រៀមខ្លួនសម្រាប់ស៊ីហ្គេម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​គម្រោង​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា កាន់តែ​រំកិល​ជិត​ដល់ បណ្ដា​សហព័ន្ធ​កីឡា​មួយ​ចំនួន កាន់តែ​យកចិត្ត

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​គម្រោង​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា កាន់តែ​រំកិល​ជិត​ដល់ បណ្ដា​សហព័ន្ធ​កីឡា​មួយ​ចំនួន កាន់តែ​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹងសមត្ថភាព ខណៈ​ដែល​កីឡា​ស្គែ​ត​កម្ពុជា ក៏​កំពុង​ពន្លូត​ខ្លួន​សម្រាប់​ការ​ត្រៀមខ្លួន​ផង​ដែរ ដើម្បី​ស្វែងរក​ឱកាស​ទាញ​យក​ប្រជាប្រិយភាព​នៅ​ក្នុង​វិស័យ​កីឡា​។ ក្រៅពី​ពង្រឹង​ធនធាន​កីឡាករ ​កីឡាការិនី សហព័ន្ធ​នេះ ក៏​យកចិត្តទុកដាក់​ផង​ដែរ ក្នុង​ការ​ពង្រឹង​គោលការណ៍ និង ធ្វើ​យ៉ាងណា​ដើម្បី​គ្រូបង្វឹក ក៏​ដូច​ជា​មន្ត្រី​ទាំងមូល កាន់តែ​មាន​សមត្ថភាព​សម្រាប់​ស៊ី​ហ្គេ​ម​។

ការ​មើលឃើញ​ពី​ការ​ពង្រឹងសមត្ថភាព​នេះ គឺ​ត្រូវ​គេ​ឃើញ​មន្ត្រី​សហព័ន្ធ និង ថ្នាក់ដឹកនាំ​រមែង​បើក​កិច្ចប្រជុំ​ជា​រឿយ​ៗ បើ​ទោះជា​ក្នុង​ដំណាក់កាល​កូ​វីត​១៩​ផ្ទុះ​ខ្លាំង​។ គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡា​ស្គែ​ត​កម្ពុជា គឺ​លោក កុសល ពីសី ប្រធាន​សហព័ន្ធ បាន​បង្ហាញ​នូវ​ការ​រំពឹង​ថា សហព័ន្ធ​ស្គែ​ត​កម្ពុជា នឹង​មានឱកាស​បង្ហាញ​មុខមាត់​របស់​ខ្លួន អោយ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍ សម្រាប់​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​។

លោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចូល​ជួប​សម្តែង​ការ​គួរសម ជាមួយ​ប្រតិភូ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម សុខ សប្បាយ​ណា សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​សុំ​ការ​ជ្រោមជ្រែង​។ លោក កុសល ពិសី បញ្ជាក់​ថា សហព័ន្ធ​មិន​អាច​ពឹង​តែ​លើ​សមត្ថភាព​របស់​ខ្លួន​តែ​ម្យ៉ាង​នោះ​ទេ គឺ​ដាច់ខាត​ត្រូវ​តែ​មានការ​ជ្រោមជ្រែង​ពី​ស្ថាប័ន​ទាំងឡាយ ដោយ​លោក​យល់​ថា កម្លាំង​សហការ​ដែល​កំពុង​ទទួល​បាន​នេះ នឹង​ក្លាយជា​ច​លករ​កាន់តែ​ខ្លាំង ក្នុង​ការ​ជួយ​អោយ​សហព័ន្ធ​មាន​លំនឹង និង មាន​ចរន្ត​យូរអង្វែង​។

ឯកឧត្តម សុខ សប្បាយ​ណា បាន​លើក​ឡើង​ថា គឺជា​មោទនភាព​ធំ​មួយ​របស់​កម្ពុជា ដែល​មាន​វិស័យ​កីឡា​ស្ទើរតែ​គ្រប់​ផ្នែក​មានការ​រ​លេចឡើង ខណៈ​ដែល​កីឡា​ស្គែ​ត​កម្ពុជា ក៏​ជា​ការ​បង្ហាញ​អោយ​ឃើញ​កាន់តែ​សំបូរ​បែប ថា​កម្ពុជា ពោរពេញ​ដោយ​ការ​រីក​ចំរើន​នៅ​ក្នុង​វិស័យ​កីឡា​។ ឯកឧត្តម​សន្យា​យល់ព្រម​បង្កើន​ការ​ចូលរួម​ទៅ​វិញ​ទៅ​មក រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សហព័ន្ធ​កីឡា​ស្គែ​ត​កម្ពុជា តាម​កម្មវិធី​ផ្នែក​កីឡា​របស់​សហព័ន្ធ​កីឡា​ស្គែ​ត​កម្ពុជា និង​កម្មវិធី​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​ជា​អាទិ៍​ព្រឹត្តិការណ៍​មហា​ស​ង្ក្រា​ន​អង្គរ​ជាដើម ដែល​សុទ្ធ​សឹង​ជាស​រសរ​ស្តម​នៃ​បេសកកម្ម​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​មាន​វប្បធម៌ កីឡា ការ​អប់រំ និង​មនុស្សធម៌ ដើម្បី​លើកទឹកចិត្ត​អោយ​កីឡាករ​កីឡាការិនី​ស្គែ​ត​កម្ពុជា កាន់តែ​មាន​សន្ទុះ​ឈាន​ឡើង​។

ឯកឧត្តម សុខ សប្បាយ​ណា បាន​ផ្តល់​អនុសាសន៍​ជូន​ដល់​សហព័ន្ធ​កីឡា​ស្គែ​ត​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា និង​យុវជន​ជា​ទូទៅ ដោយ​សង្កត់ធ្ងន់​លើ​គោលការណ៍​យុទ្ធសាស្ត្រ​មួយ​ចំនួន រួម​មានការ​គោរព​អោយ​បាន​នូវ​តម្លាភាព​ទាំង​៤ ការ​ជៀសវាង​ប្រើប្រាស់​សារធាតុ​ហាមឃាត់ ការ​ពង្រឹង​រចនាសម្ព័ន្ធ​សហព័ន្ធ សម្ព័ន្ធ​តាម​បណ្តា​ខេត្ត និង​ក្លឹ​ប​ចំណុះ​របស់​សម្ព័ន្ធ​។ លោក​ក៏​ជំរុញ​អោយ​សហព័ន្ធ អនុវត្តន៍​តម្លាភាព​ទាំង​៤ ដោយ​ផ្តោត​លើ​ការ​ជ្រើសរើស​ក្រុម​ជម្រើសជាតិ ដូច​ជា​មានការ​ប្រឡង​ប្រចាំខែ និង​ការ​ជ្រើសរើស​កីឡាករ​ទៅ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ តាម​រយៈ​ការ​ជម្រុះ​ប្រកបដោយ​ភាព​ច្បាស់លាស់ ជា​ប្រចាំឆ្នាំ​ផង​ដែរ​។

លោក កុសល ពីសី ប្រធាន​សហព័ន្ធ​កីឡា​ស្គែ​ត​កម្ពុជា ក៏​បាន​លើក​ឡើង​អំពី​ចំណុច​ពិសេស និង​បច្ចុប្បន្នភាព​នានា​ជុំវិញ​វិស័យ​កីឡា​ស្គែ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ ដែល​កំពុង​ទទួល​បានការ​ពេញ​និយម​ពី​ស្រទាប់​កុមារ យុវជន និង​ស្ថាប័ន​កីឡា​អន្តរជាតិ​នានា​។ លោក​ថា នា​ពេល​កន្លង​មក កីឡា​ស្គែ​ត​កម្ពុជា បាន​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​ដូច​ជា ស៊ី​ហ្គេ​ម កីឡា​អាស៊ី កីឡា​ឆ្នេរសមុទ្រ​ពិភពលោក និង​កីឡា​អូ​ឡាំ​ពិ​ក ហើយ​ក្នុង​ពេល​ខាង​មុខ សហព័ន្ធ​នឹង​ពង្រឹង​អោយ​បាន​កាន់តែ​ខ្លាំង សម្រាប់​ស៊ី​ហ្គេ​ម​។ គណៈកម្មាធិការ​អន្តរជាតិ​អូ​ឡាំ​ពិ​ក (IOC) ក៏​បង្ហាញ​ពី​ការ​ជួយ​ពង្រឹង​ដល់​សហព័ន្ធ​វើ​ល​ស្គែ​ត ដែល​ទទួល​បន្ទុក​កីឡា​ស្គែ​ត​លើ​សកលលោក ដែល​គណកម្មការ​នេះ នឹង​ត្រូវ​អនុម័ត​អោយ​កីឡា​ស្គែ​ត​កម្ពុជា អាច​ចូល​ជា​សហព័ន្ធ​អន្តរជាតិ​នៃ​ធម្មនុញ្ញ​របស់ គណៈកម្មាធិការ​អន្តរជាតិ​អូ​ឡាំ​ពិ​ក ដែល​សហព័ន្ធ​រំពឹង​ថា នៅ​ក្នុង​ពេល​នោះ គឺ​ពិតជា​ជំរុញ​អោយ​កីឡាករ​កីឡាការិនី​កាន់តែ​មាន​សកម្មភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡា​ស្គែ​ត កំពុង​ក្លាយជា​កីឡា​ពេញ​និយម​ពី​សំណាក់​កុមារ និង​យុវជន​តាម​បណ្តា​ខេត្ត និង រាជធានី​។ ជា​សរុប​កីឡាករ​និង​កីឡាការិនី​នៅ​ក្នុង​វិស័យ​នេះ គឺ​មាន​រហូត​ដល់​ប្រមាណ​១៥០​នាក់ ដោយ​មក​ទល់​ពេល​នេះ គឺ​មានការ​ចុះ​ឈ្មោះ​នៅ​ក្នុង​ស្ថិតិ​របស់​សហព័ន្ធ​មាន​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​តែ​ម្ដង ដូច​ជា​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ស្ទឹង​ត្រែង រតនគីរី សៀមរាប បាត់ដំបង ប៉ៃលិន ព្រះ​សីហ​នុ កំពត កែប និង​តាកែវ​។ បន្ថែម​ពី​នេះ សហគមន៍​កីឡា​ស្គែ​ត និង​អ្នក​ស្រលាញ់​គាំទ្រ​ក៏​មាន​សន្ទុះ​កើនឡើង អោយ​កាន់តែ​ខ្លាំង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ