ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​វ៉ូ​វី​ណា​ម អះអាង​ពី​ឧបសគ្គ​ក្នុង​ការ​ពង្រឹងសមត្ថភាព​ត្រៀម​ស៊ី​ហ្គេ​ម

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ឯកឧត្តម យ៉ាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​បញ្ជាក់​ថា សម្រាប់​ការ​ត្រៀមខ្លួន​ធ្វើ​

​រាជធានីភ្នំពេញ ៖ ឯកឧត្តម យ៉ាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​បញ្ជាក់​ថា សម្រាប់​ការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ប្រសិនបើ​មាន​តែ​ធនធាន​កីឡាករ​-​កីឡាការិនី​ប្រកបដោយ​សក្ដានុពល តែ​ខ្វះខាត​ធនធាន​អាជ្ញាកណ្ដាល​-​ចៅក្រម ក៏​យើង​ជួប​ការ​លំបាក​ដែរ ។ ដូច្នេះ​ទាមទារ​ឲ្យ​ពង្រឹង​ការ​អភិវឌ្ឍ និង​ដើរ​ស្របគ្នា ទាំង​មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនី​។

ការ​គូសបញ្ជាក់​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល កម្រិត «​ក​» រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩-២៣ ខែមករា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ដោយ​មាន​សិក្ខាកាម​ចូលរួម​សរុប​២៥​នាក់ មក​ពី ១០​រាជធានី​-​ខេត្ត ក្រោម​ការ​បង្ហាត់បង្រៀន​របស់​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ ២​រូប គឺ​លោក Nguyen Van Coung និង​លោក ទេព ជីវ​សុខុម ។

មន្ត្រី​ថ្នាក់ដឹកនាំ​បន្ត​ថា ដោយសារ​អាជ្ញាកណ្ដាល​-​ចៅក្រម គឺជា​ផ្នែក​មួយ​សំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍ នៃ​វិស័យ​កីឡា ឯកឧត្តម​អគ្គលេខាធិការ​សហព័ន្ធ បាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ ធ្វើ​យ៉ាងណា​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ជាមួយនឹង​តួនាទី​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ជាតិ​-​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​ជំរុញ​ឲ្យ​មន្ដ្រី អាជ្ញាកណ្ដាល​-​ចៅក្រម ត្រូវ​ប្រកបដោយ​សុក្រឹតភាព ក្នុង​ការ​កាត់សេចក្ដី ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្ដរជាតិ ។

ឯកឧត្តម យ៉ាំ ថៃ​សាន បន្ដ​ថា «​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល​នេះ យើង​ធ្វើ​រៀង​រាល់​ឆ្នាំ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស ចៅក្រម​-​អាជ្ញាកណ្ដាល​របស់​យើង ដើម្បី​ឆ្លើយ​តប​ជាមួយនឹង​ការ​ប្រកួត ក៏​ដូច​ជា​ព្រឹត្តិការណ៍​នានា ក្នុង​កម្រិត​ជាតិ អន្ដរជាតិ ពិសេស​យើង​នៅ​មាន​បេសកកម្ម​ធំ​ៗ​ច្រើន នា​ពេល​ខាង​មុខ ដូច​ជា​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ដើមឆ្នាំ​២០២៣ ពិសេស​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា ដែល​យើង​ត្រូវ​តែ​ពង្រឹង​នូវ​ធនធានមនុស្ស​របស់​យើង​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ជាមួយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​» ។

ឯកឧត្តម​សង្កត់ធ្ងន់​ថា «​វា​ជា​ការ​ពិត ក្នុង​នាម​យើង​ជា​ម្ចាស់ផ្ទះ ទាំង​យើង ក៏​ដូច​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែរ បើសិនជា​យើង​មាន​កីឡាករ​ដែល​ប្រកបដោយ​ធនធាន និង​សក្ដានុពល តែបើ​យើង​អត់​មាន​ធនធាន​ជា​ចៅក្រម​-​អាជ្ញាកណ្ដាល យើង​ក៏​ជួប​ការ​លំបាក​ដែរ ជាក់ស្ដែង​យើង​មានបទពិសោធន៍​ច្រើន​ហើយ ។ អ៊ីចឹង​បើ​យើង​មាន​មន្ដ្រី​អាជ្ញាកណ្ដាល​ចៅក្រម ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ក្នុង​ការ​ដឹកនាំ​រៀបចំ​ការ​ប្រកួត វា​ផ្ដល់​ផល​ល្អ​សម្រាប់​ប្រទេស​យើង ក្នុង​នាម​យើង​ជា​ម្ចាស់ផ្ទះ​ផង ពិសេស​គឺ​ការ​ប្រកួត​ផ្ទាល់​តែ​ម្ដង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ