រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិមច្ឆា, ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានលើកឡើងស្រុះគ្នាថា ពួកគាត់រស់នៅទាំងភ័យខ្លាចរាល់ថ្ងៃ ព្រោះតែក្នុងភូមិរបស់ពួកគាត់ កំពុងស្ថិតក្នុងភាពអនាធិបតេយ្យ និងពុំមានសន្តិសុខ សុវត្ថិភាពល្អឡើយ បង្កឡើងដោយក្រុមប្រើប្រាស់និងជួញដូរគ្រឿងញៀនដោយសេរី ។ បន្ថែមលើនេះ ក្មេងស្ទាវទាំងនោះ តែងតែធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ ក្នុងមួយថ្ងៃៗ មិនក្រោម ០៥ដងទេ ។
ជាក់ស្តែងកាលពីវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅប្លុកភូមិមច្ឆា ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រុមជនសង្ស័យ បានហៅទូរសព្ទទៅអ្នករត់ម៉ូតូកង់បីឥណ្ឌា លុះពេលដែលអ្នករត់ម៉ូតូកង់បីមកដល់ ក៏ធ្វើសកម្មភាពជាមួយនិងបក្ខពួក ឆក់យកទូរសព្ទរបស់អ្នករត់ម៉ូតូកង់បីឥណ្ឌា ហើយរត់ចូលទៅផ្លូវឌឿងហែមបាត់ ប៉ុន្តែសំណាង ផ្អើលដល់ប្រជាពលរដ្ឋនៅម្ដុំនោះជួយ ក៏យកទូរសព្ទនោះ បានមកវិញ ។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិមច្ឆា ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាំគ្នាសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ច មន្ត្រីនគរបាលប៉ុស្តិ៍ ជាពិសេសលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ទើបតែងតាំងថ្មី មេត្តាពង្រឹងការល្បាត និងបង្ក្រាប ដើម្បីបង្ការ ទប់ស្កាត់បទល្មើសនានា កុំឲ្យកើតមានឡើងក្នុងមូលដ្ឋានផង ។
បើតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទដៃ នៅចំណុចផ្លូវលំភូមិ មានជ័យ១ សង្កាត់សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ ដែលបានប្រព្រឹត្តវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។
ជនសង្ស័យឈ្មោះ នាង សុខវិចិត្រ ហៅដែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
វត្ថុតាងដកហូត ៖ ក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន០៧កញ្ចប់ថង់តូច ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ