ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៥​ឆ្នាំ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ គូស្នេហ៍​គ្រូបង្វឹក​ប្រដាល់​២​រូប​កាន់តែ​បង្ហាញ​ភាពរឹងមាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី ១៧ មក​រា ឆ្នាំ​២០២២ គូស្នេហ៍​គ្រូបង្វឹក​ប្រដាល់​២​រូប គឺ​លោក អេ ភូ​ថង ដែល​ជា​អតីត​អ្នក​ប្រដាល់​

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី ១៧ មក​រា ឆ្នាំ​២០២២ គូស្នេហ៍​គ្រូបង្វឹក​ប្រដាល់​២​រូប គឺ​លោក អេ ភូ​ថង ដែល​ជា​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ និង​អ្នកស្រី សាំង សុ​ម៉ា​លី ដែល​ជា​គណៈកម្មការ​ប្រដាល់​ផង និង​ជា​គ្រូបង្ហាត់​សិស្ស​ផង មាន​រយៈពេល​២៥​ឆ្នាំ​ហើយ
ក្នុង​ការ​រួមរស់​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ ។ អ្នក​ទាំង​ពីរ​បើ​ទោះជា​មិន​មាន​ជីវភាព​ស្ដុកស្ដម្ភ​សម​នឹង​ភាព​ល្បីល្បាញ តែ​គេ​មើលឃើញ​ថា អ្នក​ទាំង​ពីរ​រស់នៅ​ពោរពេញ​ដោយ​សុភមង្គល និង​មិន​ធ្លាប់​ផ្ទុះ​រឿង​ឈ្លោះប្រកែក​គ្នា​បណ្ដាល​ឱ្យ​រង្គោះរង្គើ​ដល់​ចំណង​ស្នេហ៍​។

លោក អេ ភូ​ថង បាន​បង្ហាញ​នូវ​សារ​លើកទឹកចិត្ត​ភរិយា និង​បាន​បង្ហោះ​រូបថត​អតីតកាល​មិន​តិច​ឡើយ រំលឹក​ពី​អនុស្សាវរីយ៍​ស្នេហ៍ ស្រប​ពេល​ដែល​អ្នកស្រី សាំង សុ​ម៉ា​លី ក៏​បាន​បង្ហោះ​ឱ្យ​ឃើញ​ពី​ភាព​ផ្អែមល្ហែម​ដើម្បី​ឱ្យ​គេ​ដឹង​ថា ថ្វីបើ​អ្នកស្រី និង​ស្វាមី​រួមរស់​ជាមួយ​គ្នា​យូរ​ឆ្នាំ ហើយ​មានកូន​ដល់​ទៅ​៤​នាក់​ក្រមុំ​កំលោះ​ទៅ​ហើយ ប៉ុន្តែ​ការ​រំលឹក​ពី​ចំណង​ស្នេហ៍ គឺ​មិន​ដែល​មើល​រំលង ។

ទោះជា​គ្មាន​ពិធី​ជួបជុំ​ណាមួយ ក៏​បាន​បង្ហោះ​ជា​សាធារណៈ​ឱ្យ​គេឯង​ចូលរួម​ត្រេកអរ ដែល​មាន​ន័យ​ថា អ្នក​ទាំង​ពីរ​នៅ​តែ​ចង​ចាំ និង​នៅ​តែ​គិត​ថា ថ្ងៃ​មង្គលការ​កាលពី​២៥​ឆ្នាំ​មុន គឺជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត ។ ការ​បង្ហោះ​របស់​អ្នក​ទាំង​ពីរ ក៏​មាន​សិស្សគណ​មិន​តិច​នោះ​ដែរ ចែកចាយ និង​រួម​គ្នា​ជូនពរ ។ អ្នកខ្លះ​បាន​សរសេរ​លើកទឹកចិត្ត​ដល់​អ្នកស្រី និង​ស្វាមី​ថា «​រីករាយ​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​អ្នកគ្រូ​លោកគ្រូ​រយៈពេល​២៥​ឆ្នាំ​។ កូនសិស្ស​សូម​ជូនពរ​ឱ្យ​អ្នកគ្រូ​លោកគ្រូ​មាន​សុខភាព​ល្អ ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង ទទួលទាន​រក​សុ​ី​មានបាន និង​ចៀស​ផុត​ពី​ជំងឺ​ទាំងឡាយ​ទាំងពួង ហើយ​សូម​ឱ្យ​អ្នកគ្រូ​លោកគ្រូ​ជួប​តែ​សំណាងល្អ​ក្នុង​ជីវិត​រហូត​»​។

ការ​បង្ហោះ​សារ​ជូនពរ​ជា​ហូរហែ​របស់​សិស្សគុណ​នេះ គឺ​បន្ទាប់​ពី​អ្នកស្រី​សាំង សុ​ម៉ា​លី និងលោក អេ ភូ​ថង រមែង​បង្ហាញ​ឱ្យ​គេ​បានឃើញ​ពី​មនោសញ្ចេតនា​ចំពោះ​គ្នា និង​ទៅ​ណា​មក​ណា​ប្រៀប​ដូច​លលក​ញី​ឈ្មោល ដែល​ធ្វើ​ឱ្យ​គេ​មើលឃើញ​ពី​ភាពរឹងមាំ​នៃ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ ។

ការ​បង្ហោះ​សារ​អបអរ​របស់​អ្នក​គោរព​ស្រលាញ់លោក អេ ភូ​ថង និង​ភរិយា​នេះ ក៏​ជា​ការ​ឆ្លើយ​តប​នឹង​សារ​របស់​អ្នកស្រី សាំង សុ​ម៉ា​លីដែល​បាន​សរសេរ​ថា​«17/1/2022​ជា​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​គម្រប់​25​ឆ្នាំ អូន​សូម​ជូនពរ​ឱ្យលោក​ប្ដី​មាន​សុខភាព​ល្អ មានសំណាង​ល្អ និង​ស្រលាញ់​គ្រួសារ នៅ​ជាមួយ​គ្រួសារ​ឱ្យ​បាន​យូរអង្វែង​ណា​ប្ដី​សម្លាញ់ អូន​ស្រលាញ់​បង​ណាស់​»​។

មិន​ត្រឹមតែ​បង្ហោះ​សារ​ជូនពរ​ស្វាមី​ប្រកបដោយភាព​រ៉ូ​ម៉េ​ន​ទិ​ក​តែ​ម្យ៉ាង​ទេ អ្នកស្រី​ក៏​ត្រូវ​គេ​ឃើញ​Comment ឆ្លើយ​តប​អ្នក​ជូនពរ ដោយ​លើក​សរសើរ​ពី​ការ​តស៊ូ​របស់​ស្វាមី​ដែល​ប្រឹង​ពុះពារ​គ្រប់យ៉ាង​ធ្វើ​ឱ្យ​អ្នកស្រី និង​កូន​ៗ ក្លាយជា​បុគ្គល​ដែល​មាន​កិត្តិយស​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែតថា អ្នកស្រី​គឺជា​ភរិយា​ល្អ និង​ថា ជានា​រី​មានសំណាង ដែល​បាន​ឧត្តម​ស្វាមី គឺជា​អ្នក​ប្រដាល់​លំដាប់​ជួរ​មុខ​កាលពីមុន ដែល​បច្ចុប្បន្ន​គឺ​នៅ​តែបន្ត​រក្សា​ក្ដី​ស្រឡាញ់​ឱ្យ​គ្នា និង​កាន់តែ​មើលទៅ​គឺបាត់​គ្នា​មិន​បាន ។

អ្នកស្រី​មិនមែន​បង្ហោះ​ឱ្យ​ដឹង​ពី​ភាពរឹងមាំ​ជាមួយ​ស្វាមី តែ​នៅ​លើ​សំ​ណេ​រ​ប៉ុណ្ណោះទេ តែ​ក្នុង​ពេល​លោក អេ ភូ​ថង មាន​ជំងឺ​កូ​វី​ដ​១៩ ហើយ​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក គឺ​អ្នកស្រី​ដែល​មិន​មាន​ជំងឺ ក៏​សុំ​គ្រូពេទ្យ​ទៅ​មើលថែ និង​សម្រាក​កំដរ​ស្វាមី រហូត​គ្រូបង្វឹក​រូប​នេះ បានជា​សះស្បើយ​ផង​ដែរ ។

អ្នកស្រី​ធ្លាប់​បាន​បញ្ជាក់​ថា កូ​វី​ដ​១៩ បាន​បណ្ដាល​ឱ្យ​គ្រួសារ​ជា​ច្រើន​ខ្លាច​គ្នា មិន​ចង់​រវល់​ពី​គ្នា តែ​សម្រាប់​អ្នកស្រី គឺ​មិន​អាច​ឱ្យ​ស្វាមី​សម្រាក​ឈឺ​តែឯង ហើយ​សម្ងំ​យកសុខ​បាន​ទេ ។ អ្នកស្រី​ប្រកាស​នៅ​ក្នុង​ពេល​នោះ​ថា បើ​គ្រាន់តែ​ទៅ​កំដរ​មើលថែ​ស្វាមី ហើយ​ត្រូវ​ឆ្លង​កូ​វី​ដ​១៩ បណ្ដាល​ឱ្យ​ស្លាប់ ក៏​អ្នកស្រី​នឹង​លះបង់​ដែរ ។ អ្នកស្រី​ថា រយៈពេល​២៥​ឆ្នាំ​ជាមួយ​លោក អេ ភូ​ថង គឺ​មាន​អនុស្សាវរីយ៍​ច្រើន​ណាស់ ពិសេស​គឺ​អនុស្សាវរីយ៍​ដឹក​ដៃ​គ្នា​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់ ដោយ​ស្វាមី​គឺជា​អ្នក​ប្រដាល់ អ្នកស្រី​ជា​អ្នក​ឱ្យ​ទឹក ចុង​ក្រោយ​ស្វាមី​ក៏​ក្លាយជា​គ្រូបង្វឹក ហើយដោយ​សារ​តែ​មាន​និស្ស័យ​ស្របគ្នា ក៏​ក្លាយជា​គ្រូបង្វឹក​ដូច​ស្វាមី​ដែរ និង​ក្លាយជា​អាជ្ញាកណ្ដាល​ស្រី និង​ជា​អ្នក​ផ្ដល់​ពិន្ទុ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​តាម​ប្ដី​ផង ព្រោះតែ​មាន​បេះដូង​ស្រលាញ់​ប្រដាល់​តែ​មួយ ។

អ្នកស្រី​កាន់តែ​ចង​ចាំ​នូវ​ទ​ង្វើ​ល្អ​ៗ​រាប់​មិន​អស់​ដែល​លោក អេ ភូ​ថង ផ្ដល់​ឱ្យ​ប្រពន្ធ​កូន​នោះ​គឺ​ទោះជា​មិន​មាន​ខ្លាំងក្លា តែ​លោក​អាច​ដឹកនាំ​គ្រួសារ ពោល​គឺ​កូន​ក្លាយជា​អ្នក​បន្តវេន​កីឡា និង​មាន​ជីវភាព​បានប្រសើរ​គ្រប់​គ្នា ដែល​អ្នកស្រី​ចាត់​ទុក​ថា លោក​គឺជា​ប្ដី​ល្អ ។ អ្នកស្រី​នៅ​តែ​អះអាង​ថា មិន​ចង់បាន​អ្វី​ពី​ស្វាមី​លើស​ពី​អ្វី​ដែល​បាន​ផ្ដល់​ឱ្យ​នេះ​ទៀត ទេ ដោយ​មាន​តែ​សុំ​ឱ្យ​ស្វាមី​មាន​សុខភាព​កាន់តែ​ល្អ និង​បន្ត​ធ្វើ​ជា​បង្អែក​ដល់​កូន​ប្រពន្ធ ។ អ្នកស្រី​ប្រកាស​ថា អ្វី​ដែល​ខ្លួន​និង​ស្វាមី​បាន​សាង​រាល់ថ្ងៃ គឺ​សុភមង្គល​គ្រប់គ្រាន់​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ