ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្មេងស្រីម្នាក់ត្រូវបានរថយន្តដឹកដី១គ្រឿងបុករួចកិនស្លាប់យ៉ាងអាណោចអាធ័មនៅចំណុចភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះឈ្មោះ ធី ភក្តី អាយុ៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ រីឯរថយន្តដឹកដីម៉ាក ហ៊ីណូ ពាក់ស្លាកលេខ តាកែវ 3A-2429 តែគេមិនទាន់សល់អត្តសញ្ញាណអ្នកបើកបរនៅឡើយទេព្រោះបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា ក្មេងស្រីរងគ្រោះបានរត់ឆ្លងថ្នល់ ខណៈនោះរថយន្តដឹកដីនោះកំពុងបើកលឿនផងនោះ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកហើយកិនក្មេងស្រីរងគ្រោះបែកសាច់ខ្ទេចភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ សពក្មេងស្រីរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ