ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ទទួលបានឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះអាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ ជំនួសវៀតណាម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ប្រទេស​វៀតណាម​ដែល​ពន្យារ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ពី​ឆ្នាំ​២០២១ ​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០២២​នោះ​

រាជធានី​ភ្នំពេញ​ ៖​ ប្រទេស​វៀតណាម​ដែល​ពន្យារ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ពី​ឆ្នាំ​២០២១ ​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០២២​នោះ​បាន​លុប​ចោលការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩ ។

តាម​ទម្លាប់​ប្រទេស​ណា​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ ត្រូវ​តែ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ជន​ពិការ​ដែល​គេ​ហៅ​ថា
អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​(ASEAN Para Games)​តែ​សម្រាប់​វៀតណាម​បែរជា​លុប​ចោល​ទៅ​វិញ ។

ទោះជា​យ៉ាងណា​ ក៏​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​បាន​បោះ​ឆ្នោត​គាំទ្រ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ជន​ពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ ជំនួស​ប្រទេស​វៀតណាម ។

ផ្អែក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​ កាលពី​ថ្ងៃ​ទី​១៥ ​ខែមករា​ ឆ្នាំ​២០២២​ ដែល​បាន​បង្ហាញ​ពី​កិច្ចប្រជុំ​បន្ទាន់​មួយ​ ដែល​ចូលរួម​ពី​តំណាង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក ​ក្នុង​តំបន់​បាន​ពិភាក្សា​អំពី​ការ​ដេញថ្លៃ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជំនួស​នៃ​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ បន្ទាប់​ពី​ការ​លុប​ចោល​ដោយ​ម្ចាស់ផ្ទះ​ដើម គឺ​វៀតណាម កាលពី​ឆ្នាំ​មុន​។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ស្នើការ​ប្រកួត​នេះ​ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​៣១ ​ខែកក្កដា​ ឆ្នាំ​២០២២​ លើ​១៣​ប្រភេទ​កីឡា​នៅ​ទីកន្លែង​ផ្សេង​ៗ​ជុំ
វិញ​ទីក្រុង Solo ​។ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឥណ្ឌូ​នេ​ស៊ី​លោក​Senny Marbun​រីករាយ​ចំពោះ​ទំនុកចិត្ត​ពី​បណ្តាល​ប្រទេស​អាស៊ា​ន​។

លោក​បាន​លើក​ឡើង​ថា ឥណ្ឌូ​ណេ​ស៊ី​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេ​ម​ធំ​ៗ​ចំនួន​ពីរ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ASEAN Para Games លើក​ទី​៦ នៅ​ទីក្រុង Solo ឆ្នាំ​២០១១ និង Asian Para Games ឆ្នាំ​២០១៨ នៅ​ទីក្រុង Jakarta នោះ ដោយ​លោក​បាន​ធានា​ថា រាល់​សម្ភារ​បរិក្ខារ លក្ខខណ្ឌ​បច្ចេកទេស សម្រាប់​ASEAN Para Games លើក​ទី​១១ ត្រូវ​បាន​ត្រៀម​រួចរាល់​។

​លោក​​យី វាសនា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​ថា​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​កីឡា
ជន​ពិការ​អាស៊ាន​ទុក​ពេល​ឲ្យ​ឥណ្ឌូ​ណេ​ស៊ី​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន ​និង​ទុក​ពេល​១​ខែ​សម្រាប់​ការ​ដេញថ្លៃ​ដើម្បី​ទទួល​បាន​សិទ្ធិ​ផ្លូវការ​ក្នុង​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១​នេះ​។

កិច្ចប្រជុំ​ស្តី​ពី​ការ​រៀបចំ​ការ​ប្រកួត​នេះ​គឺ​ដើម្បី​រៀបចំ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន​នេះ​ឡើង​វិញ​ បន្ទាប់​ពី​ម្ចាស់ផ្ទះ​ចំនួន​ពីរ​បាន​លុប​ចោល​២​លើក (​រយៈពេល​៤​ឆ្នាំ​) គឺ​ម្ចាស់ផ្ទះ ហ្វី​លី​ពី​ន លុប​ចោល​កាលពី​ឆ្នាំ​២០១៩ និង​ម្ចាស់ផ្ទះ វៀតណាម សម្រេច​លុប​ចោល​មិន​រៀបចំ នា​ឆ្នាំ​២០២២​នេះ​ទេ ដោយ​ធ្វើ​ម្ចាស់ផ្ទះ​តែ ស៊ី​ហ្គេ​ម​ប៉ុណ្ណោះ​។ ការ​លុប​ចោល​ចំនួន​២​ព្រឹត្តិការណ៍​នេះ គឺជា​ក្តី​បារម្ភ​របស់​អាស៊ាន ដែល​អត្ត​ព​លិ​ក​ពិការ ​រួម​ទាំង​គណៈកម្មការ​បច្ចេកទេស​មិន​បាន​ដុះខាត់​សមត្ថភាព​ជំនាញ​របស់​ខ្លួន ​ព្រមទាំង​ប​បង្ក​នូវ​ផល​មិនល្អ​ដល់​គុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ក្នុង​តំបន់​។

​លោក​​អគ្គលេខាធិការ​បន្ថែម​ថា​ប្រសិនបើ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន​លើក​ទី​១១​នេះ​អាច​ដំណើរ​បាន​នោះ​ការ​បញ្ជូន​អត្ត​ព​លិ​ក​ពិការ​កម្ពុជា​ក៏​នឹង​អាច​ចូលរួម​ប្រកួតប្រជែង ក្នុង​ការ​កសាង​សមត្ថភាព​បន្ថែម ត្រៀម​ឆ្ពោះ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២​នា​ឆ្នាំ​២០២៣​បាន​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។

បច្ចុប្បន្ន​កីឡាករ កីឡាការិនី​ ពិការ​កម្ពុជា​កំពុង​ហ្វឹកហាត់​បិទ​ខ្ទប់​បាន​ច្រើន​ប្រភេទ​កីឡា​ដែរ ក្រោម​ការ​ទំនុកបម្រុង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ប្រសិនបើ​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​មានការ​ប្រកួត​អន្តរជាតិ​កាន់តែ​ច្រើន នោះ​ការ​ត្រៀមខ្លួន​របស់​ប្រភេទ​កីឡា​ពិការ សម្រាប់​ការ​ធ្វើ​ម្ចាស់ផ្ទះ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ ក៏​មានឱកាស​កាន់តែ​ច្រើន ក្នុង​ការ​ប្រជែង​មេដាយ ព្រមទាំង​ផ្តល់​ពិសោធន៍​កាន់តែ​ច្រើន សម្រាប់​មន្ត្រី​រដ្ឋបាល មន្ត្រី​បច្ចេកទេស​ពិការ​ផង​ដែរ​។ ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់ ដែល​កម្ពុជា​គាំទ្រ​ពេញទំហឹង​ឲ្យ​មានការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នេះ ដើម្បី​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ប្រមាណ​២​ស​ប្តា​ហ៍​។

ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ​សម្រាប់​បេសកកម្ម​អន្តរជាតិ ជា​ធម្មតា​តែង​ធ្វើ​សំណើរ​ឆ្លង​តាម​រយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ដែរ​ដោយ​​លោក​​ជឿជាក់​ថា ស​ម្តេច​តេ​ជោ​នឹង​ផ្តល់​ការ​លើកទឹកចិត្ត​អនុញ្ញាត​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​ពិការ​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​មេដាយ និង​មន្ត្រី​គណៈកម្មការ​ជំនាញ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក៏​នឹង​ត្រូវ​ចូលរួម​ដក​ពិសោធន៍​នូវ​របៀបរបប​នៃ​ប្រព័ន្ធ​ប៉ា​រ៉ា​ឡាំ​ពិ​ក ដើម្បី​ជា​ចំណេះដឹង​យក​មក​អនុវត្ត នៅ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ​ដូច​គ្នា​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ