ពេលនិយាយដល់រឿងអប្បិយជំនឿ បារមី វត្ថុស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរគោរព និងមានជំនឿនោះគឺមានច្រើនណាស់ ជាក់ស្ដែងដូចជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធិ និងល្បីឈ្មោះមួយកន្លែងប្រចាំដែនដីអច្ឆរិយៈនៅខេត្តសៀមរាបដែលជាទូទៅនៅពេលភ្ញៀវទេសចរអញ្ជើញទៅទស្សនាកម្សាន្ត នៅឯប្រាសាទអង្គរវត្ត ខេត្តសៀមរាប ជាពិសេសនោះគឺប្រជាជនខ្មែរមិនដែលរំលងឡើយក្នុងការទៅកម្សាន្តនៅឯទឹកជ្រោះ និងទៅថ្វាយបង្គំសុំសេចក្តីសុខ សេចក្តីចម្រើន និងប៉ងប្រាថ្នាចង់បានអ្វីមួយនៅព្រះអង្គធំលើភ្នំគូលែន ដែលជាទីសក្ការដ៏ពូកែស័ក្តិសិទ្ធិនិងល្បីល្បាញបំផុតនៅកម្ពុជា ពិសេសអ្នកអភ័ព្វគូស្នេហ៍ ពួកគេតែងតែទៅបន់ស្រន់សុំផ្សងរកគូស្នេហ៍អំពីបារមីព្រះអង្គធំភ្នំគូលែនដ៏ពូកែស័ក្តិសិទ្ធិ ហើយអ្នកទាំងនោះក៏រមែងបានសមប្រកបដូចបំណងប្រាថ្នាមែន ។

រូបសំណាកព្រះអង្គធំភ្នំគូលែនដែលបានឆ្លាក់ឡើងក្នុងសតវត្សរ៍ទី១៦ មានកម្ពស់ប្រមាណ១៨ម៉ែត្រ បណ្ដោយ៩,៧០ម៉ែត្រ ព្រមជាមួយនឹងទទឹង២,៣០ម៉ែត្រ ត្រូវបានប្រជាជនខ្មែរចាត់ទុកថាជាទីសក្ការៈដែលមានបារមីស័ក្តិសិទ្ធិ និងជាកន្លែងដែលគ្រប់គ្នាទៅបន់ស្រន់ប៉ងប្រាថ្នាសុំពីបំណងរបស់ខ្លួនពីព្រះអង្គផងដែរ ។
បើតាមការតំណាលតៗគ្នាគេតែងល្បីថា បើចង់ឲ្យស្នេហាសមប្រកបតាមអ្វីដែលខ្លួនប្រាថ្នា ឬចង់បានសង្សារម្នាក់មកថែបេះដូងគឺយើងអាចទៅបន់ស្រន់សុំពីបារមីព្រះអង្គធំភ្នំគូលែនបាន ពីព្រោះមានមនុស្សជាច្រើននាក់ហើយដែលបានសមប្រកបក្រោយពីទៅអុជធូបសុំពីព្រះអង្គធំហើយ ។

ទាក់ទងនឹងដំណឹងនេះដែរ លោកអាចារ្យមួយរូបដែលនៅមើលថែព្រះអង្គធំភ្នំគូលែនជាច្រើនឆ្នាំណាស់មកហើយនោះ លោកបានបង្ហើបប្រាប់ថា រឿងតំណាលដែលល្បីតៗគ្នានេះគឺជារឿងពិតមែនហើយ ។ មានមនុស្សជាច្រើនបានមកបន់ស្រន់សុំពីបំណងរបស់ខ្លួនពីព្រះអង្គមែន ហើយមួយរយៈក្រោយមក ក៏ឃើញថាពួកគេបានមកកាន់សំណាក់ព្រះអង្គធំវិញ ព្រមជាមួយនឹងតង្វាយជាច្រើនយកមកសែនលាបំណន់ពីព្រះអង្គផងដែរ នេះក៏ព្រោះតែបំណងដែលពួកគេបានបន់ស្រន់ប៉ងនោះបានទទួលជោគជ័យហើយ ។ រីឯមនុស្សមួយចំនួនទៀត ដូចជាគូសង្សារ ឬក៏គូស្វាមីភរិយាជាដើម ពួកគេក៏បានមកសរសេរចារឈ្មោះរបស់ពួកគេទាំងពីរនៅលើរូបសំណាកព្រះអង្គធំផងដែរ ដោយជឿថា ស្នេហារបស់ពួកគេនឹងនៅគង់វង្ស យូរអង្វែង មិនបែកគ្នាជារៀងរហូត ។

ចំពោះបារមីដ៏ស័ក្តិសិទ្ធិរបស់ព្រះអង្គធំភ្នំគូលែននេះ គឺប្រជាជនខ្មែរមានជំនឿជឿជាក់តាំងពីយូរលង់ណាស់មកហើយ គឺតាំងពីសម័យកាលមុនមកម្ល៉េះ ។ ជាការណ៍ពិតណាស់ កាលពីដើមមានអ្នកភូមិដែលរស់នៅទីនេះបានមកធ្វើការបន់ស្រន់សុំនូវអ្វីដែលពួកគេចង់បានពីព្រះអង្គ ហើយទីបំផុតក៏ទទួលបានលទ្ធផលពិតមែន ដោយអ្នកខ្លះក៏បន់ស្រន់សុំកូនទៅ អ្នកខ្លះទៀតក៏បន់ស្រន់សុំឲ្យមុខរបររបស់ខ្លួនទទួលបានជោគជ័យជាទីគាប់ចិត្តទៅ រីឯអ្នកខ្លះទៀតក៏មកបន់ស្រន់សុំរកគូព្រេងពីព្រះអង្គថែមទៀតផង ជាពិសេសនៅពេលទៅវិញ អ្នកទាំងនោះអាចនឹងបានគូស្នេហ៍ដូចអ្វីដែលខ្លួនប៉ងមែន ។

ទោះជាយ៉ាងណា បើតាមទស្សនៈរបស់ខ្ញុំ រឿងជំនឿលើបារមីស័ក្តិសិទ្ធិ លើការបន់ស្រន់តាមបែបអប្បិយជំនឿនេះ ជឿក៏ជឿចុះ មិនហាមឃាត់ទេព្រោះវាសឹងតែជាប្រពៃណី ទំនៀមទម្លាប់ទៅហើយ តែត្រូវជឿប្រកបដោយបញ្ញាផងទើបមិនខាតបង់ទ្រព្យ និងខាតបង់ពេលវេលា ៕ សាន សារិន
ចែករំលែកព័តមាននេះ