រាជធានីភ្នំពេញ ៖ ការប្រមូលនិន្ន័យពីបង្កងធម្មជាតិខេត្តតាកែវ របស់ក្រសួងពាណិជ្ជកម្មបានលទ្ធផលច្រើនហើយមកដល់ពេលនេះ ។ ប្រហែលជានៅក្នុងខែមេសាខាងមុខនេះបង្កងទឹកសាបរបស់ខេត្តតាកែវ ដែលល្បីថា មានរសជាតិឆ្ងាញ់នោះ នឹងក្លាយជាទំនិញសម្គាល់ភូមិសាស្ត្ររបស់កម្ពុជាមួយទៀតបន្ទាប់ពីម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ឬក្រូចថ្លុងកោះទ្រង់ខេត្តក្រចេះ ជាដើមនោះ ។
![Picture]()
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការរៀបចំម៉ាកទំនិញមួយមុខៗសម្រាប់ការចុះបញ្ជីសម្គាល់ភូមិសាស្ត្រ គឺជាដំណើរការយូរដោយសារចាំបាច់ត្រូវការធ្វើសិក្សាជាក់លាក់ ។ មន្ត្រីបញ្ជាក់ថា «មកដល់បច្ចុប្បន្ននេះយើងបានកំណត់បានថា ទំនិញនេះ (បង្កង) ជាទំនិញមានសក្តានុពល មានតម្លៃ មានកេរ្តិ៍ឈ្មោះអាចកំណត់ជាទំនិញសម្គាល់លក្ខណៈភូមិសាស្ត្របាន ។
![Picture]()
លោកលើកឡើងថា ទំនិញសម្គាល់ភូមិសាស្ត្រត្រូវបានកំណត់ថា ត្រូវបានផលិតនៅក្នុងដែនភូមិសាស្ត្រជាក់លាក់មួយ មានទាំងបរិស្ថានល្អ ប្រភេទចំណីអាហារដែលបង្កងស៊ីមានសុវត្ថិភាព របៀបចាប់តាមរដូវកាល និងរបៀបវេចខ្ចប់ជាដើម ។ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា នៅពេលបង្កងធម្មជាតិខេត្តកែវក្លាយជាទំនិញសម្គាល់ភូមិសាស្ត្រនោះ តម្លៃបានល្អប្រសើរឡើង ហើយអាចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅទទួលទានបង្កងនៅតាកែវ កាន់តែច្រើន ។
![Picture]()
ពលរដ្ឋអ្នកចិញ្ចឹមបង្កងនៅខេត្តតាកែបបានសម្តែងក្តីត្រេកអរនៅពេលឭដំណឹងថា បង្កងធម្មជាតិខេត្តរបស់ខ្លួននឹងត្រូវបានចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រនោះ ។ អ្នកខេត្តតាកែវអះអាងថា ការចុះបញ្ជីនេះនឹងធ្វើឱ្យបង្កងខេត្តនេះកាន់តែល្បីបើទោះបីជាពេលនេះបង្កងបានខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងណាក្តី ។ លោក សាប់ សារុន អ្នកចិញ្ចឹមបង្កងនៅខេត្តតាកែវម្នាក់និយាយថា ការចិញ្ចឹមបង្កងពាក់កណ្តាលធម្មជាតិមានរស់ជាតិប្រហាក់ប្រហែលនឹងបង្កងធម្មជាតិដែរ ។
![Picture]()
ក្នុងឆ្នាំ ២០២០ ការប្រមូលផលបង្កងខេត្តតាកែវ បានចំនួនជាង ៨ ម៉ឺន ៧ ពាន់គីឡូក្រាម បើធៀបនឹងឆ្នាំ ២០១៩ មានចំនួន ៨ ម៉ឺន ៧ ពាន់គីឡូក្រាម ។ នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្រសួងពាណិជ្ជកម្មបានចុះផលិតផល និងទំនិញក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្ររួចរាល់មួយចំនួនដូចជា ៖ ម្រេចកំពត ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងស្ករត្នោតកំពង់ស្ពឺ ៕
ចែករំលែកព័តមាននេះ