ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​គណៈកម្មការ​ដើម្បី​គាំទ្រ​ស៊ី​ហ្គេ​ម​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សិក្ខាសាលា​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា កាលពី​ថ្ងៃ​ទី​

​រាជធានី​ភ្នំពេញ ​៖ សិក្ខាសាលា​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា កាលពី​ថ្ងៃ​ទី​១៧ ​មក​រា​ ដើម្បី​បង្កើត​គណៈកម្មការ​ចូលរួម​គាំទ្រ​ និង​អនុវត្ត​ការងារ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

សិក្ខាសាលា​នេះ​ធ្វើនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​វត្តមាន​​លោក​ សែ​ម សុខា ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ និង​​លោក​វ៉ា​ត់​ ចំរើន ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ព្រមទាំង​វត្តមាន​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ ក្រោម​ឱវាទ​ក្រសួង​ជា​ច្រើន​ទៀត​។

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​បង្កើត​គណៈកម្មការ​ខាងលើ ស្រប​តាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​ស៊ីជម្រៅ​ចំពោះ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដល់​ថ្នាក់ដឹកនាំ មន្ដ្រី​ក្រសួង ព្រមទាំង​អង្គការ​ជាតិ អន្ដរជាតិ ដែល​បម្រើ​ការងារ​លើ​វិស័យ​ពិការ​ភាព​ឲ្យ​បាន​ជ្រួតជ្រាប និង​ផ្សព្វផ្សាយ​បន្ដ​ទៅ​ថ្នាក់​ក្រោម​ជាតិ​។

គោលដៅ​និង​តួនាទី​ភារកិច្ច​របស់​គណៈកម្មការ​នេះ​មាន​ដូច​ជា​៖​សម្របសម្រួល​និង​ជា​ជំនួយ​រដ្ឋបាល​ជូន​​លោក​​រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ក្នុង​នាម​ជា​អនុប្រធាន CAMSOC និង CAMAPGOC​។​ផ្សព្វផ្សាយ​ខ្លឹមសារ និង​ចែកចាយ​ខិតប័ណ្ណ​របស់ CAMSOC និង CAMAPGOC ជូន​មន្ដ្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​។

រៀបចំ​កិច្ចប្រជុំ សិក្ខាសាលា ឬ​បណ្ដុះបណ្ដាល ដើម្បី​ចែករំលែក​ព័ត៌មាន​របស់ CAMSOC និង CAMAPGOC​។​សហការ​ជាមួយ CAMSOC និង CAMAPGOC អង្គការ​ជាតិ និង​អន្ដរជាតិ បម្រើ​ការ​ក្នុង​វិស័យ​ជន​មាន​ពិការ​ភាព ដើម្បី​រៀបចំ​យុទ្ធសាស្ដ្រ​ចូលរួម​មុន​ព្រឹត្តិការណ៍ ក្នុង​ព្រឹត្តិការណ៍ និង​ក្រោយ​ព្រឹត្តិការណ៍ នៃ​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ចូលរួម​សហការ​ជាមួយ​អង្គការ​ជាតិ អន្ដរជាតិ និង​មណ្ឌល​ជន​ពិការ​ក្នុង​ការ​រៀបចំ​លេង​កីឡា ដើម្បី​សុខភាព ចូលរួម​ប្រកួត និង​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​តាម​គោលការណ៍​ប្រជាជន​ម្នាក់​ត្រូវ​លេង​កីឡា​មួយ​មុខ​។​រៀបចំ​ចងក្រង​ឯកសារ​របាយការណ៍​និង​បោះពុម្ព​សៀវភៅ​ប្រវត្តិសាស្ដ្រ​របស់​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​ក្នុង​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ក្រោយ​កម្ពុជា​រង់ចាំ​អស់​រយៈពេល​៦៤​ឆ្នាំ និង​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២​។​រៀបចំ​ផែនការ​សកម្មភាព និង​កៀ​គរ​មូលនិធិ​គាំទ្រ​ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​ចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព​។

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​សម្ដែង​ការ​គាំទ្រ​ពេញទំហឹង ព្រោះ​នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​ស្ថាប័ន​របស់​រដ្ឋ គឺ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​រៀបចំ​សិក្ខាសាលា​បែប​នេះ​ឡើង ដើម្បី​គាំទ្រ​ដល់​ចលនា និង​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​ដ៏​សំខាន់ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​។

​លោក​​ចាត់​ទុក​ថា នេះ​គឺជា​ស្មារតី​មួយ តាម​ការ​អំពាវនាវ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC តែងតែ​លើកកម្ពស់ និង​ផ្ដល់​អនុសាសន៍​ណែនាំ​ថា ក្រសួង​-​ស្ថាប័ន​ទាំងអស់ គួរតែ​ធ្វើការ​បំផុស​ចលនា​នេះ ឲ្យ​បាន​សស្រាក់សស្រាំ​ទាំងអស់​គ្នា ពិសេស​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ «​វិមាន​កីឡដ្ឋាន​» នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក៏​សម្ដេច​មាន​ប្រសាសន៍​ឲ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន និង​អាជ្ញាធរ​ឲ្យ​មានការ​គាំទ្រ​ក្នុង​ការ​ផ្សព្វផ្សាយ​នេះ​ដែរ​។

នេះ​គឺជា​សិក្ខាសាលា​ទី​១​ហើយ របស់​ក្រសួង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ដែល​រៀបចំ​ជា​សិក្ខាសាលា ដើម្បី​បំផុស​ចលនា​ឲ្យ​មន្ដ្រីរាជការ​នៅ​ក្រោម​ឱវាទ​ក្រសួង​បាន​ជ្រួតជ្រាប ពី​គុណ​តម្លៃ​របស់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ហើយ​ឲ្យ​ពួក​គាត់​ចូលរួម​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ទាំង​អស់នេះ​។ ហើយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា គឺជា​ក្រសួង​មួយ​មាន​សារសំខាន់ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ របស់​យើង​។ នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​មួយ ហើយ​ជា​គំរូ​មួយ​ដល់​ក្រសួង​-​ស្ថាប័ន​ផ្សេង​ៗ​ទៀត ឲ្យ​ខិតខំ​ប្រឹងប្រែង និង​រៀបចំ​បំផុស​ចលនា​កីឡា​នេះ ដល់​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​របស់​ខ្លួន​។ មាន​តែ​ការ​ធ្វើ​បែប​នេះ​ទេ ដែល​យើង​អាច​រួម​គ្នា ហើយ​ឈាន​ដល់​គោលដៅ ប្រជាជន​ម្នាក់ ជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍​ភ្ញៀវ​នៅ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ