រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ថា ពេលនេះតន្ត្រីជនពិការនៅសល់ជាង១០ក្រុមទៀត នៅតែជំនះប្រគុំតន្ត្រី ដើម្បីរៃអង្គាសប្រាក់តាមចិញ្ចើមផ្លូវបង្កភាពអនាធិបតេយ្យ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះចរាចរណ៍ដែលអាជ្ញាធរមិនមានការអប់រំ ឬណែនាំទៀតទេ គឺនៅថ្ងៃព្រហស្បតិ៍ ទី៣០ មិថុនានេះ សមត្ថកិច្ចត្រូវតែចុះទៅចាប់រឹបអូសយកសម្ភារតែម្តង ប្រសិនបើចុះទៅឃាត់ហើយនៅតែមិនព្រមឈប់ទៀតនោះ ។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យមានក្រុមតន្ត្រីជនពិការលេងតន្ត្រីតាមទីសាធារណៈទៀតទេ ចាប់ពីថ្ងៃទី៣០មិថុនានេះទៅ មន្ទីរសង្គមកិច្ច និងសមត្ថកិច្ចពាក់ព័ន្ធនឹងចុះទៅចាប់យកសម្ភារតែម្តង គឺលែងដោះស្រាយហើយ ព្រោះពួកគាត់និយាយមិនស្តាប់ ។ លោកបន្តថា ក្នុងពេលចុះអប់រំណែនាំកន្លងមក ក្រុមជនពិការនោះបានយកលេសថា បើមិនឲ្យគាត់ប្រកបមុខរបរនេះ តើបានមុខរបរអ្វីសម្រាប់ដោះស្រាយជីវភាព? ការពិតជនពិការបច្ចុប្បន្ននេះមានយន្តការច្រើនណាស់សម្រាប់ជួយដល់ជនពិការ ប៉ុន្តែជនពិការខ្លួនគាត់មិនបានជួយខ្លួនឯងទេ កន្លងមក ដោយមានការជម្រុញពីរាជរដ្ឋាភិបាល មានក្រុមហ៊ុន ក្រសួង និងស្ថាប័នមួយចំនួនបានជ្រើសរើសជនពិការឲ្យចូលបម្រើការងារ និងបានទំនាក់ទំនងទៅតាមទីតាំងប្រគុំតន្ត្រីតាមរង្គសាលនានា ដើម្បីឲ្យជនពិការបានច្រៀងកន្លែងប្រកបរបរចិញ្ចឹមជីវិត ដោយសេចក្តីថ្លៃថ្នូរ សិទ្ធិសញ្ញាជួយជនពិការក៏មិនគាំទ្រឲ្យជនពិការប្រកបមុខរបរដែលមិនសមស្របនោះដែរ តែគាត់មិនបានទៅទំនាក់ទំនងជាមួយគេ និងមានការគាំទ្រនូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡើយ ។
លោក សន សុផល បានឲ្យដឹងទៀតថា ថ្មីៗនេះតាមរយៈការស្នើសុំរបស់សមាគមសំនៀងតន្ត្រីជនពិការលើគម្រោងសាងសង់អគារស្នាក់នៅជូនក្រុមតន្ត្រីជនពិការនៅមជ្ឍមណ្ឌលកុមារកំព្រាភ្នំពេញនោះ នៅមិនទាន់មានការឆ្លើយតបពីរដ្ឋបាលរាជធានីភ្នំពេញទេ ។
ចំណែកលោក ភី ចន្ថា អនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានលើកឡើងនៅកម្មវិធីជីវិតយើង សង្គមយើងរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី២៨ មិថុនា ២០១៦ នេះថា ដោយសារកន្លងមក ជនពិការតែងតែចេញប្រកបមុខរបរនៅតាមភ្លើងស្តុប និងនៅលើដងផ្លូវសារធារណៈក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្លាប់សង្គម និងធ្វើឲ្យកកស្ទះចរាចរណ៍នោះ មន្ទីរ និងផ្នែកពាក់ព័ន្ធគ្រោងនឹងធ្វើអគារជូនក្រុមតន្ត្រីជនពិការ ដើម្បីជាកន្លែងស្នាក់នៅបណ្តោះអាសន្នផង និងបណ្តុះបណ្តាលវិជ្ជាជីវៈផង។ លោកបន្តថា ដើម្បីឲ្យតន្ត្រីជនពិការមានការងារល្អកាន់តែប្រសើរឡើង រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់អគារស្នាក់នៅសម្រាប់ក្រុមតន្ត្រីជនពិការទំហំ៧ម៉ែត្រកន្លះ និងបណ្តោយ៥៤ម៉ែត្រ នៅមជ្ឍមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដើម្បីចូលរួមកាត់បន្ថយភាពលំបាកជូនជនពិការ ពិសេសជួយសំរាលទុក្ខដល់សង្គម។
លោក ភី ចន្ថា បានបញ្ជាក់ថា កន្លងមក ជនពិការមានការលំបាក ដោយសារគាត់បែងចែកជាក្រុមៗទៅតាមទីកន្លែងស្តុបមួយចំនួន ជួនកាលមួយឬ២នាក់ ដែលមើលទៅមានភាពរញ៉េរញ៉ៃ គឺយើងធ្វើយ៉ាងណាឲ្យគាត់មានចំណេះដឹងវិជ្ជាជីវៈ មានការងារច្បាស់លាស់ ។ លោកស្រី ចាន់ ប្រធានផ្នែកសិទ្ធិជនពិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការបានឲ្យដឹងនៅក្នុងកម្មវិធីជីវិតយើង សង្គមយើងថា ក្រុមប្រឹក្សាសកម្មភាពជនពិការកំពុងប្រត្តិបត្តិតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលព័ត៌មានពីតន្ត្រីជនពិការត្រឡប់មកវិញថា តើពួកគាត់មានជំនាញអ្វីពិតប្រាកដ និងកំពុងទំនាក់ទំនងរកកន្លែងធ្វើការជូនពួកគាត់ដូចជា វិទ្យុ ទូរទស្សន៍ ឬកន្លែងផ្សេងៗដែលអាចទទួលបញ្ចូលជនពិការទៅតាមជំនាញដែលពួកគាត់ត្រូវការ។
ចំណែក កញ្ញា ទី រ៉ូសាណែត ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការជនពិការកម្ពុជា បានឲ្យដឹងដែរថា ទោះបីមានការសម្របសម្រួលពីខាងក្រុមប្រឹក្សាជនពិការ និងអាជ្ញាធររាជធានីភ្នំពេញក៏ដោយ ប៉ុន្តែគេសង្កេតឃើញនៅតែមានបងប្អូនក្រុមជនពិការមួយចំនួននៅតែបន្តការច្រៀងនៅតាមដងផ្លូវនៅឡើយ ហើយបញ្ហានេះ អង្គការកំពុងស្រាវជ្រាវអំពីមូលហេតុដែលជនពិការមិនទាន់ទទួលយកវិធានការរបស់អាជ្ញាធរពាក់ព័ន្ធ ។ កញ្ញាបន្តថា ការទទួលស្គាល់ពីសមត្ថភាពរបស់ជនពិការដែលក្រុមគាត់មួយចំនួនធំគ្មានជំនាញច្រៀង គ្មានលក្ខណៈវិជ្ជាជីវៈ ដូចក្រុមតន្ត្រីទំនើប។ ដូច្នេះវាពិបាកក្នុងការសម្របសម្រួលឲ្យក្រុមគាត់ច្រៀងទៅតាមស្ថានីយទូរទស្សន៍ ក្នុងពេលដែលស្ថានីយទូរទស្សន៍មួយចំនួនមិនទាន់ទទួលយកនូវសមត្ថភាពរបស់ជនពិការឡើយ ៕
ចែករំលែកព័តមាននេះ