រាជធានីភ្នំពេញ ៖ អំណោយសប្បុរសធម៌ជាច្រើន រួមមានគ្រឿងឧបភោគបរិភោគ ជារបស់ក្រុមហ៊ុនឯកជនមួយ តាមរយៈអាជ្ញាធរខណ្ឌច្បារអំពៅ បាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងជួបការលំបាកចំនួន៣០០គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ។
ការចុះនាំយកអំណោយចែកជូនខាងលើនេះ ធ្វើឡើងក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកចៅសង្កាត់ព្រែកប្រា រួមទាំងក្រុមមន្ត្រីក្រោមឱវាទ នឹងអ្នកគ្រប់គ្រងក្រុមហ៊ុនឯកជនផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដែលបានបន្តសកម្មភាពសប្បុរសធម៌ តាមរយៈអាជ្ញាធរខណ្ឌក្នុងការផ្តល់ជាគ្រឿងឧបភោគបរិភោគ ចែកជូនពលរដ្ឋក្រីក្រក្នុងមូលដ្ឋានខណ្ឌផងដែរ ។ ហើយការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នេះ គឺជាលើកទី១ ក្នុងឆ្នាំ២០២២នេះ ប៉ុន្តែជាលើក២ នៃសកម្មភាពមនុស្សធម៌ ដែលលើកទី១ គឺបានចែកជូនពលរដ្ឋនៅក្នុងសង្កាត់ច្បារអំពៅទី១ ។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា នេះគឺជាវប្បធម៌ចែករំលែកដ៏ប្រពៃមួយ ដែលក្រុមហ៊ុនខាងលើនេះ មានទឹកចិត្តសប្បុរសចំពោះប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបទុក្ខលំបាក ហើយក៏ជាសកម្មភាពសបញ្ជាក់អោយឃើញពីទឹកចិត្តអាណិតអាសូរចូលចិត្តស្រលាញ់ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅផងដែរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ