ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បុក្កតោ​កាន់តែ​មាន​ពន្លឺ​ក្លាយជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​សំណុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ដាក់​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ ជា​សម្បត្តិ​បេ​កតិក​ភ័​ណ្ឌ​ពិភពលោក​បាន​ធ្វើ​រួចរាល់​ហើយ ដោយ​កម្ពុជា​រំពឹង​ថា​នឹង​បញ្ចប់​តាម​ការ​គ្រោងទុក​នៅ​ខែតុលា​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​សំណុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ដាក់​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ ជា​សម្បត្តិ​បេ​កតិក​ភ័​ណ្ឌ​ពិភពលោក​បាន​ធ្វើ​រួចរាល់​ហើយ ដោយ​កម្ពុជា​រំពឹង​ថា​នឹង​បញ្ចប់​តាម​ការ​គ្រោងទុក​នៅ​ខែតុលា​ខាង​មុខ​នេះ គឺ​មុន​កាលកំណត់​ដែល​កម្ពុជា​នឹង​ស្នើ​ដាក់​នៅ​ដើមឆ្នាំ​២០១៧ នៅ​អង្គការ UNESCO ។ នេះ​ជា​ព័ត៌មាន​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយសារ​តែ​ល្បុក្កតោ ជា​ក្បាច់គុន​ចំណាស់ និង​មានការ​ទទួលស្គាល់​ទូលំទូលាយ រួច​មក​ហើយ​នៅ​លើ​ពិភពលោក ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​ចុះ​អនុ​ស្សណៈ​នៃ​ការ​យោគយល់ ស្ដី​ពី​ការ​ដាក់​បញ្ចូល​ក្បាច់គុន​បុរាណ​ខ្មែរ​ទៅ​ក្នុង​ការ​ហ្វឹកហ្វឺន​របស់​កង​យោធពលខេមរភូមិន្ទ កាល​ថ្ងៃ​ពុធ​កន្លង​ទៅ​ថា ក្បាច់គុន​ល្បុក្កតោ ត្រូវ​បាន​ចាត់ចែង​រៀបចំ​ឯកសារ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ឱ្យ​បាន​រួចរាល់​តាម​ការ​គ្រោងទុក​របស់​អង្គការ UNESCO ក្នុង​គម្រោង​ស្នើ​សុំ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។ លោក​ថា ឯកសារ​ទាំងស្រុង​នឹង​ត្រូវ​រួចរាល់​នៅ​ខែតុលា ហើយ​បន្ទាប់​ពី​បាន​រួចរាល់ គឺ​គម្រោង​យក​ទៅ​ឆ្លង​នៅ​អង្គការ UNISCO នឹង​ត្រូវធ្វើ​ឡើង​តាម​អ្វី​ដែល​បាន​កំណត់ ។ លោក​បង្ហាញ​ការ​សាទរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ក្បាច់គុន​ដ៏​ចំណាស់​មួយ​នេះ ក្រៅពី​ត្រូវ​បាន​ទទួលស្គាល់​ហើយ ក៏​ត្រូវ​ត្រៀម​ដាក់​បញ្ចូល​ជា​សម្បត្តិ​មនុស្សជាតិ ដែល​មិន​អាច​មាន​អ្នក​ណា​ចម្លង​បាន ឬ​លួច​បាន​នោះ​ទៅ​ទៀត ។ ឯកសារ​ដែល​បាន​រៀបចំ​រួម​មាន​ទាំង​វី​ដេ​អូ​ឃ្លី​ប ទាំង​ឯកសារ​សំ​ណេ​រ ដោយ​ត្រូវធ្វើ​ជា​ភាសា​អន្តរជាតិ​នោះ​ផង ដើម្បី​ងាយស្រួល​ពន្យល់​មហាជន និង​បណ្ដា​ប្រទេស​ដែល​មាន​សិទ្ធិ​ទទួលយក​ល្បុក្កតោ​ឱ្យ​ក្លាយជា​សម្បត្តិ​ពិភពលោក​យល់​ច្បាស់ ។

លោក​និយាយ​ថា​ខែ​៩ ឬ​ខែ​១០ ក្រុមការងារ​ទាំងមូល​នឹង​ធ្វើ​ឱ្យ​ចប់​នូវ​ឯកសារ​ទាំងនោះ បន្ទាប់​ពី​បាន​ប្រមូល​កីឡាករ​ចំណាស់​ៗ និង​អ្នក​យល់​ដឹង​ពី​ល្បុក្កតោ ដែល​លោក​ចាត់​ទុក​ថា ជា​ឯកសារ​រស់​មក​ផលិត​ជា​វី​ដេ​អូ​ឃ្លី​ប និង​ប្រមូល​ភស្ដុ​តាង​រាប់​មិន​អស់​ផ្សេង​ទៀត​ដើម្បី​ចងក្រង​ជា​ឯកសារ​។ លោក​ថា កាលពីមុន​ឯកសារ​ក្នុង​ការ​ដាក់​ស្នើ​មាន​ចំណុច​ខ្វះខាត​ទើប​បណ្ដាល​ឱ្យ​ក្បាច់គុន​ល្បុក្កតោ​បរាជ័យ​ក្នុង​គម្រោង​ដាក់​បញ្ចូល​ជា​សម្បត្តិ​វប្បធម៌​ពិភពលោក ។ ប៉ុន្តែ​ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ក្រសួង​វប្បធម៌ លោក​ថា ក្រុមការងារ​ទាំងមូល​បាន​ស្ទុះស្ទា​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ដោយ​ផ្អែក​តាម​លទ្ធផល​ការងារ​ចុង​ក្រោយ គឺ​មើលទៅ​ប្រសើរ​ឡើង​ចង់​លើស​ពី​ការ​គ្រោងទុក​នោះ​ផង ដោយសារ​តែ​ឯកសារ​រស់​ក៏​មាន​ច្រើន ហើយ​ឯកសារ​ជា​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ទៀត ក៏​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ល្បុក្កតោ ដែល​មិន​អាច​ឱ្យ​ក្បាច់គុន​មួយ​នេះ ត្រូវ​ភាន់​ច្រ​លំ​ថា ជា​របស់​ជាតិ​សាសន៍​ដទៃ ។

លោក​ថា ការងារ​ផលិត​ឯកសារ​ក្នុង​រយៈពេល​កន្លង​មក បាន​ទទួល​ការ​គាំទ្រ​ពី​សហគមន៍ ដោយ​ភាគី​ជ្រោមជ្រែង​ទាំងនោះ​បាន​ទាំង​រុញ​ឱ្យ​ក្រុមការងារ​ផលិត​ឯកសារ​ឱ្យ​បាន​ល្អ និង​បានការ​តម្រង់​ទិស​ពី​ក្រសួង​វប្បធម៌ និង​ភាគី​ខាង​កូរ៉េ​ខាងត្បូង​យ៉ាង​ពេញទំហឹង​បន្ថែម​ទៀត​។  លោក​ថា ដំណើរការ​រៀបចំ​ឯកសារ​នឹង​ធ្វើ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធានា​ថា នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ គឺ​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ឱ្យ​ក្លាយជា​សម្បត្តិ​រួម​របស់​មនុស្សជាតិ ដែល​មិន​មាន​ជាតិ​សាសន៍​ណាមួយ​បំពាន​បាន ។ លោក​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​សហព័ន្ធ​កីឡា​ល្បុក្កតោ ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ចំពោះ​ទីភ្នាក់ងារ​មូលនិធិ​វប្បធម៌​កូរ៉េ ដែល​ក្រៅពី​ជួយ​សហការ គឺ​បាន​ផ្ដល់​ជំនួយ​ក្នុង​ការ​ផលិត​នូវ​ឯកសារ​ទាំងនោះ ដែល​លោក​ប្រកាស​មិន​ហួស​ពី​ខែតុលា​នឹង​បាន​ជោគជ័យ ។

គួរ​រំលឹក​ថា សំណើ​នៃ​ការ​ដាក់​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ទៅ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​មនុស្សជាតិ បាន​បញ្ជូន​ទៅ​តាំងពី​ឆ្នាំ​២០១២​ម្ល៉េះ ប៉ុន្តែ​ត្រូវ​បាន​អង្គការ UNESCO​រុញ​ត្រឡប់​មក​វិញ ដោយ​មានការ​ណែនាំ​ឲ្យ​បំពេញ​ឲ្យ​មាន​ទម្ងន់​គ្រប់គ្រាន់​បន្ថែម​ទៀត ។ ដោយឡែក​សំណុំ​ឯកសារ​កែ​ច្នៃ​ជា​ថ្មី ដែល​រំពឹង​ថា​នឹង​រួចរាល់​នៅ​ខែតុលា​នេះ នឹង​បញ្ជូន​ទៅ UNESCO នៅ​ខែមីនា ឆ្នាំ​២០១៧ ខាង​មុខ ។ គម្រោង​នេះ ក៏​មិន​ខុស​ពី​ការ​លើកមុខ​លើក​មាត់​ដល់​កីឡាករ​ល្បុក្កតោ ឱ្យ​មាន​កម្លាំងចិត្ត​ប្រឹងប្រែង​ហ្វឹកហាត់ និង​បាន​ក្លាយជា​ធនធាន​ល្បុក្កតោ​កាន់តែ​ច្រើន ដើម្បី​លើក​ស្ទួយ​ដល់​វិស័យ​នេះ​ផង​ដែរ ៕