អភិបាលខណ្ឌដូនពេញ ៖ នៅតែមានមនុស្សគ្មានសីលធម៌មួយចំនួនតូច បន្ទោបង់តាមច្រាំងទន្លេមុខវាំង
រាជធានីភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា…
រាជធានីភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា…
រាជធានីភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ នេះបានដឹកនាំមន្ដ្រីរាជការ ខណ្ឌ សង្កាត់ និងកម្លាំងប្រជាការពារខណ្ឌ ចុះធ្វើអនាម័យបរិស្ថាន តាមបណ្ដោយច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រី និងមុខព្រះបរមរាជវាំង រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ដោយបានធ្វើការប្រមូលសំរាមតាមសួនច្បារ និងច្រាំងទន្លេ ព្រមទាំងប្រើប្រាស់ម៉ាស៊ីនបាញ់ទឹកលាងសម្អាតច្រាំងទន្លេ បំបាត់ក្លិនស្អុយឆ្អេះឆ្អាប(ដែលមនុស្សអគតិមួយចំនួនតូចនៅតែបន្ទោបង់) ដើម្បីសោភ័ណភាពតាមមាត់ទន្លេ ។
លោក សុខ ពេញវុធ បានថ្លែងប្រាប់ថា យុទ្ធនាការខាងលើនេះ ជាការរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលបានអញ្ជើញមកលេងកម្សាន្ដសប្បាយតាមទីសាធារណៈ តាមបណ្ដោយមាត់ទន្លេ សួនច្បារនានា ឲ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ចេះយកសំរាមដាក់ចូលធុងសំរាមដែលនៅតាមសួនច្បារសាធារណៈ ជាពិសេសមនុស្សអគតិមួយចំនួនតូច ដែលតែងតែបន្ទោបង់តាមខឿនច្រាំងទន្លេ ដោយខ្វះការពិចារណា គ្មានសីលធម៌ ឲ្យចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាអនាម័យបរិស្ថាន សំដៅធ្វើឲ្យទីកម្សាន្ដសប្បាយរបស់យើង ក្លាយជាតំបន់ទេសចរណ៍ ដែលមានបរិស្ថានអនាម័យល្អ និងបរិយាកាសប្រកបដោយផាសុខភាពផងដែរ ។
គួរបញ្ជាក់ផងដែរថា លោកអភិបាលខណ្ឌដូនពេញ បានដាក់កម្លាំងប្រជាការពារខណ្ឌ ដើម្បីធ្វើការបាញ់លាងសម្អាត តាមបណ្ដោយច្រាំងទន្លេខាងលើ ជាប្រចាំ មួយថ្ងៃ ២ដង គឺពេលព្រឹក និងរសៀល ដើម្បីរក្សា បាននូវបរិស្ថានអនាម័យល្អប្រសើរ ជាពិសេសបំបាត់ក្លិនស្អុយឆ្អេះឆ្អាប ដែលបណ្ដាលមកពីការបន្ទោបង់គ្មានសណ្ដាប់ធ្នាប់ និងការបោះចោលសំរាម តាមច្រាំងទន្លេផងដែរ ៕
ចែករំលែកព័តមាននេះ