ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ជំរុញ​​​ជន​មានពិការភាពចូល​ប្រឡូក​វិស័យ​កីឡា

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ខណៈ​ដែល​កម្ពុជា​ត្រៀម​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ សម្រាប់​ជន​មាន​ពិការ​ភាព​ ក្រោយ​

​រាជធានីភ្នំពេញ ៖ ខណៈ​ដែល​កម្ពុជា​ត្រៀម​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ សម្រាប់​ជន​មាន​ពិការ​ភាព​ ក្រោយ​ខកខាន​ជាប់​ៗ​គ្នា​២​រដូវ​កាល​របស់​ប្រទេស​អាស៊ាន ដែល​ការ​ប្រកួត​នេះ​គេ​ហៅ​ថា ប៉ា​រ៉ា​ហ្គេ​ម​នោះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​ទទូច​សុំ​អោយ​ជន​មាន​ពិការ​ភាព​ទាំងឡាយ ដែល​គិត​ថា​ខ្លួន​អាច​លេង​កីឡា​ណាមួយ ចូល​ធ្វើ​កីឡាករ ដោយ​ខាង​គណៈកម្មការ​នឹង​ជួយ​ជំរុញ ដើម្បី​សម្រេច​ឆន្ទៈ​នោះ​។ លោក យី វាសនា អគ្គ​លេខា​បាន​ជំរុញ​អោយ​កីឡាករ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកមាន​ពិការ​ភាព​ដែល​ពួក​គេ​មាន​ទំនាក់ទំនង ហើយ​លើកទឹកចិត្ត​អោយ​ពួក​គេ​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​កីឡា​នោះ​ផង​។

លោក យី វាសនា និយាយ​ថា នៅ​ក្នុង​កាលទេសៈ​នេះ គណៈកម្មការ​ប៉ា​រ៉ា​អូ​ឡាំ​ពិ​ក​កម្ពុជា ត្រូវការ​កីឡាករ​ជា​ជន​ពិការ​ច្រើន​ណាស់ ដោយ​មិនមែន​ត្រូវការ​តែ​ការ​ពង្រឹង​កីឡាករ​ដែល​មាន​ស្រាប់តែ​ម្យ៉ាង​នោះ​។ លោក​ថា កម្ពុជា​ត្រូវការ​បណ្ដុះ​កីឡាករ​ថ្មី​ៗ និង ត្រូវធ្វើ​សកម្មភាព​បំផុស​អោយ​ខ្លាំង ដើម្បី​អោយ​ជន​មាន​ពិការ​ភាព​ចូល​ប្រលូក​ក្នុង​វិស័យ​កីឡា​។ លោក​ថា នា​ពេល​កន្លង​មក ប៉ា​រ៉ា​ហ្គេ​ម​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​ចំនួន​បី​រួច​មក​ហើយ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្តកំពង់ស្ពឺ បាត់ដំបង និង​ខេត្តសៀមរាប ដើម្បី​ជ្រើសរើស​កីឡាករ​កីឡាការិនី តាម​រយៈ​ការ​បង្កើត​វេទិការ​ប្រកួតប្រជែង និង បំផុស​អោយ​មានការ​ចូលរួម​លេង​កីឡា ហើយ​សម្រាប់​អ្នកមាន​សមត្ថភាព ដែល​អាច​បណ្ដុះ​ធ្វើ​ជា​កីឡាករ នៅ​ក្នុង​ប្រភេទ​កីឡា​ណា​បាន គឺ​គណៈកម្មការ​នឹង​ជ្រើស​យក​មក​បណ្ដុះ​។

លោក​​បន្ត​ថា​ យុទ្ធនាការ ដែល​បាន​ធ្វើ​ឡើង គឺ​ជម្រើស​បាន​អត្ត​ព​លិ​ក​ពិការ​ដែល​មាន​សមត្ថភាព បាន​ច្រើន​នាក់​មក​ហើយ អោយមក​ធ្វើការ​ហ្វឹកហាត់ និង​កែ​លម្អ ដើម្បី​ត្រៀម​ពួក​គេ​សម្រាប់​ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេ​ម​។ ប៉ុន្តែ​តួលេខ​ដែល​ទទួល​បាន​គឺ​នៅ​តែ​មាន​តម្រូវការ​ទៀត ទើប​គណៈកម្មការ​ប៉ា​រ៉ា​ហ្គេ​ម ស្នើ​អោយ​ជន​មាន​ពិការ​ភាព ស្ម័គ្រចិត្ត​បន្ថែម ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​ជា​កីឡាការិនី និង ក្លាយជា​ធនធាន​សម្រាប់​ប៉ា​រ៉ា​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២៣​។

លោក​អគ្គលេខាធិការ​រូបនេះ​បាន​បញ្ជាក់​ថា យុទ្ធនាការ​នេះ​នឹង​បន្ត​នៅ​តាម​ខេត្ត​ផ្សេង​ៗ ទៀត ដើម្បី​បន្ត​ជ្រើសរើស​បុគ្គលិក​សម្រាប់​ព្រឹត្តិការណ៍ ASEAN Para Games លើក​ទី​១២ ឆ្នាំ​២០២៣ ផង និង​រើស​កីឡាករ​ផង ដើម្បី​ផ្ដល់​ឱកាស​អោយ​ជន​មាន​ពិការ​ភាព​។ ក្រៅពី​សម្រាំង​រក​អ្នកលេង​កីឡា ដែល​មាន​ពិការ​ភាព សកម្មភាព​នេះ ក៏​នឹង​ជម្រើស​អោយ​បាន នូវ​គ្រូបង្វឹក មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និង​អ្នក​ស្ម័គ្រចិត្ត ដែល​មាន​សមត្ថភាព​ផង​ដែរ​។ បុគ្គល​ដែល​ត្រូវ​បាន​ជ្រើសរើស​ក៏​នឹង​ដើរ​ដង្ហែ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ ASEAN Para Games 2022 នា​ពេល​ខាង​មុខ​។

លោក​បន្ត​​ថា​ ភាព​ជោគជ័យ​របស់​ប៉ា​រ៉ា​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា ត្រូវការ​ចាំបាច់​បំផុត​នូវ​ការ​ចូលរួម ហើយ​លទ្ធផល​ដែល​គណៈកម្មការ​ទទួល​បាន​គឺ​កាន់តែ​ប្រសើរ ខណៈ​ការ​រៀបចំ និង ការ​ត្រៀមកម្លាំង​របស់​កីឡាករ​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ គឺជា​រឿង​ដ៏​សំខាន់ ដែល​គណៈកម្មការ​ទាំងមូល​ត្រូវ​ទទួលខុសត្រូវ​។ លោក​ស្នើ​អោយ​ជន​មាន​ពិការ​ភាព អាច​ទំនាក់​ទៅ​តាម​កីឡាករ​ដូច​គ្នា ឬ ក្លិប​កីឡា​ដែល​អាច​ទំនាក់ទំនង​បាន ឬ ទាក់ទង​មក​កាន់​គណៈកម្ម​ការ​ប៉ា​រ៉ា​ហ្គេ​ម​ជាតិ​តែ​ម្ដង ដើម្បី​ទទួល​បាន​ព័ត៌មាន​ក្លាយជា​កីឡាករ ដោយ​តាម​ជំហាន​ៗ គឺ​ត្រូវ​បង្វឹក បណ្ដុះបណ្ដាល ហើយ​ចុង​ក្រោយ​គឺ​ឆ្លងកាត់​ការ​ប្រឡង ដើម្បី​ចូល​ក្រុម​ជម្រើសជាតិ​។ ការ​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​កីឡាករ ក៏​នឹង​ជួយ​អោយ​ជន​ពិការ​ម្នាក់​ៗ ទទួល​បាន​កិត្តិយស និង មុខមាត់​ថ្មី ក្នុង​ការ​កែប្រែ​ស្ថានភាព​ជា​ជន​មាន​ពិការ​ភាព​របស់​ខ្លួនឯង​ផង ទើប​លោក​លើកទឹកចិត្ត​អោយ​អ្នក​ទាំងនោះ ចូល​បម្រើ​កីឡា និង ដើម្បី​ផ្លាស់​ប្ដូរ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ