ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្កូវ​ហ្វូង​កំពុង​បំផ្លាញ ស្រូវពង្រោះ​ប្រជា​កសិករ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដង្កូវ​ហ្វូង​ជា​ដង្កូវ​ម្យ៉ាង​ដែល​កំពុងស៊ី​បំផ្លាញ​ស្រូវពង្រោះ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ ហើយ​នោះ​គឺជា​សត្វ​ប្រភេទ​ទី​បី

ខេត្ត​ព្រះ​សីហ​នុ ៖ ដង្កូវ​ហ្វូង​ជា​ដង្កូវ​ម្យ៉ាង​ដែល​កំពុងស៊ី​បំផ្លាញ​ស្រូវពង្រោះ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ ហើយ​នោះ​គឺជា​សត្វ​ប្រភេទ​ទី​បី ដែល​បាន​មក​ស៊ី  និង​កាត់​បំផ្លាញ​ស្រូវពង្រោះ​ដែល​ទើប​ព្រោះ ក្នុង​ដើមរដូវ​វស្សា​ឆ្នាំ​នេះ​ដែល​ទី​មួយ​គឺ​កណ្តុរ ទី​ពីរ​ខ្យង ហើយ​សម្រាប់​សត្វ​ដង្កូវ​នេះ កាលពី​ឆ្នាំ​កន្លង​ទៅ​តំបន់​ស្រុក​ព្រៃ​នប់  មិន​ដែល​មាន​មក​កាត់​បំផ្លាញ​ឡើយ គឺ​មាន​តែ​ខ្យង​តែ​ប៉ុណ្ណោះ  ចម្លែក​តែ​ឆ្នាំ​នេះ​កើត​ចេញ​នូវ​សត្វ​ចង្រៃ​ប្រភេទ​នេះ​មួយទៀត​មក​ជាន់​បន្ត​ពី​សត្វ​កណ្តុរ និង​សត្វ​ខ្យង ។ 

តាម​ប្រភព​ពី​មន្ត្រី​សាលាស្រុក​ព្រៃ​នប់  បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ​ថា   គឹ​ត​ត្រឹម​ថ្ងៃនេះ ស្រូវពង្រោះ​ដែល​រង​គ្រោះ​ដោយ​សត្វ​ដង្កូវ​បំផ្លាញ​ធ្ងន់ធ្ងរ​ខ្លាំង​ជាងគេ​គឺ  នៅ​ក្នុង​ឃុំ​សំរុង  ស្រុក​ព្រៃ​នប់​មាន​ជិត​១០០​ហិ​កតា ដែល​ទទួល​រង​ផល​ប៉ះពាល់  តែ​នៅ​ក្នុង​ចំនួន​ទាំងនេះ មិន​ត្រូវ​បំផ្លាញ​អស់ទាំង​ស្រុង​នោះ​ទេ​។ ជាមួយនឹង​បញ្ហា​នេះ​លោក អ៊ឹ​ង សំ​អុល ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​បាន​ឲ្យ​ដឹង​ថា ស្រូវពង្រោះ​របស់​កសិករ​នៅ​ក្នុង​ឃុំ​សំរុង ពិតជា​កំពុង​ត្រូវ​បាន​កាត់​ស៊ី​បំផ្លាញ​ដោយ​សត្វ​ដង្កូវ​ហ្វូង​ពិតមែន ហើយ​ពេល​នេះ​ខាង​កសិកម្ម​កំពុង​ចុះ​ពិនិត្យ​តាមដាន និង​បាញ់ថ្នាំ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ដល់​ឃុំ​ផ្សេង​ៗ​ទៀត ហើយ​រាយការណ៍​ទៅ​មន្ទីរ  ក្រសួង  ដើម្បី​ជួយ​ទោះបីជា​ពេល​នេះ នៅ​ត្រឹម​ជា​កា​ប៉ះពាល់​ក៏​ដោយ ។

លោក​ប្រធាន​បាន​បន្ត​ទៀត​ថា ការ​ប្រកប​របរ​កសិកម្ម​ដំណាំ​ស្រូវ​នៅ​ក្នុងស្រុក​ព្រៃ​នប់​នេះ   ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដើមរដូវ   គឺ​ត្រូវ​ជួប​បញ្ហា​ជា​តែ​ម្ដង អស់ពី​កណ្ដុរ  ខ្យង ។ ប្រជា​កសិករ​ខ្លះ​ក្នុង​មួយ​ដើមរដូវ  ព្រោះ​ពីរ​ទៅ​បី​ដង​ទំ​រាំ​បាន​ផល  ហើយ​សម្រាប់​ឆ្នាំ​នេះ  កើត​ចេញ​នូវ​សត្វ​ដង្កូវ​ហ្វូង​មក​កាត់​ស៊ី​បំផ្លាញ​ទៀត   តែ​ទោះបី​យ៉ាងណា​ខាង​កសិកម្ម  នឹង​នៅ​គៀក​ជាមួយ​ប្រជា​កសិករ  ជួយ​កំចាត់​សត្វ​ចង្រៃ​នេះ​ឲ្យ​អស់ ។ សូម​បញ្ជាក់​ថា​សត្វ​ដង្កូវ​នេះ​កាត​បំផ្លាញ​ភាគច្រើន​ពេល​ស្រូវពង្រោះ​ដុះ​បាន​ជិត​កន្លះ​ច​ង្អា​ម  ចំពោះ​ស្រែ​ដែល​មិនសូវ​សំបូរ​ទឹក  ហើយ​នៅ​ក្នុង​តំបន់​នោះ​ស្ថិត​ក្នុង​ប៉ុ​ល​ឌែ (​ទំនប់​កា​ពារ​ទឹកប្រៃ​)  ហើយ​ពេល​នេះ​ខាង​កសិកម្ម និង​ខាង​ប៉ុ​ល​ឌែ​កំពុង​ចុះ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​សំ​ម្រេច​គួរ​បើកទ្វារ​ទឹក  ឬ បិទទ្វារ​ទឹក​ដើម្បី​ពន្លិច​ដង្កូវ ឬ​យ៉ាងណា  តែបើ​ទឹក​ក្នុង​ស្រែ​មាន​ច្រើន ខ្យង​ក្រហម​ស៊ី ក្នុង​ស្រែ​ណា​ដែល​មាន​ពួក​វា​ច្រើន​ស្រែ​នោះ​គ្មាន​សល់​ឡើយ  ។  ហើយ​ត្រឹម​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ   មិន​បំផ្លាញ​តែ​នៅ​ក្នុង​ឃុំ​សំរុង​មួយ​ប៉ុណ្ណោះ​ទេ​នៅ​ឃុំ​អណ្តូង​ថ្ម  ឃុំ​ព្រៃ​នប់​ដែល​ជា​ឃុំ​ជាប់​ៗ​គ្នា ក៏​កំពុង​ប៉ះពាល់​បង្ក​មក​ពី​សត្វ​ដង្កូវ​នោះ​ដែរ ទោះបីជា​ពេល​នេះ​ខាង​ជំនាញ​ក៏​ដូច​ជា​ខាង​អាជ្ញាធរ​ស្រុក​កំពុង​ដុតដៃដុតជើង​ដើម្បី​ជួយ និង​រាយការណ៍​បន្ត​ស្វែងរក​វិធានការ​មក​ទប់ទល់​នឹង​សភាព​ការ​ខាងលើ​នេះ ៕