រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ត្រូវបានឪពុកចុងលីផ្គាក់ចូលបន្ទប់គំរាមសម្លាប់បើហ៊ានស្រែក រួចចាប់ស្រាតខោអាវប្រុងរំលោភ តែត្រូវម្តាយរបស់នាងធាក់១ជើងរួចបើកទ្វាររត់មកក្រៅហៅគេជួយ ។ ហេតុការណ៍នេះកើតឡើងនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងមានឈ្មោះ នាត ជា អាយុ៣៨ឆ្នាំ មុខរបរកម្មករសិប្បកម្មចាក់បង្គោលភ្លើង មានស្រុកកំណើតនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួនបាននៅម៉ោង៤ និង២០នាទីរសៀលថ្ងៃនេះ ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៨ឆ្នាំ ។
ប្រភពស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទាំង៣នាក់(គាត់ កូនស្រីគាត់ និងប្តីចុង) រស់នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ នៅម៉ោងប្រមាណជា១២ និង២០នាទីថ្ងៃត្រង់ស្រាប់តែប្តីចុងល្មោភកាមចិត្តតិរច្ឆានបានលីកាំបិតផ្គាក់ចូលមកក្នុងបន្ទប់គំរាមគាត់និងកូនស្រីគាត់មិនឲ្យស្រែក ហើយចាប់ស្រាតខោអាវកូនស្រីគាត់បម្រុងរំលោភ ពេលនោះគាត់ក៏ធាក់១ជើងរួចបើកទ្វារបន្ទប់រត់ទាំង២នាក់ម្តាយកូនមករកគេជួយ ភ្លាមៗនេះប្តីចុងក៏រត់គេចខ្លួនបាត់តែម្តង ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបន្តទៀតថា ក្រោយពេលកើតហេតុគាត់ក៏នាំកូនស្រីគាត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍ និងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ