ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ក្មេង​តូច​…​តើ​ជីវិត​រស់នៅ​រំពឹង​អ្នក​ណា​…​?

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ គ្រួសារ​ទុគ៌ត​មួយ ដែល​ម្ដាយ​បាន​ស្លា.ប់​ចោល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ឪពុក​ឈឺ​ដេក​កន្ទេល​ធ្វើ​ឲ្យ​កូន​តូច​ៗ​ពីរ​នាក់​រស់នៅ​យ៉ាង​លំបាក​វេទនា​

ខេត្តពោធិ៍សាត់ ៖ គ្រួសារ​ទុគ៌ត​មួយ ដែល​ម្ដាយ​បាន​ស្លាប់​ចោល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ឪពុក​ឈឺ​ដេក​កន្ទេល​ធ្វើ​ឲ្យ​កូន​តូច​ៗ​ពីរ​នាក់​រស់នៅ​យ៉ាង​លំបាក​វេទនា​គ្មាន​ទីពឹង ឥឡូវនេះ​បាន​ដង្ហោយ​រក​សប្បុរសជន​ឲ្យ​ជួយ ដើម្បី​បាន​រស់ និង​បាន​រៀនសូត្រ​នឹង​គេ​។ គ្រួសារ​មួយ​នេះ​រស់នៅ​ក្នុង​ខ្ទម​លិច​ធ្លុះធ្លាយ​បាំង​តង់ និង​ស្លឹក​លើ​ដី​អ្នក​ដទៃ​ដែល​គេ​ឲ្យ​រស់នៅ​បណ្ដោះអាសន្ន​ស្ថិត​នៅ​ភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ជួប​ជាមួយ​លោកយាយ អ៊ុយ មុត អាយុ​៨១​ឆ្នាំ ត្រូវជា​ម្ដាយមីង​របស់​ឪពុក​ម្ដាយ​ក្មេង​ទាំង​ពីរ ដែល​មាន​ជីវភាព​លំបាក​ដែរ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ដាយ​របស់​គេ​បាន​ស្លាប់​ចោល​អស់​រយៈពេល​ប្រហែល​មួយ​ឆ្នាំទៅ​ហើយដោយ​គ្រោះថ្នាក់​ចរាចរណ៍​។ សព្វ​ថ្ងៃនេះ​ពួក​គេ​រស់នៅ​ជាមួយ​ឪពុក​ឈ្មោះ ឃិ​ត ឃឿ​ន អាយុ​៥៥​ឆ្នាំ ឈឺ​រ៉ាំរ៉ៃ​ស្គមរីងរៃ​ដេក​នៅ​នឹង​កន្ទេល ហើយ​និយាយ​ក៏​មិន​ចង់​កើត​ដែរ​រង់​ចាំតែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ​។ ចំណែក​កូន​ទាំង​ពីរ​នាក់​ម្នាក់​ឈ្មោះ ឃឿ​ន សាន ភេទ​ស្រី​អាយុ​៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឃឿ​ន សែ ភេទ​ប្រុស អាយុ​៥​ឆ្នាំ មិន​បាន​រៀនសូត្រ​ជាប់លាប់​ដូច​កូន​គេ​ទេ​។

លោកយាយ​បន្ត​ទៀត​ថា គ្រួសារ​នេះរ​ស់បាន​ដោយសារ​លោកយាយ និង​អ្នក​ជិតខាង​ជួយ​ផ្ដល់​បាយ​សម្ល​ឲ្យ ទោះបី​លោកយាយ និង​កូន​របស់​លោកយាយ​មាន​ជីវភាព​លំបាក​យ៉ាងណា​ក៏​ដោយ​ក៏​ចេះ​តែ​ចែករំលែក​គ្នា​ទៅ​ព្រោះ​អាណិត​ចៅ​ៗ​ទាំង​ពីរ​ដែល​នៅ​មាន​អនាគត​វែង​ឆ្ងាយ​។ លោកយាយ​បាន​អំពាវនាវ​ដល់​សប្បុរសជន​ដែល​មាន​សណ្ដាន​ចិត្ត​ជ្រះថ្លា មេត្តា​ជួយ​ធ្វើ​ផ្ទះ​និង​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ទុគ៌ត​ខាងលើ​នេះ​ផង ពិសេស​ជួយ​ដល់​ចៅស្រី​ប្រុស​ទាំង​ពីរ​បាន​រៀនសូត្រ​នឹង​គេ​។ លោក​មេ​ភូមិ​កំ​រ៉ែ​ង និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ទីនោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មកនេះ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ស្វាយស​បាន​ជួយ​ឧបត្ថម្ភ​សម្ភារ​ហូប​ចុក  សំលៀក​បំពាក់ និង​ថវិកា​មួយ​ចំនួន​ដល់​គ្រួសារ​នេះ​ផង​ដែរ​។

ដោយឡែក​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ ខណៈ​ពេល​ដែល​ប្រតិភូ​របស់​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិ​វ​ឌ្ព្យ​ន៍​ខេត្តពោធិ៍សាត់​ដឹកនាំ​ដោយ​លោក​ជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន និង​លោក​ជំទាវ ឯម ប៉ុណ្ណា​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​អ្នក​ក្រីក្រ​បំផុត​ចំនួន​២២​នាក់​នៅ​ឃុំ​ឈើ​តុំ​នោះ ក៏​បាន​យក​មក​ចែក​ជូន​ដល់​គ្រួសារ​នេះ​ដែរ​ក្នុង​នោះ​មាន​ថវិកា​៦១​ម៉ឺន​រៀល​,​អង្ករ​២៥​គ​ក្រ​,​មី​២​កេស​,​ទឹកត្រី​,​សាប៊ូ​,​ថ្នាំដុសធ្មេញ​,​ច្រាស​ដុសធ្មេញ​,​ទឹកបរិសុទ្ធ និង​ថ្នាំពេទ្យ​មួយ​ចំនួន​ទៀត​។ ទោះ​យ៉ាងណា​លោក​នៅ​តែ​អំពាវនាវ​រក​សប្បុរសជន​ជួយ​បន្ត​ទៀត​ពិសេស​ជួយ​ធ្វើ​ផ្ទះ​តូច​ល្មម​មាន​ជញ្ជាំង​ជិត​កុំ​ឲ្យ​លិច​ទឹកភ្លៀង​មាន​បាយ​ហូប និង​ជួយ​ឲ្យ​កូន​ៗ​ទាំង​ពីរ​នាក់​បាន​រៀនសូត្រ​យក​តែ​បុណ្យ​ផង​ចុះ​៕