រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តបណ្ដើរប្រឡែងលេងជាមួយស្រីស្នេហ៍បណ្ដើរ បណ្ដាលឲ្យរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវទ្រូងផ្លូវបាក់អស់មួយកង់ខ្ទាតទៅចិញ្ចើមផ្លូវ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុករ៉ឺម៉កម៉ូតូក្រឡាប់១គ្រឿងទៀត រួចបន្តទៅបុករបងផ្ទះឧកញ៉ាមួយរូបទៀតទើបរថយន្តទៅមុខលែងរួច ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវម៉ៅសេទុង នៅចំណុចមុខផ្ទះឧកញ៉ា ហ៊ុន តូ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កម៉ាក ឡិចស៊ីស RX3០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-3221 មានឈ្មោះ ហេង ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រី២នាក់ទៀត ជិះរថយន្តម៉ាក ឡិចស៊ីស RX300 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចខាងលើរវល់តែប្រឡែងគ្នាជាមួយស្រីស្នេហ៍នៅក្នុងរថយន្តក៏បានរេចង្កូចទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ផ្លោងទៅចិញ្ចើមផ្លូវ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានរេចង្កូតជ្រុលទៅបុករ៉ឺម៉កម៉ូតូ១គ្រឿងទៀតដែលបើកស្របទិសគ្នាបណ្តាលឲ្យរ៉ឺម៉កម៉ូតូក្រឡាប់ខូចខាត និងរងរបួសស្រាល ហើយរថយន្តបង្កជ្រុលទៅបុកនឹងរបងដែលមានរូបចំលាក់នៅតាមជញ្ជាំងផ្ទះរបស់ឧកញ៉ាមួយរូបបណ្តាលឲ្យខូចខាតផងដែរ ទើបរថយន្តដាច់កាឡេកង់មុខខាងឆ្វេងនឹងផ្ទុះពោងសុវត្ថិភាពទាំងសងខាងទៅមុខលែងរួច ធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តនាំគ្នារត់គេចខ្លួនអស់ ។
ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបង្កនៅកន្លែងកើតហេតុបានបន្តិចក៏ត្រូវមិត្តភក្កិមកដឹកយកទៅបាត់ នៅសល់តែរថយន្តបង្កត្រូវសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ