ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បង្កើន​ការប្រុងប្រយ័ត្ន​! អូ​មី​ក្រុង ឆ្លង​ចូលក្នុង​សហគមន៍​ហើយ​! ទើប​រកឃើញ​ម្នាក់ នៅ​ទួល​សង្កែ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​យប់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២២ នេះ​ថា កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង ម្នាក់…

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​យប់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២២ នេះ​ថា កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង ម្នាក់ ដែលមាន​លទ្ធផល​វិភាគ​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១​។ ករណីនេះ គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។​

​សេចក្តីប្រកាស លើកឡើងថា ករណី​វិជ្ជមាន​កូ​វីដ​១៩ អូ​មី​ក្រុង ឆ្លង​ក្នុង​សហគមន៍​នេះ ត្រូវបាន​រកឃើញ​លើ​បុរស​ជនជាតិខ្មែរ អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។ បុរស​រូបនេះ បាន​ទៅ​កំដរ​អ្នកជំងឺ ដែលជា​បងប្អូនជីដូន​មួយ នៅ​មន្ទីរពេទ្យ​មួយ ក្នុង​រាជធានី​ភ្នំពេញ ដែល​មន្ទីរពេទ្យ​នោះ បាន​យក​វត្ថុ​សំណាក​របស់គាត់ ទៅពិនិត្យ នៅ​មន្ទីរពិសោធន៍​ឃើញ​វិជ្ជមាន​អូ​មី​ក្រុង ហើយ​បច្ចុប្បន្ន បុរស​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​ព្យាបាល​អូឡាំពិក រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស លើកឡើងថា តាំងពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ បុរស​រូបនេះ បានធ្វើ​ដំណើរ​ទៅជា​ច្រើន​កន្លែង ដូចជា នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ទៅលេង​ទីតាំង​មួយចំនួន នៅ​តានី​ទូក​មាស ខេត្តកំពត ដោយបាន​ធ្វើដំណើរ​ជាមួយ​បងប្អូន​ជី​ដូន​មួយ ​មកពី​ប្រទេស​អូស្ត្រាលី មកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ហើយ​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ គាត់​បាន​ទៅ​កំដរ​អ្នកជំងឺ ដែលជា​បងប្អូនជីដូន​មួយ នៅ​មន្ទីរពេទ្យ​មួយ ដែល​ក្រោយមក​ក៏បាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ អូ​មី​ក្រុង​។​

​ក្រសួងសុខាភិបាល បានប្រកាស​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ដោយ​ហ្មត់ចត់ ជាពិសេស​វិធានការ “៣​ការពារ និង​៣​កុំ​” និង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅពេល​ដល់​វេន​លោកអ្នក ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ នៅតាម​សហគមន៍​របស់​យើង​។​

​សូម​រម្លឹកថា ចាប់ពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២២ ក្រសួងសុខាភិបាល ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង សរុប​ចំនួន ១៥០​នាក់​ហើយ តែ​សុទ្ធសឹង​ជា​អ្នកដំណើរ​មកពី​ក្រៅប្រទេស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ