ខេត្តព្រះសីហនុ ៖ នារីវ័យក្មេងម្នាក់បានបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីបើកបរម៉ូតូយ៉ាងលឿនចេញពីក្លិបកំសាន្តជ្រុលចង្កូតទៅបុកបង្គោលសសរថ្មការពារហាមរថយន្តធំបើកបរឆ្លងកាត់មួយកន្លែងត្រង់ចំណុចផ្លូវបត់ចុះទៅក្លឹបកំសាន្ត LV ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
តាមការរៀបរាប់របស់មិត្តភក្តិនារីរងគ្រោះបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ។ នារីរងគ្រោះមានឈ្មោះ ស សុខឿន អាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកនៅភោជនីយដ្ឋានបរទេស មានស្រុកកំណើតភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រោយក្លឹបកំសាន្ត LV ក្នុងសង្កាត់លេខ៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។
មិត្តភក្តិនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពេលចប់ម៉ោងធ្វើការ នារីរងគ្រោះរួមជាមួយមិត្តភក្តិធ្វើការជាមួយគ្នា៤-៥នាក់បានបបួលគ្នាជួបជុំផឹកស្រានៅក្លឹបកំសាន្ត១កន្លែង ។ បន្ទាប់ពីស្រវឹងរៀងៗខ្លួនក៏នាំគ្នាជិះម៉ូតូមកផ្ទះវិញ ដោយឡែកនារីរងគ្រោះជិះម៉ូតូម៉ាក ស្កុបពី ស៊េរីឆ្នាំ២០១៥ តែម្នាក់ឯង បើកបរចេញពីក្លឹបកំសាន្តក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកបង្គោលសសរខាងលើពេញទំហឹងបណ្តាលឲ្យនាងបាក់កស្លាប់ភ្លាមៗតែម្តង ។
មិត្តភក្តិនារីរងគ្រោះបញ្ជាក់ថា ក្រោយពេលកើតហេតុ មិត្តភក្តិដែលធ្វើការជាមួយគ្នាបានដឹកយកសពទៅបូជានៅវត្តឥន្ទញាណ ហៅវត្តក្រោម ដើម្បីយកធាតុទៅបញ្ចុះនៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ