ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួមសោកស្តាយ ! អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដំបូងគេទទួលមរណភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អ៊ី​ម៉ា​ហ្គា​វ៉ា យូ​គិ​អុ អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដំបូង​គេ​ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរក្រហម បាន​ទទួលមរណភាព​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី ៣០ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អ៊ី​ម៉ា​ហ្គា​វ៉ា យូ​គិ​អុ អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដំបូង​គេ​ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរក្រហម បាន​ទទួលមរណភាព​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ​២០២១ ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុ​ជានា​ថ្ងៃ​ទី ៧ ខែមករា ឆ្នាំ ២០២២ ។

ជាមួយនឹង​ការ​ប្រកាស​អំពី​ដំណឹង​ដ៏​សោកសៅ​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​សម្តែង​នូវ​សមានចិត្ត​ដ៏​ជ្រាលជ្រៅ និង​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​របស់​ឯកឧត្តម ឯកឧត្តម អ៊ី​ម៉ា​ហ្គា​វ៉ា យូ​គិ​អុ ។

សូម​បញ្ជាក់​ថា ឯកឧត្តម អតីត​ឯកអគ្គរាជទូត អ៊ី​ម៉ា​ហ្គា​វ៉ា បាន​ចូល​បំរើ​ការងារ​នៅ​ក្រសួងការបរទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩៥៦ ហើយ​ត្រូវ​បាន​ចាត់​បញ្ជូន​មក​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ក្នុង​ឋានៈ​ជា​សិក្ខាកាម​ភាសា​ខ្មែរ នៅ​ឆ្នាំ​១៩៥៧ ហើយ​បាន​ធ្វើការ​នៅ​ទី​នេះ​អស់​រយៈពេល ៨ ឆ្នាំ រហូត​ដល់​ឆ្នាំ​១៩៦៥​។ នៅ​ឆ្នាំ ១៩៩២ បន្ទាប់​ការ​បើក​ស្ថានទូត​ជប៉ុន​ឡើង​វិញ ឯកឧត្តម ក៏​បាន​ក្លាយជា​ឯកអគ្គរាជទូត​ជប៉ុន​ទី​មួយ​ប្រចាំ​កម្ពុជា ។

ប្រភព​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​បន្ថែម​ថា «​ក្នុង​ឋានៈ​ជា​អ្នកការទូត​មួយ​រូប ដែល​មានការ​យល់​ដឹង​យ៉ាង​ជ្រៅជ្រះ​អំពី​ប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​កម្ពុជា ឯកឧត្តម អ៊ី​ម៉ា​ហ្គា​វ៉ា បាន​ធ្វើការ​ពិភាក្សា យ៉ាង​ស្វិតស្វាញ​ជាមួយ ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហ​នុ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ភាគី​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត ហើយ​ក៏​បាន​ធ្វើ​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ទី​៣ នៃ​ស​ន្និ​សិ​ទ​អន្តរជាតិ​ស្តី​ពី​កម្ពុជា​នៅ​ទី​ក្រុងប៉ារីស​ក្នុង​ឆ្នាំ​១៩៨៩​ផង​ដែរ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​នៅ​កម្ពុជា​» ។

ក្នុង​ឋានៈ​ជា​ឯកអគ្គរាជទូត​ប្រចាំ​កម្ពុជា ឯកឧត្តម បាន​ជួយ​សំរបសំរួល​ក្នុង​ការ​ទទួល​កងកម្លាំង​រក្សា​សន្តិភាព​ជប៉ុន​ស្ថិត​ក្រោម​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (​អ៊ុ​ន​តាក់​) ដែល​បន្ទាប់​មក​មានការ​បោះ​ឆ្នោត​សកល​ជា​លើក​ដំបូង និង​ដំណើរការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​។

ដើម្បី​បន្ត​កេ​ដំណែល​នៃ​ចំណូលចិត្ត​យ៉ាង​ខ្លាំង​របស់​ឯកឧត្តម អ៊ី​ម៉ា​ហ្គា​វ៉ា ចំពោះ​ប្រទេស​កម្ពុជា យើង​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​ការ​រីក​ចម្រើន​ថែម​ទៀត នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។ នេះ​បើ​តាម​ស្ថានទូត​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ