ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​រក្សា​ទុក​តំបន់ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឱ្យ​នៅ​ដដែល

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ បងប្អូន​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​នៅ​តំបន់​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​រស់នៅ​ទាំង​ចិត្ត​និង​អារម្មណ៍​មិន​ស្ងប់និង​បាន​ផ្ទុះ​ការ​តវ៉ា

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ បងប្អូន​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​នៅ​តំបន់​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​រស់នៅ​ទាំង​ចិត្ត​និង​អារម្មណ៍​មិន​ស្ងប់និង​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​ប្រឆាំង​នឹង​អាជ្ញាធរ​សង្កាត់​-​ខណ្ឌ រហូត​ដល់​សាលា​រាជធានី ភ្នំពេញ ដោយសារ​តម្រូវ​ឱ្យ​ពួក​គាត់​ចាកចេញ​រក​ទីតាំង​ថ្មី និង​មិន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​តំបន់​នោះ ជូន​ដល់​ពួក​គាត់​ឡើយ ប្រយោជន៍​គឺ​ដើម្បី​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​ឱ្យ​មាន​សោភ័ណ​ភាព សុវត្ថិភាព និង​សន្តិសុខ​ល្អ ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​បាន​ចាក​ចេញពី​តំបន់​ខាងលើ​ទៅ​ណា​ឡើយ ដោយ​ពួក​គាត់​បាន​ក្រាញននៀល​បន្ត​ការ​រស់នៅ​តទៅ​ទៀត ។ លុះ​មក​ដល់​ពេល​នេះ ពួក​គាត់​បាន​ទទួល​ការ​សន្តោស​ប្រណី​ពី​សំណាក់​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដែល​បាន​ចេញ ស​ជ​ណ សម្រេច​រក្សា​ទុក​ចុង​ផ្លូវ​រត់​ទាំង​សងខាង (​ទិស​០៥​និង​ទិស​២៣) និង តំបន់​សន្តិសុខ​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដដែល ដោយ​ពិនិត្យ​កែសម្រួល​កម្ពស់​សំណង់​អគារ ឬ​ផ្ទះសម្បែង​ដែល​មាន​ស្រាប់ ។ ជាមួយ​នេះ កំណត់​កម្ពស់​សំណង់​អគារ ឬ​ផ្ទះសម្បែង​ដែល​សុំ​ការ​អនុញ្ញាត​សង់​ថ្មី ដោយ​គោរព​និង​អនុលោម​តាម​សេចក្ដី​កំណត់​ស្ដី​ពី​ការ​គ្រប់គ្រង​កម្ពស់​ឧបសគ្គ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​មិន​អាច​ពង្រីក​អ្វី​ចេញ​ក្រៅ​បាន ត្រូវ​រក្សា​ស្ថានភាព​ដដែល ។

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា  នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​បើក​កិច្ចប្រជុំ​មួយ​ផ្សព្វផ្សាយ ស​ជ​ណ របស់​រាជរដ្ឋាភិបាល​លេខ​៦០២ ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ស្តី​ពី​ការ​រក្សា​ទុក​ចុង​ផ្លូវ​រត់​ទាំង​សងខាង (​ទិស​០៥​និង​ទិស​២៣) និង​តំបន់​សន្តិសុខ​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដដែល ។

កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី យឹ​ម ណុ​ល​ឡា ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដោយ​មានការ​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​៥០០​គ្រួសារ​ដែល​ជា​អ្នកមាន​ទីលំនៅ​ជុំវិញ​តំបន់​សុវត្ថិភាព​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចូលរួម​ផង​ដែរ ។

មន្ត្រី​មួយ​រូប​បានឱ្យ​ដឹង​ថា នៅ​ជុំវិញ​តំបន់​សុវត្ថិភាព​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នោះ មាន​ភូមិ​ចំនួន​៥​ដែល​មាន​ប្រជាពលរដ្ឋ រស់នៅ​ជាង​៥០០​គ្រួសារ ក្នុង​នោះ​មាន​ភូមិ​ថ្មគោល ភូមិ​គោក​ចំបក់ ភូមិ​ព្រៃ​ជី​សាក់ ដែល​ភូមិ​ទាំង​៣​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ភូមិ​ត្រពាំង​ល្វា និង​ភូមិ​ភូមិ​តា​ងួ​ន ដែល​ភូមិ​ទាំង​២​នេះ​ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ការ​ជ្រួលច្របល់​និង​ការ​តវ៉ា​បាន​ចាប់ផ្ដើម កើត​មាននៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៥ បន្ទាប់​ពី​មាន​លិខិត​ជូនដំណឹង​មួយ​របស់​ក្រសួងមហាផ្ទៃ ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រុះរើ​លំនៅ​ឋាន​ចេញពី​តំបន់​នោះ ហើយ​លិខិត​មិនមែន​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​តែ​មួយ​នោះ​ទេ គឺ​សាលា​រាជធានី​ភ្នំពេញ និង​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចេញ​លិខិត​ឱ្យ​រុះរើ​ដែរ ។ ប្រភព​ដដែល​បន្ត​ថា ការ​ចេញ​លិខិត​ឲ្យ​រុះរើ​ជា​បន្តបន្ទាប់​នោះ គឺ​ដើម្បី​ពង្រីក​អាកាសយានដ្ឋាន ជា​ពិសេស​ដើម្បី​សន្តិសុខ​តែ​ម្ដង ។ ខណៈនោះ​បងប្អូន​ប្រជាពលរដ្ឋ ា​ន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​សាលាសង្កាត់​ចោម​ចៅ និង​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​សាលា​រាជធានី​ភ្នំពេញ រហូត​ដល់​ក្រសួងមហាផ្ទៃ​ថែម​ទៀត​ផង ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ ហើយ​ពួក​គាត់​ដាច់ខាត​មិន​ព្រម​ចេញ​ទៅ​ណា​ឡើយ ។

មិនតែប៉ុណ្ណោះ អាជ្ញាធរ​ពាក់ព័ន្ធ​នានា​មិន​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួក​គាត់​ទេ តែ​ក៏​មិន​បាន​ចុះ​អនុវត្ត​ការ​រុះរើ​អ្វី​ដែរ និង​បាន​បន្ត​រ៉ាំរ៉ៃ​រហូត​មក​ដល់​ពេល​នេះ ទើប​រាជរដ្ឋាភិបាល​សម្រេច​រក្សា​ទុក​តំបន់​នោះ​ឱ្យ​ស្ថិត​នៅ​ដដែល ឯការ​ចង់​អភិវឌ្ឍន៍​ឬ​បែប​ណា​នោះ គឺ​ធ្វើ​តែ​នៅ​ក្នុង​បរិវេណ​ព្រ​លាន​នោះ​បាន​ហើយ ។ ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចង់​សាងសង់​កែ​លម្អ​លំនៅ​ឋាន ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ជា​មុន​សិន ដើម្បី​ពិនិត្យ​ពី​បទដ្ឋាន​បច្ចេកទេស ជា​ពិសេស​កម្ពស់​ឧបសគ្គ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ៕