ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្ដីពី កិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើស បានប្រារព្ធឡើង នារសៀលថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ។ កិច្ចប្រជុំនេះ ចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រសួងមហាផ្ទៃ ប្រកាសថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានសម្តែងការអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបី ក្នុងស្មារតីមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ ដែលតាមរយៈទំនាក់ទំនងនេះ បានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខរវាងប្រទេសទាំងបី កាន់តែសកម្ម និងស៊ីជម្រៅថែមទៀត។
លើសពីនេះ ថ្នាក់ដឹកនាំនៃក្រសួងទាំងបី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធនៃភាគីទាំងបី ដែលទោះបីទទួលរងការរំខាន ដោយវិបត្តិនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏នៅតែបន្តរក្សានូវទំនាក់ទំនង និងកិច្ចសហការជិតស្និទ្ធ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ជាពិសេស ការដោះស្រាយបាតុភាព ផ្សេងៗតាមព្រំដែន ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងកិច្ចសហការបង្ការទប់ស្ដាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
ជាមួយនឹងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងបី ក្នុងរយៈពេលកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ វិស័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមក អំពីសភាពការណ៍ទូទៅនៅក្នុងតំបន់ និងសកលលោក ព្រមទាំងបានឯកភាព បន្តបង្កើនការយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនទៀតផងដែរ។
ក្រសួងមហាផ្ទៃ ប្រកាសថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ឡាវ-វៀតណាម នេះ ត្រូវបានធ្វើឡើងដោយប្តូរវេនរៀងរាល់ ០២ឆ្នាំម្តង រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិនិត្យ និងពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនានារវាងប្រទេសទាំងបី៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ