ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ក ស្រី​មុំ ទទួល​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល​និង​សម្ដេច​តេ​ជោ​ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ៊ុ​ក ស្រី​មុំ ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់​ឆ្នាំ​២០២១ បាន​ទទួលប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​រាជ

រាជធានី​ភ្នំពេញ ៖ អ៊ុ​ក ស្រី​មុំ ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់​ឆ្នាំ​២០២១ បាន​ទទួលប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ​នេះ នៅ​វិមាន​សន្តិភាព​។

វីរ​កីឡាការិនី​ប៉េតង់​ឆ្នើម​របស់​កម្ពុជា អ៊ុ​ក ស្រី​មុំ បាន​ឈ្នះ​មេដាយមាស​ពិភពលោក​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ដែល​ជា​មេដាយ​មាស​កម្រិត​ពិភពលោក​៥​សម័យកាល​ជាប់​គ្នា​សម្រាប់​កីឡាការិនី​កម្ពុជា លើ​ការ​ប្រកួត​កីឡា​ប៉េតង់​វិញ្ញាសា​វាយ​យក​ពិន្ទុ ខណៈ​វីរ​កីឡាការិនី កែ ឡេ​ង ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ ធ្លាប់​ឈ្នះ​មេដាយមាស​៤​សម័យកាល​ជាប់​គ្នា​គឺ​នៅ​ឆ្នាំ​២០១៣, ២០១៥, ២០១៧ និង​ឆ្នាំ​២០១៩ ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​ប្រចាំឆ្នាំ​២០២១ ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកានៅ​ប្រទេស​អេ​ស្ប៉ា​ញ ។ សម្រាប់​វិញ្ញាសា​វាយ​យកពិន្ទុ កីឡាការិនី អ៊ុ​ក ស្រី​មុំ ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ចំណោម​កីឡាការិនី​ខ្លាំង​ៗ​លើ​ពិភពលោក ៣៦​រូប​ក្នុង​ការ​ប្រកួត​ជម្រុះ​បឋម ។ ចូល​ដល់​វគ្គ​៨​នាក់​ចុង​ក្រោយ វីរ​កីឡាការិនី​កម្ពុជា​រូប​នេះ​បាន​យកឈ្នះ​កីឡាការិនី​កា​ណា​ដា ដោយ​ពិន្ទុ​២៩-២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​យកឈ្នះ​កីឡាការិនីន័​រវេ​ស ដោយ​ពិន្ទុ ២៥-១៨ និង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​យកឈ្នះ​លើ​កីឡាការិនី​ថៃ ដោយ​ពិន្ទុ ៣៧-២៩ ក្លាយជា​ម្ចាស់​មេដាយមាស​តែ​ម្ដង​។ រីឯ​វិញ្ញាសា​ក្រុម​នារី ៣ ទល់ ៣ ក្រុម​ប៉េតង់​កម្ពុជា បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​កីឡាការិនី អ៊ុ​ក​ស្រី​មុំ ដែល​បាន​ឈ្នះ​មេដាយមាស​ពិភពលោក​នេះ ខណៈ​ឈ្នះ​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៧ ។ កីឡាករ សុខ ចាន់​មាន ក៏​ធ្លាប់​ដណ្តើម​បាន​មេដាយមាស​កម្រិត​ពិភពលោក​នេះ​ផង​ដែរ​លើ​វិញ្ញាសា​ឯកត្តជន​។

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ឈ្នះ​មេដាយមាស​លើក​នេះ​គឺជា​គំរូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​លើកទឹកចិត្ត​ទៅ​ដល់​កីឡាករ កីឡាការិនី​ឱ្យ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​បន្ថែម​ឈាន​ទៅ​ដណ្ដើម​មេដាយមាស​នៅ​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ក្នុង​ឱកាស​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣​ខាង​មុខ​។

នា​ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្ដែង​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់វីរ​កីឡាការិនី​អ៊ុ​ក ស្រី​មុំ ដែល​បាន​ដណ្ដើម​យក​មេដាយមាស​មក​ជូន​ជាតិ ។ សម្ដេច​តេ​ជោ​មាន
ប្រសាសន៍​ថា អ្នក​ដែល​មាន​ស្នាដៃ​កម្រិត​ពិភពលោក​ក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ ត្រូវ​ដំឡើង​ថា​នន្តរសក្ដិ​ជា​ការ​លើកទឹកចិត្ត​បន្ថែម​ក្រៅពី​ប្រាក់​រង្វាន់ ដោយពេល​នេះ​វីរ​កីឡាការិនី​អ៊ុ​ក ស្រី​មុំ មាន​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍ត្រី ហើយ​បើ​ឈ្នះ​លើក​ក្រោយ​នឹង​អាច​ឡើង​ទៅ​ដល់​ឧត្តមសេនីយ៍ទោ ប៉ុន្តែមិន​អាច​ឡើង​ហួស​ពី​ឧត្តមសេនីយ៍​បាន​ឡើយ​។

រីឯ​ប្រាក់​រង្វាន់​ដែល​វីរ​កីឡាការិនី អ៊ុ​ក ស្រី​មុំ ទទួល​បាន​ក្នុង​ពេល​នេះ​មាន​ថវិកា​ក្រសួង​អប់រំ​យុវជន និង​កីឡា ចំនួន​៤០​លាន​រៀល និង​ថវិកា​ផ្ទាល់​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន សែន ចំនួន​១​ម៉ឺន​ដុល្លារ​។

សូម​បញ្ជាក់​ថា សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់កម្ពុជា ជា​ប្រភេទ​សហព័ន្ធ​កីឡា​ដែល​មាន​សក្តានុពលក្នុង​ការ​ដណ្តើម​យក​មេដាយ​លើ​ឆាក​អន្តរជាតិ ដោយ​ចាប់តាំងពី​ការ​បង្កើត​សហព័ន្ធ​រហូត​មក​ដល់ឆ្នាំ​២០២០ កម្ពុជា​ទទួល​បាន​មេដាយ​កម្រិត​អន្តរជាតិ
សរុប​ប្រមាណ​៣៧០​គ្រឿងក្នុង​នោះ​មេដាយមាស១០៨​គ្រឿង មេដាយ​ប្រាក់​១៣១​គ្រឿង និង​មេដាយ​សំរឹទ្ធិ ១៣១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ