ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២២ ដែលបាន​ចូល​មកដល់​ នា​ថ្ងៃទី​១ ខែមករា​នេះ កម្ពុជា​ត្រូវ​ក្លាយជា​ប្រធាន​ប្តូរ​វេន​របស់​សហគម​ន៍​អាស៊ាន​។ ក្រៅពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏​នៅមាន​បញ្ហា​មី​យ៉ាន់​ម៉ា ដែល​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន…

​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២២ ដែលបាន​ចូល​មកដល់​ នា​ថ្ងៃទី​១ ខែមករា​នេះ កម្ពុជា​ត្រូវ​ក្លាយជា​ប្រធាន​ប្តូរ​វេន​របស់​សហគម​ន៍​អាស៊ាន​។ ក្រៅពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏​នៅមាន​បញ្ហា​មី​យ៉ាន់​ម៉ា ដែល​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ត្រូវ​ប្រឈម​ដោះ​ស្រាយ។ ក៏​ជា​អាទិភាព ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​រួចហើយ​ថា នឹង​ខិតខំ​សម្របសម្រួល និង​ទុកជា​អាទិភាព​លើ​បញ្ហា​ជា​អន្តរជាតិ​រ៉ាំរ៉ៃ​ទាំង​២​នេះ​។

ក្រៅពី​កិច្ចការ​អន្តរជាតិ កម្ពុជា​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០២២ ក៏​នៅមាន​ការងារ​ជាច្រើន​ទៀត ត្រូវ​ប្រឈម នោះ​គឺ​បញ្ហា​កូ​វីដ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង តើ​អាច​បន្ត​គ្រប់គ្រង និង​ទប់ស្កាត់បាន ​ដូច​ចុងឆ្នាំ​២០២២ នេះ ​ឬ​ក៏ធ្លាយខ្សែការពារ ឆ្លង​រាលដាល​ក្នុង​សហគមន៍ ដូច​បណ្តា​ប្រទេសជិតខាង​កម្ពុជា មាន​ថៃ វៀតណាម និង​ប្រទេស​ឡាវ? ហើយ​បើ​ទប់ទល់​នឹង​កូ​វីដ​បាន​មែន ក៏​រាជរដ្ឋាភិបាល ក្នុង​ឆ្នាំ​២០២២ ត្រូវ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ចសង្គម​ឡើងវិញ ចេញពី​វិបត្តិ​កូ​វីដ​១៩ ដែល​បាន​ញ៉ាំ​ញ៉ី​មិន​ថា​កម្ពុជា​ទេ គឺ​កូវីដ បានបង្ក​វិបត្តិ​ដល់​ពិភពលោក​ទាំងមូល ចាប់តាំងពី​ចុងឆ្នាំ​២០១៩​។​

​និយាយ​ពី​តួនាទី​របស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។ ជា​ហូរហែ​កន្លងមក ចាប់តាំងពីដើម​​ខែធ្នូ ឆ្នាំ​២០២១ កម្ពុជា​បានបង្ហាញ​ពី​អាទិភាព​របស់ខ្លួន តាមរយៈ​ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ជារឿយៗ​ ហើយ​ប្រមុខ​ការទូត​កម្ពុជា នៅ​សប្តាហ៍​ចុងក្រោយ ក្នុង​ខែធ្នូ​នេះ ក៏បាន​លើក​បង្ហាញ​ពី​ចំណុច​អាទិភាព​របស់កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ ជម្រាបជូន​ដល់​អង្គទូត​នានា​។​

​សម្រាប់​តួនាទី​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ កម្ពុជា ផ្តោតលើ​ចំណុច​អាទិភាព​សំខាន់ៗ ៤​ចំណុច រួមមាន​៖ ទី​១-​ជំងឺ​កូ​វីដ​១៩ ដែល​អាស៊ាន ត្រូវ​បន្ត​ធ្វើការ​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង​ស្តារ​ផលប៉ះពាល់​ឡើងវិញ ទី​២-​ពាក់ព័ន្ធ​នឹង​សំពាធ​នៃ​ការប្រឈមមុខ​ដាក់គ្នារ​វាង​មហាអំណាច ទី​៣-​បញ្ហា​សន្តិសុខ​ប្រពៃណី និង​មិន​ប្រពៃណី ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ជន​ចំណាកស្រុក ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បញ្ហា​ផ្សេងៗ ជាដើម​។​ល​។ ទី​៤-​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ក្នុង​ឆ្នាំ​២០២២​នេះ ដែល​ត្រូវ​ឲ្យ​មានការ​ឯកភាពគ្នា​ទាំងស្រុង គឺ​អាស៊ាន ១០​ប្រទេស​។​

​កម្ពុជា បាន​ជ្រើស​យក​អាទិភាព​មុនគេ ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ គឺ​ប្រឹងប្រែង​ឲ្យ​អាស៊ាន ១០​។ នោះ​គឺ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តាម​គម្រោង​នៅ​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ស្វែងរក​ការសម្របសម្រួល​បញ្ហា​មី​យ៉ាន់​ម៉ា​។ នេះ​ជា​អ្វីដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​កន្លងមក គឺ​ធ្វើ​យ៉ាង​ឲ្យ​អាស៊ាន មាន​សមាជិក​ប្រជុំ​គ្រប់ ១០ ឡើងវិញ ហើយ​ឈានទៅដល់​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច ដែល​បាន​ព្រមព្រៀង កាលពី​ខែមេសា ឆ្នាំ​២០២១ ស្តីពី​បញ្ហា​មី​យ៉ាន់​ម៉ា​។​

​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា ប្រមុខ​ការទូត​កម្ពុជា មាន​សុទិដ្ឋិនិយម លើ​បញ្ហា​មី​យ៉ាន់​ម៉ា  ព្រោះ​មានតែ​ការជួប​សន្ទនា​គ្នា​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​បាន ហើយ​ភាគី​មី​យ៉ាន់​ម៉ា ក៏បាន​បង្ហាញ​ជំហរ​សម្របសម្រួល​គ្នា ឈានទៅដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច និង​ជាពិសេស​ឈានទៅដល់​ការផ្តល់​ជំនួយ​មនុស្សធម៌ ដល់​មី​យ៉ាន់​ម៉ា​។ ចំណុច​នេះ ប្រេសិត​ពិសេស ដែលជា​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​ជជែក​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​រួចហើយ និង​បានប្រកាស​ជំហរ ត្រៀមខ្លួន​សហការ​ជាមួយ​កម្ពុជា ក្នុងន័យ​ថា កម្ពុជា ជា​ប្រទេស ដែលមាន​លទ្ធភាព ដើម្បី​សម្របសម្រួល​បញ្ហា​មី​យ៉ាន់​ម៉ា​។​

​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង​វិញ ត្រូវបាន​កម្ពុជា ចាត់ទុកថា នៅតែ​ជា​ដំ​ថ្ម​ក្តៅ ដែល​ប្រទេស​សមាជិក​អាស៊ាន នៅតែ​បន្ត​បោះ​ឲ្យ​គ្នា​កាន់​ទៅវិញទៅមក​។ តែ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ នៅតែ​រក្សា​ជំហរ ក្នុងការ​ទាមទារ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន ដែលមាន​ជម្លោះ​ជាមួយនឹង​ភាគី​ចិន ត្រូវ​ដោះស្រាយ​គ្នា ដោយ​សន្តិវិធី ហើយ​កុំ​យក​អាស៊ាន ធ្វើជា​ចំណាប់ខ្មាំង​។ កម្ពុជា ក៏​នឹង​នៅតែ​ប្រឹងប្រែង ធ្វើយ៉ាងណា​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជា​តំបន់​សន្តិភាព មិនមាន​សង្គ្រាម​កើតឡើង ហើយ​ត្រង់​ថា ឲ្យ​កម្ពុជា ដែលជា​ប្រធាន​អាស៊ាន អារកាត់​ថា នរណា ត្រូវ​ឈ្នះ​! ឬ​នរណា​ត្រូវ​ចាញ់​! នោះ​មិនមែនជា​តួនាទី ទាំង​សម្រាប់​កម្ពុជា និង​ទាំង​សម្រាប់​អាស៊ាន នោះទេ​។

​ក្រៅពី​កិច្ចការ​អន្តរជាតិ​ជា​អាទិភាព​ទាំង ២​ខាងលើនេះ កម្ពុជា ក្នុង​ឆ្នាំ​២០២២ ក៏​នៅតែ​បន្ត​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​១៩​។ ត្បិតតែ​ថា កម្ពុជា​បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ថ្ងៃ​២០​កុម្ភៈ ក៏ពិតមែន តែ​មិន​មានន័យថា កម្ពុជា​លែងមាន​ករណី​ឆ្លង​កូ​វីដ​១៩ រួមទាំង​ករណី​ស្លាប់​ដោយ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​ទៀត​ដែរ​។

ទោះជា​អត្រា​អ្នក​ឆ្លង​កូ​វីដ នៅ​កម្ពុជា ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ប្រទេស​ជាប់​ព្រំដែន​ក៏ពិតមែន តែ​កុំភ្លេចថា មកដល់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី អូ​មី​ក្រុង សរុប​ ៧៥នាក់​ហើយ ដែល​សុទ្ធសឹងតែ​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។

ចំណែក​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ឡាវ ចាប់តាំងពី​ខែវិច្ឆិកា ក្នុងពេល​កម្ពុជា​ធូរស្រាល​ពី​កូ​វីដ តែ​ប្រទេសជាប់ព្រំដែន​កម្ពុជា​​ទាំង ៣​នេះ មាន​កំណើន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រចាំថ្ងៃ​នៅ​ខ្ពស់ ហើយ​ក្នុងនោះ ថៃ​ក៏បាន​វាយលុក​ដោយ​អូ​មី​ក្រុង ក្នុង​សហគមន៍​ថែមទៀត​។ ដូច្នេះ​ កម្ពុជា​យើង មិនទាន់មាន​សុវត្ថិភាព​ពី​កូ​វីដ​នៅឡើយ​ទេ ត្បិតតែ​ចំនួន​អ្នក​បាន​ចាក់​វ៉ាក់សាំង​ មានដល់​ជាង ១៤​លាន​នាក់ ដែល​ស្មើនឹងប្រមាណ​ ៩០% ក្នុងចំណោម​ប្រជាជន​សរុប ១៦​លាន​នាក់​ហើយក៏​ដោយ​។​

​នៅ​ឆ្នាំ​២០២២ បើសិនជា​កម្ពុជា ​បន្តរ​ក្សា​ចំណាត់ថ្នាក់​ល្អ ក្នុងការ​គ្រប់គ្រង និង​ទប់ស្កាត់​កូ​វីដ​១៩ ពិសេស​ប្រភេទ​អូ​មី​ក្រុង មិន​ឲ្យ​ធ្លាយ​ចូល​សហគមន៍​បាន​មែន ក៏​កម្ពុជា មាន​ការងារ​ជាច្រើន ដែល​ត្រូវធ្វើ ដើម្បី​ស្តារ​សេដ្ឋកិច្ចសង្គម​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​១៩ ដែល​បានអូសបន្លាយ និង​បំផ្លាញ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ពិសេស​វិស័យ​ទេសចរណ៍​។

ក្រៅពីនោះ​ទៀត បញ្ហា​កសិផល ធ្លាក់​ថ្លៃ ដូចជា ស្រូវ​ចុះថោក ហើយ​មៀន​ប៉ៃលិន ក៏​ធ្លាក់​ថ្លៃ និង​មិនមាន​ទីផ្សារ ក៏​នៅតែ​ជា​កង្វល់​របស់​ប្រជាកសិករ​។ រាជរដ្ឋាភិបាល ក៏ត្រូវ​ធ្វើយ៉ាងណា ឲ្យ​ជី​កសិកម្ម ចុះថ្លៃ រួមទាំង​ទំនិញ​សព្វសារពើ​ផ្សេងទៀត ពិសេស​ប្រេងសាំង កុំ​ឲ្យ​ឡើងថ្លៃ ខណៈដែល​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល​របស់​យើង មិនបាន​ឡើង​នោះទេ ចាប់តាំងពី​ឆ្នាំ​២០២០ ឆ្នាំ​២០២១ និង​នៅ​ឆ្នាំ​២០២២​។​

​យ៉ាងណា​ក៏ដោយចុះ ទោះបីជា​កម្ពុជា​យើង ក៏ដូចជា​ពិភពលោក ជួបប្រទះ​នឹង​វិបត្តិ​កូ​វីដ​១៩ ចាប់តាំងពី​ចុងឆ្នាំ​២០១៩ ក៏ដោយ ក៏​វិស័យ​កាត់ដេរ​ក្នុងប្រទេស​កម្ពុជា​យើង នៅតែ​ល្អប្រសើរ​។ ការនាំចេញ​នៅមាន​កំណើន ហើយ​ជាពិសេស​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ ក៏ត្រូវ​បាន​ដំឡើង​ប្រាក់ខែ​រៀងរាល់ឆ្នាំ​។ ក្នុងនោះ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ តទៅ ប្រាក់ខែ​កម្មករ​កាត់ដេរ ក៏ត្រូវ​បាន​ដំឡើង​ដល់ ១៩៤​ដុល្លារ ក្នុង ១​ខែ គឺ​បាន​ឡើង ២​ដុល្លារ ធៀប​នឹង​ប្រាក់ខែ​នៅ​ឆ្នាំ​២០២១​។​

​ជាមួយគ្នា​នោះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ចិន និង​កម្ពុជា ក៏ត្រូវ​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ ២០២២​។ តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ចិន នឹង​នាំចូល​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅកាន់​ទីផ្សារ​ចិន ឱ្យបាន​កើន​តែ​ច្រើន ដើម្បី​ប្រយោជន៍ សម្រាប់​កសិករ​ខ្មែរ​យើង​។ ក្នុងនោះ មៀន​ប៉ៃលិន ដែល​កំពុង​ប្រឈម​នឹង​ទីផ្សារ ក៏​រំពឹងថា នៅឆ្នាំ២០២២នេះ នឹង​អាច​នាំទៅ​កាន់​ប្រទេស​ចិន ខណៈដែល​ដំណើរការ​វាយតម្លៃ និង​ពិនិត្យ​គុណភាព កំពុង​ធ្វើឡើង​។​

​ដូច្នេះ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០២២​នេះ កម្ពុ​ជាមាន​វិញ្ញាសា​ជាច្រើន ត្រូវអនុវត្ត ទាំង​បញ្ហា​តំបន់ និង​ទាំង​បញ្ហា​ជា​អន្តរជាតិ ដែល​បន្ត​អូសបន្លាយ​ច្រើន​ឆ្នាំ ដោយសារតែ​ការ​ប្រជែង​រវាង​មហាអំណាច​ចិន និង​អាមេរិក​ផង រួមទាំង​បញ្ហា​រាតត្បាត​ជំងឺឆ្លង​ជាស​កល គឺ​កូ​វីដ​១៩​ ប្រភេទបំប្លែងថ្មី អូមីក្រុង ផង​។

​នៅ​ឆ្នាំ​២០២២ កម្ពុជា​​ក៏ត្រូវ​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ នា​ខែមិថុនា ខណៈដែល​នយោបាយ​ផ្ទៃក្នុង មិនទាន់​រៀបរយ​។ តែ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​គ្រប់គ្រង​សភាពការណ៍​​បាន ដើម្បី​ធ្វើឲ្យ​​សង្គម​កម្ពុជា ​​មាន​សណ្តាប់ធ្នាប់ និង​បន្ត​រក្សាបាន​នូវ​សុខសន្តិភាព ក្រោម​ដំបូលរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ការប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ