ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុន ពាណិជ្ជករ សមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល និងសាធារណជន ពីការកកស្ទះការដឹកនជញ្ជូនទំនិញឆ្លងកាត់ព្រំដែនវៀតណាម-ចិន ដោយសារតែបញ្ហាប្រឈមនឹងស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសអូមីក្រុង។
តាមសេចក្តីប្រកាស វៀតណាមបានជូនដំណឹងមកថា សកម្មភាពនាំចូល និងនាំចេញទំនិញនៅច្រកព្រំដែនវៀតណាម និងចិន បានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេស នៅច្រកទ្វារព្រំដែនខេត្ត Lang Son និងខេត្ត Quang Ninh ដែលបណ្តាលជាចម្បងមកពីការរឹតបន្តឹងវិធានការបង្ការការរីករាលដាលជំងឺកូវីដ១៩ របស់ប្រទេសចិន ក្រោមគោលនយោបាយ «Zero Covid»។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តទាំងពីរខាងលើ មានរថយន្តប្រមាណជាង ៦០០០គ្រឿង កំពុងរង់ចាំការនាំចេញទៅកាន់ប្រទេសចិន។ តាមការវាយតម្លៃជារួមឃើញថា បរិមាណទំនិញ ដែលអាចនាំចេញបាននៅតាមច្រកព្រំដែនសំខាន់ៗ មួយចំនួន ជាមួយប្រទេសចិន មានចំនួនត្រឹមតែ ២៥-៣០% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា។ លើសពីនេះ ច្រកទ្វារព្រំដែនមួយចំនួនទៀត នៅតែបន្តផ្អាកដំណើរការគយជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។
ស្ថិតក្នុងបរិការណ៍នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសជូនដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ឲ្យបានជ្រាប និងពិនិត្យលទ្ធភាពរកមធ្យោបាយ និងវិធីនាំចេញផ្សេង ដើម្បីជៀសវាងហានិភ័យ និងបញ្ហានានា ដែលបណ្តាលមកពីការកកស្ទះតាមរយៈការបញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម ទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ