ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដូ​ដល់​និស្សិត​ពេទ្យ បញ្ចប់​និស្សិត​ជាប់​បម្រុង ពេទ្យ​ឯកទេស ពេទ្យ​ជាប់កិច្ចសន្យា ត្រូវ​បញ្ចូល​ក្រប​ខណ្ឌ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី និង​ពិធី​អបអរសាទរ​ខួប​៧០​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី និង​ពិធី​អបអរសាទរ​ខួប​៧០​ឆ្នាំ​នៃ​ការ​បង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ជូន​កាដូ​ដល់​និស្សិត​សាកលវិទ្យាល័យ​នេះ គឺ​ដោះស្រាយ​ជូន​ជា​កញ្ចប់​ដោយ​បញ្ឈប់​មិន​ឱ្យ​មាន​និស្សិត​ជាប់​បម្រុង​ទៀត​ទេ ឱ្យ​មាន​អ្នក​ពេញ​សិទ្ធិ​ប៉ុន្មាន អ្នកឯកទេស​ប៉ុន្មាន គឺ​យក​តែ​ម្តង និស្សិត​ដែល​ជាប់​ទ្រឹស្តី​ធ្លាក់​ផ្ទាល់មាត់​ឱ្យ​ចូល​រៀន​ទាំងអស់ ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​សម្រេច​លើ​តម្លៃ​ប្រឡង​ឱ្យ​ចុះ​មក​ត្រឹមតែ​១០​ម៉ឺន​រៀល ។ ចំណែក​គ្រូពេទ្យ​ឯកទេស​៣៣០​នាក់ ដោះស្រាយ​ជា​កញ្ចប់​បញ្ចូល​ក្រប​ខណ្ឌ​ទាំងអស់ ។ គ្រូពេទ្យ​ដែល​ជាប់កិច្ចសន្យា​ចំនួន ៣.៦៨៩​នាក់ ត្រូវ​បាន​បញ្ចូល​ក្រប​ខណ្ឌ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ពិតជា​មានការ​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​បាន​រួមចំណែក​ដោះស្រាយ​នៅ​ក្នុង​កំណែទម្រង់​មួយ​ចំនួន​ដែល​មានការ​ចាំបាច់​ត្រូវ​ធ្វើការ​កែទម្រង់​។ ការ​កែទម្រង់​ទាំងអស់​សុទ្ធតែ​បម្រើ​គោលដៅ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​និស្សិត​របស់​យើង ។

ទន្ទឹម​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​កែទម្រង់​លើ​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ធ្វើ​ឱ្យ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​លើ​បញ្ហា​ប័ណ្ណបើកបរ​ទោច​ក្រ​យាន្ត ដែល​វិធី​តែ​មួយ​គត់​គឺ​ការ​លុប​ចោល និង​តម្រូវ​ឱ្យ​មាន​តែ​អត្តសញ្ញាណប័ណ្ណ​តែ​មួយ​មុខ ។ ក្នុង​ករណី​នេះ​សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​លើកលែង​ទាំងអស់​ទេ ទោចក្រយានយន្ត​ចាប់ពី​១២៥CC​ចុះ​ក្រោម​គឺ​លើកលែង ។ ចាប់ពី​១២៦CC ឡើង​ទៅ ចាំបាច់​ត្រូវ​តែ​មាន​ប័ណ្ណបើកបរ ។ ចំពោះ​តម្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណ​ក៏​បញ្ចុះ​ដែរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​អរគុណ​ដែល​យើង​បាន​រួម​គ្នា​ខិតខំ​អនុវត្ដ បើសិនជា​មិន​រួម​គ្នា​អនុវត្ដ​ទេ​នោះ ការងារ​ទាំងនោះ​មិន​អាច​សម្រេច​ទេ ។

ចំពោះ​និស្សិត​ទាំងឡាយ ទោះបី​ចង់​បង្កើត​អគារសិក្សា​ប៉ុន្មាន​ក៏​ដោយ បើ​គ្មាន​ការ​ចូលរួម​ចង់​រៀន​របស់​និស្សិត​ទេ មិន​អាច​ទៅ​រួច​ទេ លុះត្រាតែ​មានការ​ចូលរួម​ដែល​យើង​រួម​គ្នា​ធ្វើ​ទាំងអស់​គ្នា ។

សម្ដេច​តេ​ជោ​បាន​សម្តែង​ក្តី​សង្ឃឹមថា យើង​នឹង​បន្ដដំណើរ​រួម​ជា​មួ​ួ​យ​គ្នា​ទៅ​ទៀត​តាម​រយៈ​ផលិតផល​ថ្មី​ៗ និង​គោលដៅ​ដែល​បាន​ដាក់​ចេញ​។ តាម​ផ្នែក​សុខាភិបាល​គឺ​មាន​ច្រើន​ណាស់ ដែល​ទាមទារ​ឱ្យ​មានការ​ធ្វើ​សកម្មភាព​ដោយ​មិន​បាន​ពឹងពាក់​លើ​ស្ថាប័ន​សុខាភិបាល​តែ​មួយ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្ដែ​ត្រូវ​ធ្វើការ​រួម​គ្នា​ជា​មួ​​យ​នឹង​ស្ថាប័ន​ដទៃ​ទៀត ដូច​ជា​ពាក់ព័ន្ធ​ជា​មួ​ួ​យ​គ្រោះថ្នាក់​ចរាចរណ៍ ។

ទាក់ទង​ទៅ​នឹង​ការ​ព្យាបាល​សុខភាព​នៅ​មន្ទីរពេទ្យ​សាធារណៈ ក៏​ដូច​ជា​ការ​ព្យាបាល​នៅ​គ្លីនិក​ដទៃ​ទៀត សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា​យ៉ាងណាមិញ​ក្នុង​ករណី​ដូច​ជា បើ​មានការ​ត្រូវ​ព្យូ​រ​សេរ៉ូម​ក្ដី ឬ​ករណី​ផ្សេង​ៗ​គឺ​ឱ្យ​ពេទ្យ​ជំនាញ​គេ​ធ្វើ មិន​ត្រូវ​ព្យូ​រ​សេរ៉ូម​នៅ​មន្ទីរពេទ្យ​ហើយ​យក​អ្នកជំងឺ​មក​ផ្ទះ ។ បើ​មាន​បញ្ហា​អាច​មាន​ក្នុង​ករណី​យក​មក​ផ្ទះ ជួនកាល​លក្ខណៈ​បច្ចេកទេស​នៃ​គ្រូពេទ្យ​ឲ្យ​សេរ៉ូម​ធ្លាក់​ទៅ​តាម​កំណត់ ។ លុះដល់​យក​មក​ផ្ទះ ក្រែង​ករណី​ជាយថាហេតុ​ធ្វើ​ឱ្យ​តំណក់​នៃ​ការ​ធ្លាក់ទឹក​សេរ៉ូម​នេះ​ខុស​ពី​ធម្មតា​ដែល​គ្រូពេទ្យ​បាន​កំណត់​នោះ អាច​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់ ។ បើ​ចង់​ដាក់​ត្រូវ​ដាក់​នៅ​គ្លីនិក ឬ​ហៅ​គ្រូពេទ្យ​មក​ដាក់​ឱ្យ ដល់​អស់​ទុក​ឱ្យ​គ្រូពេទ្យ​មក​ដោះ យើង​កុំ​ដោះ​ខ្លួនឯង ។

សម្ដេច​តេ​ជោ​បញ្ជាក់​ថា គ្រូពេទ្យ​ភាគច្រើន​ណាស់​ដែល​ជា​គ្រូពេទ្យ​សង្គ្រោះ​ជីវិត​មនុស្ស ។ ប៉ុន្ដែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​នៃ​បុគ្គល​ខ្លះ មិនមែន​ជា​ស្ថាប័ន​គ្រូពេទ្យ​ទេ ។ ខ្ញុំ​មិន​យល់​ស្រប​ជា​មួ​ួ​យ​មនុស្ស​ខ្លះ​ដែល​បាន​និយាយ​ថា គ្រូពេទ្យ​៩០%​អាក្រក់ ។

ចំពោះ​បញ្ហា​នេះ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា បើ​ដូច្នោះ​តើ​គ្រូពេទ្យ​ទទួល​បាន​ទេ ? ចំពោះ​សម្តី​នេះ គឺ​ហាក់ដូចជា​ការ​មាក់ងាយ​ចំពោះ​គ្រូពេទ្យ​ពេក​ហើយ ប្រជាជន​កម្ពុជា​ព្យាបាល​នៅ​ក្នុងស្រុក ។ បើ​៩០% ជា​មនុស្ស​អាក្រក់​ទៅ​ហើយ តើ​អាច​គ្រោះថ្នាក់​មនុស្ស​ប៉ុន្មាន​នាក់​ទៅ ។

ប្រទេស​កម្ពុជា​មាន​ប្រជាជន​ឈរ​នៅ​លំដាប់​ទី​៧ នៅ​អាស៊ាន ប្រជាជន​ច្រើន​ទី​១-​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជាង​២០០​លាន​នាក់ ទី​២-​ហ្វ៊ី​លី​ពី​ន ជាង​១០០​លាន​នាក់ ទី​៣-​វៀតណាម​មាន​៩០​លាន​នាក់ ទី​៤-​ថៃ មាន​៦០​លាន​នាក់ ទី​៥-​ម៉ា​ឡេ​ស៊ី​៣៩​លាន​នាក់ ទី​៦-​មី​យ៉ា​ន់​ម៉ា ទី​៧-​កម្ពុជា ទី​៨-​ឡាវ ទី​៩-​សិង្ហ​បុរី ទី​១០-​ប្រ៊ុ​យ​ណេ ។

លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខា ភិ​បាល ថ្លែង​ថា ដើម្បី​ឈាន​ទៅ​រក​ឧត្តមភាព​ក្នុង​ការ​បណ្តុះបណ្តាល ការ​ស្រាវជ្រាវ និង​ការ​ផ្តល់​សេវា​សុខាភិបាល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមភាព និង​សីលធម៌​ខ្ពស់ ដើម្បី​ធានា​ឱ្យ​បាន​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង សាកលវិទ្យាល័យ​បាន​និង​កំពុង​កែសម្រួល​កម្មវិធី​សិក្សា​នានា​ទៅ​ជា​កម្មវិធី​សិក្សា​ដែល​មាន​ទិស​ដៅ​បង្កើន​សមត្ថភាព​ជំនាញ​និង​ភាព​ប៉ិន​ប្រសប់​នៃ​ការ​អនុវត្ត​ជាក់ស្តែង ។

សាកលវិទ្យាល័យ​បាន​បញ្ចូល​ការ​អនុវត្ត​បង្ហាញ​ក្នុង​កម្មវិធី​សិក្សា ដើម្បី​បណ្តុះបណ្តាល​និស្សិត​ឱ្យ​បាន​ស្ទាត់ជំនាញ​មុន​នឹង​ចេញ​ទៅ​អនុវត្ត​នៅ​តាម​មន្ទីរពេទ្យ និង​កន្លែង​កម្មសិក្សា​នានា ។

លោក​រដ្ឋមន្ត្រី ថ្លែង​ទៀត​ថា អគារសិក្សា​ថ្មី​ដែល​ត្រូវ​សម្ពោធ​នេះ​មាន​កម្ពស់ ១០​ជាន់​ស្មើនឹង​៤២​ម៉ែត្រ ទទឹង​២១​ម៉ែត្រ បណ្ដោយ​៣៧​ម៉ែត្រ ចំណាយ​ថវិកា​សរុប​ទាំង​អគារ​និង​សម្ភារ​ចំនួន ១៦.០៩៨.៣៧១.៤០០​រៀល និង​ថវិកាជាតិ​ចំនួន​១៩៧.៤២០.០០០​រៀល ។ អគារ​នេះ​ជា​អគារ​ទី​៤​ហើយ ក្រោយ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ប្រែ​ក្លាយជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ចាប់ពី​ចុងឆ្នាំ​២០០១ មក ។

ដើម្បី​រំឭក​ដល់​គុណូបការៈ​ដ៏​ខ្ព​ង​ខ្ពស់​និង​ថ្លៃថ្លា​បំផុត​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​រំដោះជាតិ ពី​របប​ប្រល័យពូជសាសន៍ និង​បាន​ដឹកនាំ​កសាង​ប្រទេស​ឱ្យ​មាន​សន្តិភាព​ទាំងស្រុង ស្ថិរភាព​នយោបាយ​ទូ​ទាំង​ប្រទេស និង​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ តាង​នាម​គណៈ​គ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក​និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សូម​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ពី​សម្ដេច​តេ​ជោ​ប្រសិទ្ធ​នាម​អគារ​ថ្មី​នេះ​ថា «​អគារ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អគារ​ទី​៣» ។

យើងខ្ញុំ​ទាំងអស់​គ្នា មានចិត្ត​សប្បាយ​យ៉ាង​រីករាយ និង​កិត្តិយស​បំផុត ដែល​ពិធី​សម្ពោធ​នេះ​ចំ​ពេល​ខួប​៧០​ឆ្នាំ​នៃ​ការ​បង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។ យើងខ្ញុំ​ត្រេកអរ​ក្រៃ​លែង​ដែល​សាកលវិទ្យាល័យ​មួយ​នេះ ជា​សាកលវិទ្យាល័យ​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សាកលវិទ្យាល័យ​ឈានមុខ​គេ​ក្នុង​ការ​បណ្ដុះបណ្ដាល​វិស័យ​សុខាភិបាល ហើយ​ជា​សាកលវិទ្យាល័យ​ដែល​រស់រាន​មានជីវិត​ជា​លើក​ទី​២​នៅ​ឆ្នាំ​១៩៨០ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ក្រោម​ការ​សម្រេច​និង​ឧ​ប​ត្ថ​ម​ផ្ទាល់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សាកលវិទ្យាល័យ​នេះ បាន​បំពេញ​កាតព្វកិច្ច​យ៉ាង​សកម្ម​បំផុត រួមចំណែក​ជា​មួ​​យ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ៕