រាជធានីភ្នំពេញ ៖ ដីស្រះរួមដែលគេចោទប្រកាន់ថាអាជ្ញាធរសង្កាត់ឃ្មួញ ឃុបឃិតលក់ចែកលុយគ្នា ក្រោមរូបភាពបំផុសប្រជាពលរដ្ឋផ្តិតមេដៃគាំទ្រ បានចាប់ផ្ដើមចាក់ដីបណ្ដើរៗឡើងវិញហើយបន្ទាប់ពីដោះស្រាយលួងចិត្តជូនប្រជាពលរដ្ឋដែលផ្ទុះ ការតវ៉ាប្រមាណជិត២ខែមុន។
ស្រះទឹករួមដែលអាជ្ញាធរលក់នោះស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី ០៦ខែកក្កដាឆ្នាំ២០២៥នេះគេឃើញឡាន ជាច្រើនគ្រឿងបានចាប់ផ្តើមបន្ត ដឹកដីខ្សាច់យកទៅចាក់លុបស្រៈទឹករួមនោះបន្ទាប់ពីមានការដោះស្រាយប្រជាពលរដ្ឋចំនួន ៥ នាក់ ដែលផ្ទុះការតវ៉ាកាលពីកន្លងមក។
តាមលោកស្រី សុត សីម៉ា ដែលបានតវ៉ា បានអោយកោះសន្តិភាពដឹងថា ជុំវិញដីរួមនោះត្រូវបានអ្នកទិញដោះស្រាយជួនប្រជាពលរដ្ឋដែលតវ៉ា រួចរាល់ហើយតាមរយះចៅសង្កាត់ហើយម្ចាស់បានចាប់ផ្តើមចាក់ដីលុបបំពេញហើយ ។ ទោះបីជាយ៉ាងណាលោកស្រីពុំបានឲ្យដឹងពីចំនួនដែលបានដោះស្រាយលួងចិត្តនោះទេ។
តាមព័ត៌មានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៥គ្រួសារដែលបានផ្ទុះការតវ៉ាត្រូវបានដោះស្រាយទទួលបានប្រាក់ក្នុងមួយគ្រួសារចំនួន២ពាន់ដុល្លារ។ទន្ទឹមនឹងនោះប្រជាពលរដ្ឋដែលទទួលបានប្រាក់ពីមុនក៏មានការអាក់អន់ចិត្តផងដែរព្រោះពួកគាត់ខ្លះបានតែ១០០ទៅ ២០០ដុល្លារក្នុងមួយគ្រួសារតែប៉ុណ្ណោះ ខ្លះចង់បានការដោះស្រាយឱ្យស្មើភាព ទើបស្ងប់អារម្មណ៍។
លោកអ៊ុក សម្បត្តិ ចៅសង្កាត់រងទី១សង្កាត់ឃ្មួញបានឱ្យដឹងថា ការតវ៉ារឿងលក់ដីរួមនេះម្ចាស់ដីឈ្មោះឈាង រចនា បានជួបដោះស្រាយជូនប្រជាពលរដ្ឋរួចរាល់ហើយកាលពីជាង១សប្តាហ៍មុនហើយម្ចាស់បានចាប់ផ្តើមចាក់ដីហើយ។ តាមព័ត៌មានឱ្យដឹងថា អ្នកទទួលចាក់ដីឈ្មោះជាវ រួមជាមួយកូនប្រសារលោកមេភូមិបន្លាស្អិតដែលចាប់ផ្ដើមចាក់តាំងពីថ្ងៃទី ៦ខែសីហាឆ្នាំ ២០២៥។
គួរបញ្ជាក់ថា ស្រះទឹករួមមួយកន្លែងស្ថិតនៅភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខមានទំហំប្រមាណជាង២០០០ម៉ែត្រការ៉េត្រូវបានគេចោទប្រកាន់ថា អាជ្ញាធរភូមិ សង្កាត់ខណ្ឌ ឃុបឃិតគ្នា លក់ចែកលុយគ្នាក្រោមរូបភាព បំផុសប្រជាពលរដ្ឋអោយផ្តិតមេដៃគាំទ្រជាថ្នូរនឹងលុយមួយចំនួនហើយនៅពេលចាក់ដីអ្នកអត់បានចំណែកផ្ទុះ ការតវ៉ាហាមឃាត់រថយន្តចាក់ដីកាលពីព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥កន្លងមក។
ទោះបីជាយ៉ាងណាគេពុំដឹងឲ្យប្រាកដថាស្រះទឹកនោះត្រូវបានគេលួចលក់តាំងពីពេលណាឲ្យពិតប្រាកដនោះឡើយ។បើតាមអាជ្ញាធរលក់តាំងពីឆ្នាំ២០១៩មកម្លេះ។ បន្ទាប់ពីមានការតវ៉ាឃាត់រថយន្តដី ប្រជាពលរដ្ឋចំនួន៥នាក់ដែលអត់បានទទួលផលប្រយោជន៍ពីការលក់ដីរួមបាននាំគ្នាផ្ដិតមេដៃដាក់ពាក្យប្តឹងទៅសាលាសង្កាត់និងសាលាខណ្ឌសែនសុខដើម្បីឲ្យជួយអន្តរាគមន៍ទប់ស្កាត់ដីរួមខណៈពេលដែលអាជ្ញាធរបានឃុបឃិតគ្នាគ្នាលក់ស៊ីជុះបាត់ជាយូរមកហើយនោះ។
តាមពាក្យបណ្តឹងចូលទៅលោកចៅសង្កាត់ឈ្មួញ ក៍បានស្នើសុំជួយអន្តរាគមន៍ទប់ស្កាត់ការចាក់លុបដីត្រពាំងទឹករបស់សហគមន៍ ដើម្បីថែរក្សា ជាទ្រព្យរួមបន្តទៀត និង ស្រាវជ្រាវករណីឃុបឃិតគ្នាលួចលក់ត្រពាំងទឹកសហគមន៍ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ នេះ ដើម្បីរកឱ្យឃើញរដ្ឋអំណាចណាខ្លះឃុបឃិត ព្រោះវាជារឿងពុករលួយដូចសម្លកំពឹស ។
តាមពាក្យបណ្ដឹងបានឲ្យដឹងទៀតថា សូមគោរពជម្រាប ជូន លោកចៅសង្កាត់ មេត្តាជ្រាបថា ពួកយើងខ្ញុំនិងម្តាយឪពុកធ្លាប់អាស្រ័យផលដីត្រពាំងទឹក រួមរបស់សហគម១កន្លែងទំហំប្រមាណជាង២,០០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពួកយើងធ្លាប់អាស្រ័យផលដោយបូមទឹកប្រើប្រាស់ ប្រចាំថ្ងៃ ស្រោចស្រពដំណាំ បូមត្រីចែកគ្នាហូប និងចុងក្រោយគឺស្តុកទឹកក្រោយពេលភ្លៀងកុំឱ្យ លិចលង់ភូមិដ្ឋានផ្ទះសម្បែង ព្រោះតំបន់នេះនៅមិនទាន់មានលូបង្ហូរទឹកនៅឡើយ។
ទើបនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ពួកយើងខ្ញុំដែលកំពុងរស់នៅជុំវិញត្រពាំងរួម នេះ បានឃើញឡានដឹកដីនិងខ្សាច់ជាច្រើនគ្រឿង ថែមទាំងមានគ្រឿងចក្ររុញលប់ត្រពាំងនេះ យកធ្វើជាកម្មសិទ្ធិឯកជន មិនដឹងថា អ្នកណាជាអ្នកលក់ទិញ ហើយអាជ្ញាធរណាខ្លះបានឃុបឃិត ចូលរួមចុះហត្ថលេខាដឹងឮទើបពួកគាត់ ប្តឹងទៅអាជ្ញាធរឱ្យជួយអន្តរាគមន៍ទប់ស្កាត់ ក៏លិចលឺដំណឹងថា មានការលក់ទិញដីនេះ ថែមទាំងមានប្លង់រឹងទៀតផង ទើបអ្នកទិញហ៊ានចាក់ដី ។ រឿងពុករលួយលើគោកមួយនេះ ក្លាយជាសម្លកំពឹសទៅហើយ ។
តាមលោកសំរិទ្ធ វណ្ណន្នីមេភូមិ បន្លាស្អិតបានអោយដឹងថា ដីរួមនោះត្រូវបានសង្កាត់ឯកភាពអោយលក់ទៅអោយឈ្មោះរចនា រយះពេលប្រមាណ៥ទៅ៦ឆ្នាំមកហើយដោយមានប្រជាពលរដ្ឋចាស់ផ្តិតមេដៃនិងបានចែកលុយគ្នាបាន១គ្រួសារ២០០ដុល្លារ។ចំណែកប្រជាពលរដ្ឋដែលតវ៉ាជាអ្នកភូមិទើបមកតាំងទីលំនៅថ្មីតែប៉ុណ្ណោះ ពេលនេះបានចំណែកច្រើនជាងអ្នកចាស់ ។
លោកមេភូមិបានឲ្យដឹងទៀតថា នៅពេលលក់បានលុយមួយចំនួនបានយកមកធ្វើផ្លូវអស់ប្រមាណ១ ម៉ឺនដុល្លារ។ទោះបីជាយ៉ាងណាគេនិយាយថា ការលក់ដីរួមគឺជាការឃុបឃិតគ្នាដើម្បីលក់យកលុយចែកគ្នាគឺយកមួយចំណែកតូចមកចំណាយដើម្បីធ្វើផ្លូវតែប៉ុណ្ណោះ។ បន្ទាប់ពី មានការតវ៉ាអាជ្ញាធរសង្កាត់និងប្រជាពលរដ្ឋទៅជួបដោះស្រាយដោយ សែនត្រូវរួចបានបន្តចាក់ដីឡើងវិញ។
រឿងលក់ដីរួមចែកលុយគ្នានេះ ត្រូវតែឱ្យច្បាប់ដោះស្រាយ ព្រោះពេលវេលានេះហើយ មិនត្រូវមើលរំលងច្បាប់ពុករលួយឡើយ ហើយក៏មិនត្រូវមើលរំលងស្ថាប័នតុលាការដែរ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
















ចែករំលែកព័តមាននេះ