ខេត្តបាត់ដំបង៖ ជនឆក់ឱកាសមានប្រុសមានស្រីចំនួន០៣នាក់មកពីរាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន កាលពីថ្ងៃទី០៦ សីហា ពេលដែលពួកគេបន្លំចូល «លួច» យកទ្រព្យសម្បត្តិរបស់ប្រជាពលករខ្មែរ ដែលទើបវិញត្រឡប់មកពីប្រទេសថៃចូលស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ«ដូង»ក្នុងស្រុកកំរៀង។

យោងតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះមាន ១-ឈ្មោះ កេង សុផល ភេទប្រុស អាយុ៣៩ឆ្នាំ ២-ឈ្មោះ សឿន ផល ហៅ វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ និង៣-ឈ្មោះ ជា ពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ ។ ពួកគេមានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ។

បើតាមរបាយការណ៍ក្រុមចោររហ័សដៃមានស្រី មានប្រុស មកពីរាជធានីភ្នំពេញទាំង០៣នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក
កំរៀង ដែលកំពុងការពារសន្តិសុខជូនពលករខ្មែររាប់ម៉ឺននាក់ កំពុងវិលត្រឡប់មកពីប្រទេសថៃ ធ្វើការឃាត់ខ្លួនភ្លាមៗ នៅពេលពួកគេបន្លំចូលក្នុងចំណោមពលករ រួចធ្វើសកម្មភាព «លួចយកកាបូប» ពីពលការិនីចំនួន០២នាក់ ដែលមានប្រាក់និងគ្រឿងអល័ង្ការ ។

មន្ត្រីកងរាជអាវុធហត្ថបានប្រាប់ថា មានពលការិនីចំនូន០២នាក់ ដែលទើបវិលមកដល់ទឹកដីកំណើត តែត្រូវជនសង្ស័យខាងលើ បន្លំចូលលួចកាបូបរបស់គាត់ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយពីមានការភ្ញាក់ផ្អើលនឹងសកម្មភាពរបស់ក្រុមចោរ។

ជាមួយនឹងការចាប់ខ្លួនយកទៅសួរនាំ សមត្ថកិច្ចបានដកហូតវត្ថុតាងនានា ដូចជា៖ កាបូបស្ពាយចំនួន០២ ប្រាក់ខ្មែរចំនួន ៥,១៩លានរៀល, ប្រាក់ថៃចំនួន៣៥,៦០០បាត, ប្រាក់ភូមាចំនួន ៦,២០០យ៉ាត, ប្រាក់ឡាវចំនួន១,០០០គីប, ប្រាក់ចិនចំនួន០៥យ័ន, ទូរស័ព្ទចំនួន០៥គ្រឿង, និង គ្រឿងអល័ង្ការមួយចំនួនទៀត, ក្រៅពីវត្ថុតាងជារបស់ជនរងគ្រោះ មន្ត្រីជំនាញក៏ដកហូតបានផ្លែឡាមមួយចំនួនដែរ ដែលជារបស់ក្រុមចោរសម្រាប់វះកាបូបជនរងគ្រោះលួចយកទ្រព្យសម្បត្តិ។

ពាក់ព័ន្ធកិច្ចការពារសន្តិសុខជូនបងប្អូនប្រជាពលកររាប់សែននាក់ ដែលកំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ ចូលប្រទេសកំណើតវិញនេះ មន្ត្រីរដ្ឋបាលខេត្តស្ទើរគ្រប់ស្ថាប័ន ដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដែលមានការចូលរួមយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នផង ដើម្បីការពារសន្តិសុខ បានប្រឹងប្រែងយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃទី២៥ កក្កដា រហូតចូលមកដល់ដើមខែសីហានេះ ដើម្បីគាំពារ និងចាំទទូលស្វាគមន៍ពលករ និងពលរដ្នខ្មែររាប់ម៉ឺននាក់ ដែលបានវិលត្រឡប់ចូលស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ«ដូង»ស្រុកកំរៀង។

នៅខាងមុខច្រកទ្វារអន្តរជាតិ«ដូង» នាព្រឹកថ្ងៃទី០៧ សីហា ខណៈដែលពលករខ្មែររាប់ម៉ឺននាក់កំពុងធ្វើដំណើរឆ្លងព្រំដែនចូលស្រុកកំណើត ជាមួយនឹងសម្ពាយអីវ៉ាន់យ៉ាងសំពីងសំពោងជាប់ខ្លួនផង អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងទៅកាន់បងប្អូនប្រជាពលករថា «លំហូរ
ពលករខ្មែរវិលចូលប្រទេសកំណើតវិញ រហូតមកដល់ថ្ងៃនេះមានចំនួនជាង៦០នាក់ហើយ»។

លោកអភិបាលខេត្តបានប្រកាសថា ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលទៅលើពលករខ្មែរវិលត្រឡប់ចូលស្រុកវិញនេះ រាជរដ្ឋាភិបាលបានផ្ដល់ចំនួនរថយន្តរាប់រយគ្រឿង សម្រាប់ជួយដឹកជញ្ជូនបងប្អូនពលករទៅកាន់ស្រុកកំណើត ។ មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តបាត់ដំបងផ្ទាល់ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាការពារសន្តិសុខជូនបងប្អូនពលករ។

លោកបានបន្ថែមថា ពិតមែនតែមានជន«ឆក់ឱកាស»មួយចំនួនតូច បានបន្លំចូលលួចទ្រព្យសម្បត្តិបងប្អូនក្ដី តែត្រូវបង្ក្រាបបានភ្លាមៗដោយកម្លាំងកងរាជអាវុធហត្ថ។ ដោយឡែក ចំពោះពលករដែលមានបញ្ហាសុខភាព ពេលវិលត្រឡប់មកដល់ទឹកដីកំណើត បើតាមលោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា «រហូតមកដល់ពេលនេះ បងប្អូនពលករដែលបានវិលត្រឡប់មកដល់ព្រំដែន ហាក់ពុំទាន់មានបញ្ហាគ្រោះថ្នាក់ដោយជំងឺ ឬបញ្ហាផ្សេងៗ ដែលបានកើតឡើងក្នុងពេលនេះទេ ក្រៅពីមានជនសង្ស័យស្រីប្រុស០៣នាក់ បានបន្លំចូលលួចកាបូបលុយពលករ តែត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបានហើយ។

ដូច្នេះ រដ្ឋបាលខេត្តបាត់ដំបងបានរួមសហការគ្នា ជួយការពារសន្ដិសុខសណ្ដាប់ធ្នាប់ ជួយឧបត្ថម្ភចំណីអាហារ ជួយផ្ដល់សេវាសុខភាពសង្គ្រោះបឋម និងជួយសម្រូលដល់ការធ្វើដំណើររបស់បងប្អូនពលករ ទាំងការមកដល់ច្រកទ្វារព្រំដែន ទាំងការជូនដំណើរទៅកាន់ស្រុកកំណើរ ប្រកបដោយសុវត្ថិភាព ៕





ចែករំលែកព័តមាននេះ