រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥កន្លងទៅ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់(ម្នាក់ខ្មែរនិងម្នាក់ទៀតចិន) ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់បមាណ១តោន និងបទសម្អាតប្រាក់ ។

សេចក្ដីប្រកាសព័ត៌មាន មានខ្លឹមសារថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលនៃស្នងការដ្ឋានរាជធានីនំពេញ នគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ និងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ក្រាបករណីគ្រឿងញៀនជាច្រើនទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតវត្ថុតាងពីឈ្មោះ LAI JUI CHIEN ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន និងឈ្មោះ រឿន រីន ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ នូវសារធាតុញៀនប្រភេទអីុស្តាស៊ី ទម្ងន់ ៧ ៣១១,៦៦ក្រាម និងប្រភេទកេតាមីន ទម្ងន់ ៩៩២ ២៣៧,៣០ក្រាម រួមជាមួយនឹងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ម៉ាស៊ីនអ៊ុតថង់១គ្រឿង និងសម្ភារៈសម្រាប់ច្រកវេចខ្ចប់គ្រឿងញៀនមួយចំនួន(បាវ និងថង់) ព្រមទាំវត្ថុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ពន្ធនឹងការសម្អាតប្រាក់ ។
ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកឯបក្ខពួកដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត ។
ក្រោយពីទទួលបាន និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង២នាក់ខាងលើ និងបក្ខពួក ពីបទរក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ