ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ នាំគ្នាលេងក្នុង​ព្រៃកៅស៊ូ​យ៉ាងសប្បាយ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​៖ អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ន មាគ៌ា​ ស្នងការ​នគរបាល​ខេត្ត កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​មួយ​ចំនួន ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ។ ​​ក្រុមល្បាត​ ​បាន​​ប្រទះ​ឃើញ​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​មួយ​ក្រុម…

ខេត្ត​ត្បូងឃ្មុំ​៖ អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ន មាគ៌ា​ ស្នងការ​នគរបាល​ខេត្ត កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​មួយ​ចំនួន ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ។ ​​ក្រុមល្បាត​ ​បាន​​ប្រទះ​ឃើញ​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​មួយ​ក្រុម ដែលកំពុង​តែ​លេង​យ៉ាង​សប្បាយ ​ហ៊ោ​ក​ញ្ច្រៀ​វ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ​មួយ​កន្លែង ក្នុង​ឃុំ​កោង​កាង ស្រុក​ពញាក្រែក​​។

​​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ពី​ចម្ងាយ ក្រុម​ញៀន​ល្បែង​ទាំងនោះ បាន​នាំ​គ្នា រត់​ចោល​ម៉ូតូ និង​មាន់​ គេចខ្លួន​បាត់​ យករួចខ្លួនអស់​។  

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ប្រាប់​នា​ព្រឹក​ថ្ងៃ​ទី​២ ខែមករាថា ក្នុង​ពេល​ប្រជុំ ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ម្ដង​ៗ លោកស្នងការ ​តែងតែ​ណែនាំ​ដល់​លោក​អធិការ​ស្រុក​-​ក្រុង​ ទាំង​ ៧ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឲ្យ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព។

ជាមួយ​នោះ បើ​ឃើញ​មាន​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង ​នៅ​ត្រង់​ចំណុច​ណាមួយ ត្រូវ​ចុះ​បង្ក្រាប​ជា​បន្ទាន់ និង​ឈាន​ចាប់​ម្ចាស់​សង្វៀន បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​ចាត់ការ​តាម​ច្បាប់​។

សមត្ថកិច្ច​មូលដ្ឋាន​ ប្រាប់​បន្ត​​​​ថា ជាក់ស្ដែង ​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក សហការ​ចេញ​បង្ក្រាប​ក្រុម​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់ បញ្ជល់មាន់​មួយ​ក្រុម មាន​គ្នា​ប្រហែល ​២០​នាក់ ទៅ ​៣០​នាក់ នៅ​ចំណុច​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ស្ថិត​នៅ​ភូមិ​​ត្រពាំង​ខ្យង ឃុំ​កោង​កាង ស្រុក​ពញាក្រែក។

ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​ពី​ចម្ងាយ មាន​អ្នក​មើលផ្លូវ បាន​ផ្ដល់​សញ្ញា​ឲ្យ​ ក្រុម​អ្នក​ញៀន​ល្បែង ក៏​នាំ​គ្នា​រត់គេច​ខ្លួន​ ឡើង​ប្រសាច ​ចូល​ទៅ​ក្នុង​ព្រៃ ​បាត់​អស់ ក្នុង​ចំណោម​​អ្នក​គេចខ្លួន​ទាំងនោះ គេ​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ “​អាប៉ោង​” ដែល​ចូល​ចិត្ត​លេងល្បែង​បញ្ជល់មាន់ ដោយ​ណាត់​លេង​ម្ដង​ត្រង់នេះ ម្ដង​ត្រង់នោះ ដើម្បី​បង្វែងដាន​ពី​សមត្ថកិច្ច​។ ទោះជា​បែប​ណា​ក៏​ដោយ ក៏​សមត្ថកិច្ច​ នៅ​តែ​តាម​រក​ឃើញ​ដដែល​។ សមត្ថកិច្ច​បញ្ជាក់​​ថា ក្រោយ​ពី​ឃើញ​សមត្ថកិច្ច​ទៅ​ដល់ ក្រុម​ល្មើស​ទាំងនោះ បាន​រត់គេច​ខ្លួន​បន្សល់​ទុក​វត្ថុ​តាង​ នៅ​ទីតាំង​នោះ ​មាន​ម៉ូតូ​ចំនួន​ ១១​គ្រឿង ​(​ចាស់​ៗ ​ចំនួន ​៦​គ្រឿង​) មាន់​ជល់​ចំនួន ​២​ក្បាល ​(​ងាប់​ ១​ក្បាល​) កន្ត្រក់​ដាក់​មាន់​ចំនួន​១ និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ វត្ថុ​តាង ​ដែល​ដកហូត​បាន ត្រូវ​នាំ​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត និង​ឱ្យ​ម្ចាស់​មក​ទទួលយក​ទៅ​វិញ ដូច​ជា​ម៉ូតូ​ ជាដើម៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ