មានប្រវែង៨ម៉ែត្រ ទម្ងន់២៥តោន ក្បាលគ្រាប់នុយក្លេអ៊ែរមានឈ្មោះថា TSAR BOMBA ជាគ្រាប់បែកនុយក្លេអ៊ែរដែលខ្លាំងបំផុតនៃប្រវត្តិសាស្ត្រ ជានិមិត្តរូបនៃសម័យកាលអភិវឌ្ឍន៍ដែលពួកសូវៀត និងអាមេរិកវាស់ស្ទង់កម្លាំងគ្នាខាងគ្រាប់បែកបរមាណូ រួចគ្រាប់បែកនុយក្លេអ៊ែរដ៏ខ្លាំងនេះត្រូវបានគេយកមកដាក់តាំងបង្ហាញជាលើកដំបូងនៅក្រុងមូស្គូ ។
សាកល្បងកាលពីឆ្នាំ១៩៦១ ដោយអាជ្ញាធរសហភាពសូវៀត គ្រាប់បែកអីុត្រូហ្សែន TSAR BOMBA ឈ្មោះពិតហៅ AN602 បង្កើតទាំងមោទនភាពទាំងការភ័យខ្លាច ។ ការតាំងបង្ហាញគ្រាប់បែកនុយក្លេអ៊ែរខ្លាំងនេះនៅក្បែរកំពែងវិមានក្រឹមឡាំងបង្ហាញពីប្រវត្តិដ៏ខ្លាំងនៃនុយក្លេអ៊ែររុស្ស៊ី ។ គ្រាប់បែកដែលយកមកដាក់តាំងនេះ តាមពិតគេយករំសេវនុយក្លេអ៊ែរចេញអស់ហើយ ។
ថ្ងៃទី៣០ តុលា ឆ្នាំ១៩៦១ គ្រាប់បែកដែលមានកម្លាំងប្រមាណជា៥០មេហ្គាតោននេះ ផលិតដោយអ្នកប្រាជ្ញសូវៀតមួយក្រុម ក្រោមការដឹកនាំរបស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោក ANDREI SAKHAROV ត្រូវបានសាកល្បងប្រកបដោយជោគជ័យនៅឯទីតាំងសាកល្បង NOVAIA ZEMLIA (ដែនដីថ្មី) ក្នុងតំបន់មហាសមុទ្រអាក់ទិករបស់រុស្ស៊ី ។ ការសាកល្បងនេះជាផ្នែកមួយនៃការស្រាវជ្រាវធំៗ តាមបញ្ជារបស់ចូសេបស្តាលីន កាលពីថ្ងៃទី២០ សីហា ឆ្នាំ១៩៤៥ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី២បន្តិច ដែលសំដៅផលិតគ្រាប់បែកនុយក្លេអ៊ែររបស់សូវៀត ហើយឱ្យទទួលបានតុល្យភាពកម្លាំងជាមួយសហរដ្ឋអាេមរិកដែលមានអាវុធនុយក្លេអ៊ែររួចហើយ ៕
ចែករំលែកព័តមាននេះ