ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​បន្ថែម​ពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ខណៈ​NOCC កំពុង​បញ្ជ្រាប​ខ្លាំងនៅ​តាម​សាលា​រដ្ឋ និងឯកជន

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ សកម្មភាព​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក កំពុង​ត្រូវ​បាន NOCC និង កីឡាករ​ពាក់ព័ន្ធ​

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ សកម្មភាព​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក កំពុង​ត្រូវ​បាន NOCC និង កីឡាករ​ពាក់ព័ន្ធ​បង្កើន​ការ​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​។ សកម្មភាព​ទាំងនោះ ត្រូវ​បាន​គេ​ឃើញ​មានការ​ផ្សព្វផ្សាយ​កាន់តែ​ខ្លាំង នៅ​តាម​គ្រឹះស្ថាន​សាលា​រដ្ឋ និង​ឯកជន ដោយ​មាន​មន្ត្រី​ផ្នែក​កីឡា និង​កីឡាករ​ជា​អ្នកមាន​ជំនាញ​ជា​ច្រើន​មក​ធ្វើការ​ពន្យល់​ ។ មជ្ឈដ្ឋាន​មួយ​ចំនួន​នៅ​តែ​មានការ​ចាប់អារម្មណ៍​ថា​អ្វី​ជា​កត្តា​ដែល​ជំរុញ​អោយ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​ត្រូវ​ធ្វើការ​បញ្ជ្រាប​នៅ​ក្នុង​ស្រទាប់​សិស្ស​និស្សិត​ជា​យុ​វ័យ បើ​សិស្ស​និស្សិត​ទាំងនោះ មិន​ពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​​ក្តី​​។ យ៉ាងណាមិញ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពន្យល់​ពី​សកម្មភាព​ទាំងនេះ​។

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន មាន​ប្រសាសន៍​ថា គុណ​តម្លៃ​របស់​អូ​ឡាំ​ពិ​ក មាន​៣​នោះ គឺ មិត្តភាព ការ​គោរព និង​ស្វែងរក​ឧត្តមភាព​។

គុណ​តម្លៃ​របស់​អូ​ឡាំ​ពិ​ក​ធ្វើ​ឡើង​ដើម្បី​ចំ​មិត្តភាព ការ​គោរព និង​ស្វែងរក ឧត្តមភាព ហើយ​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កំពុងធ្វើការ​ផ្សព្វផ្សាយ​។ កាលពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​នេះ ត្រូវ​បាន​បញ្ជ្រាប​តែ​ក្នុង​រង្វង់​គណៈកម្មការ និង​កីឡាករ​ប៉ុណ្ណោះ ដើម្បី​អោយ​យល់​កាន់តែ​ច្បាស់​ថា កីឡា​ដ្បិតតែ​មាន​ចាញ់​ឈ្នះ តែ​មិនមែន​ប្រកួតប្រជែង​ដូច​ក្នុង​ឆាក​សង្គ្រាម​នោះ​ទេ តែ​គឺ​ដើម្បី​មិត្តភាព និង​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ក្នុង​នាម​ជា​កីឡាករ​។

គុណ​តម្លៃ​នេះ​ចង់អោយ​កីឡាករ និង​ផ្នែក​ពាក់ព័ន្ធ​ដឹង​ថា ការ​ប្រកួត​ត្រូវ​តែ​សុក្រឹត ស្មើភាព និង​គ្មាន​ការ​ស៊ីសំណូក ហើយ​ការ​បញ្ជ្រាប​ពី​ខ្លឹមសារ​នេះ ក៏​ដើម្បី​អោយ​គ្រប់​ភាគី​ទាំងអស់ អាច​រៀបចំ​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ប្រកបដោយ​គុណធម៌ និង យុត្តិធម៌ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ កុំអោយ​មានការ​រិះគន់​។

ហេតុផល​ដែល​នាំ​អោយ NOCC បន្ត​បញ្ជ្រាប​ពី​សកម្មភាព​នេះ​ដល់​គ្រប់​កីឡាករ និង​ស្រទាប់​មហាជន គឺ​ចង់អោយ​កីឡាករ​ទាំងអស់​ដឹង​ថា ក្រៅពី​សមត្ថភាព​អាច​ប្រកួតប្រជែង គ្រប់​រូប​កីឡាករ ក៏​ត្រូវ​តែ​មានគុណ​ធម៌ សីលធម៌ និង​វិន័យ​ច្បាស់លាស់ បន្ថែម​ពីលើ​សមត្ថភាព​ដែល​ត្រូវ​បាន​ពង្រឹង​។ ក្នុង​នោះ​បាវចនា​របស់​អូ​ឡាំ​ពិ​ក អន្តរជាតិ ដែល NOCC បង្កើន​ការ​បញ្ជ្រាប​រួម​មាន ខ្ពស់​ជាង លឿន ជាង និង ខ្លាំង ជាង ក៏​ជា​អ្វី​ដែល​ត្រូវ​តែ​អោយ​កីឡាករ​គ្រប់​រូប​ប្រកាន់​ភ្ជាប់​ផង​ដែរ ដើម្បី​ឱកាស​ដណ្ដើម​មេដាយ​។

​លោក​បាន​សង្កត់​ធ្ងន់​ថា នៅ​លើ​លោក​យើង​នេះ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ចែករំលែក​នៃ​ការ​អប់រំ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​យើង​ចេះ​គោរព គ្នា មាន​សីលធម៌ មាន​គោលការណ៍ ចេះ​រស់នៅ​សុខដុមរមនា​ជាមួយ​គ្នា ។ ការ​អប់រំ គឺជា​ការ​សំខាន់​ណាស់ សម្រាប់​សង្គម​ជាតិ​រប ស់​យើង ដើម្បី​ឲ្យ​សង្គម​យើង​ក្លាយជា​សង្គម​ស៊ី​វិ​ល័យ មាន​ភាព​ថ្លៃថ្នូរ​មាន​ចរិត​លក្ខណៈ​ល្អ ។ យើង​ត្រូវ​ចេះ​រួបរួម​គ្នា​ស្រឡាញ់​គ្នា ចេះ ស្រឡាញ់​គ្នា ចេះ​អត់ឱន​ឲ្យ​គ្នា ដែល​ការ​ចេះ​អត់ឱន​ឲ្យ​គ្នា​នេះ ហើយនឹង​ប្រែក្លាយ​បញ្ហា​ធំ​មក​បញ្ហា​តូច ហើយពី​បញ្ហា​តូច​មក​ជា​គ្មាន បញ្ហា ។ ដូច្នេះ​ទាំងអស់​នេះ​ហើយ គឺជា​គោលការណ៍​នៃ​មនុស្ស​ជាតិ និង​សង្គម​របស់​យើង ហើយ​កីឡា គឺជា​ជីវិត​របស់​យើង​ម្នាក់​ៗ »​។

ជាមួយនឹង​ការ​ពន្យល់ គេ​ឃើញ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) សហការ​ជាមួយនឹង​បណ្ដា​សាលា​គ្រឹះស្ថាន​រដ្ឋ និង ឯកជន ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ទាំងនេះ ដល់​ក្មេង និង​យុវវ័យ​ផង​ដែរ​។ ​លោក​ វ៉ា​ត់ ចំរើន បាន​បញ្ជាក់​តាំងពី​មុន​ធ្វើ​យុទ្ធនាការ​ថា មហាជន និង​យុវវ័យ គឺជា​ហ្វេ​ន​គាំទ្រ​ដ៏​សំខាន់​ ហើយ​ក៏​ជា​អ្នកកាត់ក្ដី​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​ប្រកួត​នីមួយ​ៗ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ផង ទើប​សាលា​កាន់តែ​ច្រើន​ក៏​បាន​ក្លាយជា​ទីលាន​ក្នុង​ការ​បញ្ជ្រាប​សកម្មភាព​នេះ​។

ជាក់ស្ដែង​កាលពី​ពេល​ថ្មី អនុ​វិទ្យាល័យ​វត្ត​ដំបូក​ខ្ពស់ រាជធានី​ភ្នំពេញ ក៏​បាន​រៀបចំ​កម្ម​វិធីគុណ​តម្លៃ​អូ​ឡាំ​ពិ​ក ដែល​មានការ​ចូលរួម​ពី​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​ពី​ចលនា​អូ​ឡាំ​ពិ​ក គុណប្រយោជន៍​នៃ​ការ​លេង​កីឡា ក៏​ដូច​ជា​បញ្ជ្រាប​ការ​ផ្សព្វ​ផ្សា​ពី​ដំណើរ​របស់​កម្ពុជា ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​ការ​ប្រកួត​កីឡា​ជន​ពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣​។

លោក សោម សុទ្ធ នាយក​អនុ​វិទ្យាល័យ វត្ត​ដំបូក​ខ្ពស់​បាន​លើក​ឡើង​ថា នេះ​ជា​ឆ្នាំ​ទី​២ ដែល​វិទ្យាល័យ​វត្ត​ដំបូក​ខ្ពស់​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​រៀបចំ​កម្ម​វិធីគុណ​តម្លៃ​អូ​ឡាំ​ពិ​ក​នេះ​ឡើង ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ពី​ចលនា​អូ​ឡាំ​ពិ​ក និង​ការ​ផ្សព្វផ្សាយ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣​នៅ​កម្ពុជា​។

លោកនាយក​អនុ​វិទ្យាល័យ​បន្ថែម​ថា សាលា​យើងខ្ញុំ​មានកម្ម​វិធី​កីឡា​២​ម៉ោង ក្នុង​១​ស​ប្តា​ហ៍ ពីព្រោះ​ការ​អប់រំ និង​កីឡា​បាន​ផ្សា​ភ្ជាប់​គ្នា ដើម្បី​ឆ្ពោះទៅ​គោលដៅ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ខាង​មុខ​។ នៅ​ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង​ពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ឆ្នាំ​ទី​២​នេះ លោកនាយក​បាន​អះអាង​ថា គ្រាន់តែ​ឮ​ថា ខាង​NOCC ចុះ​មក​រៀបចំ​កម្មវិធី​នេះ គឺ​សិស្សានុសិស្ស​មាន​ក្តី​សោមនស្ស​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ចូលរួម​ស្វែង​យល់​ពី​ចំណេះ​ដឹងគុណ​តម្លៃ​អូ​ឡាំ​ពិ​ក ហើយ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​សាលា លោក​យល់​ថា នេះ​ក៏​ជា​ការ​បញ្ជ្រាប​ពី​អត្ថន័យ​ស៊ីជម្រៅ និង ចំណេះដឹង​ដ៏​ល្អ ដើម្បី​ក្មេង​ៗ​បាន​ជ្រាប​កាន់តែ​ច្បាស់​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ