ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ នៅខេត្តកំពង់ចាម ចាក់វ៉ាក់សាំងដូសទី៣ បានតិចតួច

2 ឆ្នាំ មុន
  • កំពង់ចាម

កំពង់ចាម៖ គិតរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងដូសជំរុញ លើកទី៣ ទើបតែបានប្រមាណជាង ៣០ភាគរយប៉ុណ្ណោះ ​ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគបំលែងថ្មីអូមីក្រុង ដើម្បីចៀសវាង កុំឱ្យឆ្លងចូលក្នុងសហគមន៍…

កំពង់ចាម៖ គិតរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងដូសជំរុញ លើកទី៣ ទើបតែបានប្រមាណជាង ៣០ភាគរយប៉ុណ្ណោះ ​ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគបំលែងថ្មីអូមីក្រុង ដើម្បីចៀសវាង កុំឱ្យឆ្លងចូលក្នុងសហគមន៍ ក្នុងចំណោមប្រជាពលរដ្ឋជាង ៨០ម៉ឺននាក់។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងដូច្នេះ នៅក្នុងពិធីប្រកាសតំណែង​ប្រធានថ្មី មន្ទីរកិច្ចការនារី គឺ​អ្នកស្រី ស៊ាង វណ្ណលក្ខិណា កាលពី​ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ សាលាខេត្ត។ ​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងពិធី​ប្រកាសតំណែងនេះ។

ប្រធានចាស់ នៃ​មន្ទីរកិច្ចការនារី ខេត្តកំពង់ចាម បានទទួលមរណភាព ដោយជំងឺ ហើយអ្នកដែលត្រូវតែងតាំងថ្មីនេះ គឺជាអនុប្រធានមន្ទីរកិច្ចការនារីខេត្ត។

ពាក់ព័ន្ធដំណើរការចាក់វ៉ាក់សាំងដូសទី៣ ត្រូវបាន​​ប្រធានមន្ទីរសុខាភិបាល ​ខេត្តកំពង់ចាម លើកឡើងថា ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ដែលមកទទួលវាក់សាំងដូសជំរុញ ឬដូសទី៣ នៅមន្ទីរពេទ្យបង្អែកមន្ទីរពេទ្យខេត្ត ទើបតែបានប្រមាណជាង ៣០ភាគរយប៉ុណ្ណោះ។

​​ប្រជាពលរដ្ឋមួយចំនួន ដែលបានទទួលការចាក់វ៉ាក់សាំងចំនួនពីរលើក ពួកគាត់បានលើកឡើងថា ចាក់វ៉ាក់សាំងបាន ២ដូសនេះ ល្មមហើយ មិនបាច់ចាក់ដូសជំរុញ ឬដូសទី៣ ទៀតទេ។ អ្នកខ្លះទៀត បានលើកឡើងថា ការចាក់ដូសជំរុញ ធ្វើឱ្យឈឺ ២ថ្ងៃ ទៅ ៣ថ្ងៃ។ ម្យ៉ាងជំងឺកូវីដបំប្លែងថ្មី អូមីក្រុង កំពុងតែរាតត្បាតពីប្រទេសខាងក្រៅ ចូលមកក្នុងប្រទេសកម្ពុជា ត្រូវបានរកឃើញជាបន្តបន្ទាប់ ដែលសុទ្ធតែជាករណីនាំចូលពីបរទេសតែប៉ុណ្ណោះ។

ប៉ុន្តែការយល់ឃើញរបស់ប្រជាពលរដ្ឋខាងលើនេះ ត្រូវបានលោក អ៊ុន ចាន់ដា បញ្ជាក់ថា អូមីក្រុងនេះ ទើបតែរកឃើញថ្មី ហើយវាឆ្លងលឿនជាង ដែលតា និងអាហ្វាទៅទៀត។ ដូច្នេះមិនអាចប្រហែសបាននោះទេ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានប្រកាសថា នឹងកោះហៅអភិបាលស្រុកក្រុងទាំង១០ នៅក្នុងខេត្តកំពង់ចាម មកប្រជុំនៅសាលាខេត្ត ដើម្បីដាក់វិធានការ អោយមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណា ត្រូវបញ្ចុះបញ្ចូល និងណែនាំ​ដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុកនីមួយៗ ឱ្យមកទទួលវ៉ាក់សាំងដូសជំរុញ ប្រយោជន៍ដើម្បីទប់ស្កាត់ កុំឱ្យមេរោគបំប្លែងថ្មី អូមីក្រុង រាតត្បាតចូលក្នុងសហគមន៍។

នៅមន្ទីពេទ្យមេគង្គ ក្នុងទីរួមខេត្តកំពង់ចាម ដែលជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដកម្រិតធ្ងន់ រួមទាំងមានសម្រាលកូន​អ្នកជំងឺកូវីដផងដែរ សព្វថ្ងៃ នៅអ្នកជំងឺតែចំនួន ១​៣នាក់ប៉ុណ្ណោះ។

រដ្ឋបាលខេត្ត គ្រោងនឹងបញ្ជូនអ្នកជំងឺទាំងនោះ មកព្យាបាលនៅមន្ទីរពេទ្យខេត្តតែម្ដង ដោយនាំយកទាំងសម្ភារៈ​បច្ចេកទេសទៅជាមួយផងដែរ៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ