ប្រដាល់សាកលកម្ពុជាគ្រោងជួលគ្រូហុងគ្រី មកបង្ហាត់ក្រុមជម្រើសជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា មានគម្រោងចង់ជួលគ្រូមកពីប្រទេសហុងគ្រី ដើម្បីបង្ហាត់ដល់ក្រុម
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា មានគម្រោងចង់ជួលគ្រូមកពីប្រទេសហុងគ្រី ដើម្បីបង្ហាត់ដល់ក្រុម
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា មានគម្រោងចង់ជួលគ្រូមកពីប្រទេសហុងគ្រី ដើម្បីបង្ហាត់ដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ។ នេះបើតាមការលើកឡើងរបស់លោកប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា នាឱកាសបិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានធ្វើឡើងនៅក្លិបនាយកដ្ឋានអង្គរក្ស ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ធ្នូ ឆ្នាំ២០២១ ។
លោកប៊ុយ សោភ័ណ្ឌ បានឱ្យដឹងទៀតថា ប្រដាល់សាកលមិនមាននៅក្នុងគម្រោងដែលត្រូវចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដូចសហព័ន្ធដទៃទៀតនោះទេ ប៉ុន្តែខាងក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២ តម្រូវឱ្យជួលគ្រូបរទេសមកបង្ហាត់នៅក្នុងស្រុក ហើយសហព័ន្ធមានសិទ្ធគ្រប់គ្រាន់ក្នុងការជ្រើសរើសគ្រូល្អៗ ទោះបីតម្លៃជួលខ្ពស់បែបណាក៏ដោយ សំខាន់ឱ្យតែមានគុណភាព មានសមត្ថភាពនិងបទពិសោធន៍ខ្ពស់។ប៉ុន្តែក្នុងចំណោមគ្រូបរទេសជាច្រើន លោកមានការចាប់អារម្មណ៍ជាងគេគឺគ្រូប្រទេសហុងគ្រី ដែលជាប្រទេសមួយត្រូវបានសហព័ន្ធកីឡាប្រដាល់អន្តរជាតិ(AIBA)ទទួលស្គាល់ជាផ្លូវការ ថា វិស័យកីឡាប្រដាល់សាកលរបស់ប្រទេសមួយនេះមានស្តង់ដារខ្ពស់ ។
លោកបានបន្តថា បច្ចុប្បន្ន ក្រុមកីឡាករប្រដាល់សាកលកម្ពុជា កំពុងតែធ្វើការហ្វឹកហាត់ជាមួយគ្រូក្នុងស្រុកជាបណ្ដោះអាសន្នសិន ។ គម្រោងមួយនេះលោកកំពុងតែពិចារណាដើម្បីស្នើទៅក្រសួងអប់រំយុវជននិងកីឡាក៏ដូចជា(CAMSOC)ផងដែរ ដើម្បីទទួលបានគ្រូក្រៅប្រទេសមកបង្ហាត់ដល់ក្រុមកីឡាករជម្រើសជាតិឱ្យបានឆាប់បំផុត។ ម្យ៉ាងវិញទៀតបច្ចុប្បន្នសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្រៅពីការប្រកួតជើងឯកថ្នាក់ជាតិក៏បានរៀបចំឱ្យមានការប្រកួតផ្សេងៗជាច្រើនទៀត ដូចជាការប្រកួតដណ្ដើមប្រាក់លាន ដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗមកនេះ ក្នុងគោលបំណងចង់អភិវឌ្ឍកីឡាប្រដាល់កម្ពុជាកាន់តែទទួលបាននូវបទពិសោធន៍បន្ថែមកាន់តែច្រើនថែមទៀត។
ដោយឡែកចំពោះដំណើរការនៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ លោកប៊ុយ សោភ័ណ្ឌ បានប្រាប់ថា ប្រព្រឹត្តទៅយ៉ាងរលូនតាំងពីថ្ងៃបើកការប្រកួតរហូតដល់ថ្ងៃបញ្ចប់ ។ រីឯលទ្ធផលចំណាត់ថ្នាក់វិញក្រសួងសេដ្ឋកិច្ចនិហិរញ្ញវត្ថុដណ្ដើមបានមេដាយមាសច្រើនជាងគេរហូតដល់ទៅ៤គ្រឿង មេដាយប្រាក់១គ្រឿង បន្ទាប់មកក្លិបកីឡាប្រដាល់តាឡីដំរីមានរឹទ្ធដណ្ដើមបានមេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿង ក្លិបគុជសាសរមានរិទ្ធដណ្ដើមបានមេដាយមាស១គ្រឿងមេដាយប្រាក់១គ្រឿង ក្រសួងការពារជាតិដណ្ដើមបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង មេដាយសំរឹទ្ធ១គ្រឿងខេត្តកណ្ដាលដណ្ដើមបានមេដាយមាស១គ្រឿង មេដាយសំរឹទ្ធ១គ្រឿង ខេត្តរតនៈគីរីដណ្ដើមបានមេដាយមាស១គ្រឿង ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកដណ្ដើមបានមេដាយមាស១គ្រឿង ៕
ចែករំលែកព័តមាននេះ