ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ភ្នំពេញ​៖ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែធ្នូ គឺ​មួយ​ថ្ងៃមុន​ថ្ងៃ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប ​គេឃើញ​នៅតែមាន​យុវជន​យុវនារី ដែលជា​បេក្ខជន​ប្រឡង​បាក់​ឌុប​យ៉ាងច្រើន នាំគ្នា​ទៅ​បន់ស្រន់ នៅ​ព្រះ​អង្គដ​ង្កើ…

​ភ្នំពេញ​៖ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែធ្នូ គឺ​មួយ​ថ្ងៃមុន​ថ្ងៃ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប ​គេឃើញ​នៅតែមាន​យុវជន​យុវនារី ដែលជា​បេក្ខជន​ប្រឡង​បាក់​ឌុប​យ៉ាងច្រើន នាំគ្នា​ទៅ​បន់ស្រន់ នៅ​ព្រះ​អង្គដ​ង្កើ ក្នុង​រាជធានី​ភ្នំពេញ នៅ​លោកតា​ខ្មៅ ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​នៅ​លោកតា​​ដំបងគ្រញូង ក្នុង​ទី​រួម​ខេត្តបាត់ដំបង ជាដើម​។ សិស្សានុសិស្សទាំងនោះ បាននាំគ្នា​បន់ សុំឱ្យ​ជោគជ័យ​ក្នុងការ​ប្រឡង​បាក់ឌុប នាថ្ងៃទី២៧-២៨ ខែធ្នូ​នេះ​។

​បេក្ខជនប្រឡងបាក់ឌុប ដែល​​ទៅ​អុជ​​ធូប​បន់ស្រន់ លើកឡើងថា ការ​បន់ស្រន់ នៅ​ព្រះ​អង្គដ​ង្កើ មុខ​ព្រះបរមរាជវាំង នៅមុន​ថ្ងៃ​ប្រឡង​នេះ ​​ជា​ការ​សុំឱ្យ​ការប្រឡង​របស់​ពួកគេ ដំណើរការ​ទៅ​ល្អ និង​ជាការ​ពង្រឹង​ផ្លូវចិត្ត​របស់​​ពួកគេ​មួយ​បន្ថែមទៀត​។

​យ៉ាងណាក៏ដោយ ក្នុងពេល​បេក្ខជន​ជាច្រើន ទៅ​បន់ស្រន់​នៅ​ព្រះ​អង្គដ​ង្កើ នៅ​លោកតា​ខ្មៅ និង​នៅ​លោកតា​ដំបងគ្រញូង ជាដើម ទោះបីជា​ម្នាក់ៗ បាន​ពាក់​ម៉ាស​​ក៏ដោយ តែ​ការរក្សា​គម្លាត​សុវត្ថិភាព គឺ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​ឡើយ​។ ពោលគឺ​មានពេលខ្លះ ដល់​ថ្នាក់​ប្រជ្រៀត​គ្នា ទាំង​អ្នក​ទៅ​បន់ ទាំង​អ្នកលក់​ធូប​ផ្កា និង​ទាំង​អាចារ្យ អ្នកបម្រើ​ការងារ​នៅ​កន្លែង​បន់ស្រន់​ទាំងនោះ​។​

​ម្យ៉ាង​ការ​បន់ស្រន់ ទោះជា​មាន​អ្នក​យល់ថា ជាជំនឿ ដែល​គោរពបែបន់ទៅ ក៏មិនខាតអ្វីទេ ហើយក៏​ជា​រឿង​អាគម​​ផ្សំ​អាយុ ឬក៏​ជាការ​ពង្រឹង​ផ្នែក​ផ្លូវចិត្ត​ក៏ដោយ ក៏​ការជឿ​​នេះ ជាជំនឿ​ដោយ​មិន​ប្រើ​​បញ្ញា​​។ បើសិន​គ្រាន់តែ​បន់ស្រន់​​ពង្រឹងផ្លូវចិត្ត ហើយ​ប្រឡង​​ជាប់ ឬក៏​គ្រាន់តែ​បន់ស្រន់ បាន​សុខ​សប្បាយ រកស៊ី​មានបាន​មែន​នោះ សម​ម្លេះ ម្នាក់ៗ មិនចាំបាច់​ខំប្រឹង​រៀនសូត្រ ស្ទើរតែ​គ្មាន​ពេល​សម្រាក​រាល់ថ្ងៃ​នោះទេ ហើយ​ក៏បាន​​ប្រឡង​ជាប់​គ្រប់ៗ​គ្នា​ ជាមិនខាន​។ ម្នាក់ៗ ក៏​នឹង​ជួបតែ​សេចក្តីសុខ​ទាំងអស់គ្នា ព្រោះគ្មាននរណា មិនចង់សុខនោះឡើយ​ និងច្បាស់ជា​មានបាន​គ្រប់គ្នា ដោយ​មិនមាន​អ្នក​កើតទុក្ខ​ព្រួយ និង​ខ្វះខាត​អ្វី​ឡើយ នៅ​ស្រុក​យើង​។​

​ការ​បន់ស្រន់​ទាំងអស់នេះ គួរតែ​យុវជន​យើង ឈប់​ជឿ​ផ្តេសផ្តាស​ដូច្នេះ​តទៅទៀត​។ យុវជន​យើង ចូរ​ខិតខំ​រៀន​សូត្រ ខិតខំ​សាង​អំពើ​ល្អ កុំ​ប្រព្រឹត្តិ​អំពើអាក្រក់ ឬ​អំពើ​ល្មើសច្បាប់ ហើយ​ខិតខំ​រកស៊ី ធ្វើការ​ងារ​តាម​​មុខរបរ និង​ជំនាញ​រៀងៗ​ខ្លួន នោះ​លទ្ធផល​ច្បាស់​ណាស់ គឺ​ប្រឡង​ជាប់ ទទួលបាន​សេចក្តីសុខ និង​មានបាន​នូវ​ទ្រព្យសម្បត្តិ​ ជាមិនខាន​។

​ស្រុក​គេ​ជឿនលឿន គេ​មិន​ជឿ​លើ​អ្វី​ផ្តេសផ្តាស​​ និងមិនសមហេតុផល​​​​នោះទេ​​។ អ្នកជំនាន់ក្រោយ​យើង ក៏​ត្រូវតែ​ធ្វើខ្លួន​ឲ្យ​ចេញ​ឆ្ងាយ​ពី​អប្រិយ​ជំនឿ ដែល​មិន​សម​ហេតុផល ហើយ​មក​ជឿជាក់​​លើ​សមត្ថភាព​ខ្លួនឯង តាមរយៈការខិតខំរៀនសូត្រ ដោយមានគ្រូជំនាញបង្រៀន និងស្តាប់​ការណែនាំពីរៀមច្បង​ ដែល​ឆ្លងកាត់​ការប្រឡង​មុនៗ ​ប្រសើរ​​ជាង​ទៅផ្តុំក្បាលគ្នា អុជធូប បន់​ស្រន់​អារុកអារក្ស​អ្នកតា​ដូច្នេះ​​។

​ករណី​​ប្រមូល​​ផ្តុំ​គ្នា ទៅ​អុជ​ធូប​បន់ស្រន់​ឲ្យ​ប្រឡង​ជាប់​នេះ ក្នុងសម័យ​កាល​កូ​វីដ មិនទាន់​បាត់​រលត់ ពេលនេះ គឺអាច​ប្រឈម​នឹង​ការឆ្លង​កូ​វីដ ហើយ​ការ​ស្រូប​ផ្សេង​ធូប​ទៀតសោត ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ថែមទៀត​។

​ផ្ទុយទៅវិញ បេក្ខជន​ប្រឡង​បាក់​ឌុប​យើង ត្រូវខិតខំ​រម្លឹក​មេរៀន យកពេល​សម្រាក​ គេង​ឲ្យ​គ្រប់គ្រាន់ និង​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ពិសេស​ការពារ​ខ្លួន កុំ​ឲ្យ​ឆ្លង​កូ​វីដ​។ បេក្ខជន ក៏ត្រូវ​ត្រៀមខ្លួន រៀបចំ​សម្ភារៈ​សម្រាប់​យកទៅ​ប្រឡង នៅ​ថ្ងៃទី​២៧-២៨​ធ្នូ នូវ​សៀវភៅ​ព្រាង ប៊ិច​ច្រើន​ដើម កាត​សម្គាល់​ខ្លួន ប័ណ្ណ​ចាក់​វ៉ាក់សាំង ជាដើម​។ សម្រាក​លំហែកាយ គេង​ឲ្យ​គ្រប់គ្រាន់ និង​ទទួលទាន​អាហារ​ឆ្ងាញ់ ជាដើម​។​

​បេក្ខជន​យើង ក៏​កុំភ្លេចថា ជួនកាល​ការធ្វើដំណើរ​ទៅ​បន់ស្រន់​អ្នកតា ឬ​ព្រះអង្គ​នោះ អាច​ក្លាយជា​គ្រោះ​វិញ ក៏​ថា​បាន ដូចជា ភ្លេចខ្លួន ជិះ​ម៉ូតូ​ទៅ ទុកចោល រវល់​តែ​អុជ​ធូប​បន់ ក៏ត្រូវ​ចោរលួច​ម៉ូតូ លួច​មួក ឬក៏​បាត់​ស្បែកជើង ជាដើម​។ ក៏​អាច​ដែរ ពេលធ្វើ​ដំណើរ​ទៅ​បន់ស្រន់ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​យថាហេតុ​ណាមួយ​។

​មុន​ថ្ងៃ​ប្រឡង រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុ​ន បាន​ណែនាំ​ដល់​បុគ្គលិក​អប់រំ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស ត្រូវគោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​បញ្ញា​ត្តិ​របស់​ក្រសួង​អប់រំ ក្នុងឱកាស​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង ថ្ងៃ​២៧-២៨ ធ្នូ ឆ្នាំ​២០២១​។ ការប្រឡង​បាក់​ឌុប ឆ្នាំនេះ នៅតែ​បន្ត​រឹតបន្តឹង​ដូច​ឆ្នាំមុនៗ ដោយ​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​យក​ប្រ៊ី​យ៉ុង មិនមាន​ការលួចចម្លង ហើយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដូចជា កាស្យូ ឬ​ទូរស័ព្ទ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​យក​ចូល​បន្ទប់​ប្រឡង​ឡើយ​។ ក្នុងពេល​ប្រឡង ក៏មាន​ការចូលរួម​ត្រួតពិនិត្យ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ផងដែរ​។​

​ក្រសួង​អប់រំ បានប្រកាសថា ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំនេះ មាន​មណ្ឌល​ប្រឡង​សរុប ២០៤​មណ្ឌល ត្រូវជា​៤៦១៦​បន្ទប់ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ១១៤ ១៨៣​នាក់ ក្នុងនោះ មាន​ស្ត្រី ៦០ ៣៩៧​នាក់​។ រីឯ​គណៈមេប្រយោគ និង​គណៈកម្មការ​នានា ចូលរួម​ក្នុង​ដំណើរការ​ប្រឡង មាន​ចំនួន ៣១ ៤៣២​នាក់​។​

​តាម​សាលារៀន ដែលជា​មណ្ឌល​ប្រឡង ត្រូវបាន​រៀបចំ​អនាម័យ ដោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ មាន​ឧបករណ៍​វាស់​កម្តៅ​នៅ​ច្រកចូល និង​មាន​គំនូស​រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាង​ត្រឹមត្រូវ​។ ក្នុងនោះ បេក្ខជន​ប្រឡង ក៏ដូចជា គ្រូមេ​ប្រយោគ អនុរក្ស មន្ត្រី​រៀបចំ​ការប្រឡង និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់ ក៏ត្រូវ​ធ្វើតេស្តរ​កកូ​វីដ​-១៩ នៅតាម​មណ្ឌល​រៀងៗ​ខ្លួន នៅមុន​ថ្ងៃ​ប្រឡង​ផងដែរ​។ វិធានការ​ទាំងនេះ ដើម្បី​ធានា​ឲ្យ​បាន​ថា ការប្រឡង នា​ថ្ងៃទី​២៧-២៨ ខែធ្នូ ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

​យ៉ាងណាក៏ដោយ ក្រសួង​អប់រំ ក៏​គួរ​យោគយល់​ដល់​បេក្ខជន​ប្រឡង​បាក់​ឌុប នៅ​ឆ្នាំនេះ​ផង ព្រោះ​ដោយសារតែ​កូ​វីដ ឆ្លង​រាលដាល តាមរយៈ​ព្រឹត្តិការណ៍​២០​កុម្ភៈ គឺ​សាលារៀន ត្រូវ​បិទទ្វារ​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២១ រហូតដល់​ខែកញ្ញា ទើប​ចូលរៀន​នៅ​សាលា​ដោយផ្ទាល់​ឡើងវិញ​។ ក្នុងអំឡុងពេល ៦​ខែ​នេះ សិស្ស​ត្រូវ​រៀន​តាម​អន​ឡាញ ដែលមាន​ការលំបាក និង​រអាក់រអួល ហើយ​សិស្ស​នៅ​សាលារៀន​រដ្ឋ ពិសេស​តាម​ខេត្ត និង​នៅ​ជនបទ មាន​បញ្ហា ដែល​ភាគច្រើន មិនអាច​រៀន​បាន​ជាប់លាប់​នោះទេ​។

​ឆ្នាំមុន ដោយសារតែ​កូ​វីដ​ឆ្លង​រាតត្បាត​ធូរស្រាល​ជាង​ឆ្នាំនេះ តែ​រាជរដ្ឋាភិបាល បានសម្រេច​ឲ្យ​បេក្ខជន​ប្រឡង​បាក់​ឌុប និង​ឌី​ប្លូ​ម ជាប់​ទាំងអស់គ្នា ដោយ​ស្វ័យប្រវត្តិ ក្រោយពេល​បេក្ខជន​ប្រឡង​រួច​ប៉ុន្មាន​ថ្ងៃ​។ ដូច្នេះ​នៅ​ឆ្នាំនេះ ដោយសារតែ​កូ​វីដ ឆ្លង​រាតត្បាត​ខ្លាំងក្លា រហូតដល់​បិទ​ខ្ទប់​រាជធានី​ខេត្ត និង​តំបន់ ហើយ​សិស្ស​រៀន​មិនបាន​ពេញលេញ​ផង​នោះ គួរតែ​ក្រសួង​អប់រំ ចេញ​វិញ្ញាសា​ប្រឡង កុំ​ឲ្យ​ពិបាកៗ ពេក​។ តែ​វិន័យ​ក្នុងការ​ប្រឡង ត្រូវតែ​បន្ត​រឹតបន្តឹង ដើម្បី​ឲ្យ​សិស្ស​ខំរៀន ហើយ​ការលួចចម្លង មើល​ប្រ៊ី​យ៉ុង និង​ការ​សូកលុយ​គ្រូ​អនុរក្ស ក្នុងពេល​ប្រឡង ត្រូវតែ​បន្ត​លុបបំបាត់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ