ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​កា​រ៉ា​តេ​កម្ពុជា ទទួល​ជោគជ័យ​២ ក្រោយ បញ្ចប់ការប្រ​កួត​ជើង​ឯក​អាស៊ី នៅ​កា​ហ្សា​ក់​ស្ថាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រតិភូ និង​អត្ត​ព​លិ​ក​នៃ​ក្រុម​ជម្រើសជាតិ​កីឡា​កា​រ៉ាតេ​កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ

រាជធានីភ្នំពេញ ៖ ប្រតិភូ និង​អត្ត​ព​លិ​ក​នៃ​ក្រុម​ជម្រើសជាតិ​កីឡា​កា​រ៉ាតេ​កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែធ្នូ ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​១៧ ឆ្នាំ​២០២១ (The 17th Asian Karate Championship Seniors 2021) នៅ​ទីក្រុង Almaty ប្រទេស​កា​ហ្សា​ក់​ស្ថាន​។

ដំណើរ​មាតុភូមិនិវត្ដន៍​ខាងលើ បានការ​អញ្ជើញ​ទទួល​ស្វាគមន៍ និង​អប​អរ​សាទរ​ពី​​លោក​ វ៉ា​ត់ ចំរើន អគ្គ​លេ​ខា​ធិ​ការគណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ​សហព័ន្ធតំ​ណា​ង​ដ៏​ខ្ពង់​ខ្ពស់​​លោក​​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុន្នី​រ័​ត្ន ឧ​ប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​។

​លោក​ វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​ថា បេសកកម្ម​របស់​កីឡា​កា​រ៉ា​តេ​កម្ពុជា​ពេល​នេះ គឺ​ទទួល​បាន​ជោគជ័យ​២ ទី​១-​ការ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ ២​គ្រឿង ក្នុង​កម្រិត​ជើងឯក​អាស៊ី ហើយ​ជា​លើក​ដំបូង ដែល​មាន​កីឡាការិនី​ម្នាក់​ដណ្ដើម​បាន​មេដាយ លើ​វិញ្ញាសា​លើស​អាយុ ១៨​ឆ្នាំ​ និង​ទី​២-​អាជ្ញាកណ្ដាល​កីឡា​កា​រ៉ា​តេ​កម្ពុជា​៥​រូប ក្នុង​ចំណោម​៦​រូប បាន​ប្រឡង​ជាប់​អាជ្ញាកណ្ដាល​អន្ដរជាតិ​។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ CAMSOC ដដែល​បន្ដ​ថា «​ទាំង​ពីរ​នេះ គឺ​ដើរ​ទន្ទឹម​គ្នា ទាំង​អាជ្ញាកណ្ដាល និង​កីឡាករ​-​កីឡាការិនី ដែល​យើង​ផ្ដោត​ការ​យកចិត្តទុកដាក់ ក្រោម​ការ​ដឹកនាំ និង​អនុសាសន៍​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ប្រធាន​សហព័ន្ធ បាន​ជំរុញ​ការ​ធ្វើ​វិ​ក្រិត​កម្ម​បច្ចេកទេស​កីឡា​កា​រ៉ា​តេ​នេះ ឲ្យ​ក្លាយជា​ប្រភេទ​កីឡា ដែល​មាន​សក្ដានុពល ក្នុង​តំបន់​អាស៊ាន និង​អាស៊ី ក៏​ដូច​ជា​រហូត​ដល់​ស៊ី​ហ្គេ​ម និង​ក្រោយ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣»​។

​លោក​​បន្ថែម​ថា នេះ​ជា​លើក​ដំបូង​ហើយ ដែល​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក និង​អាជ្ញាកណ្ដាល​ទ្រង់ទ្រាយ​ធំ រហូត​ជាង ២០​នាក់ ចូលរួម​ព្រឹត្តិការណ៍​ខាងលើ និង​ទទួល​បានការ​កោតសរសើរ ក៏​ដូច​ជា​មានការ​វាយតម្លៃ​ខ្ពស់ ពី​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​អាស៊ី​។ ហើយ​ការ​បញ្ជូន​ប្រតិភូ អាជ្ញាកណ្ដាល និង​អត្ត​ព​លិ​ក​ច្រើន​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ៣ រួម​មាន​៖

១-​ការ​វាស់​ស្ទង់​កម្រិត​សមត្ថភាព និង​ភាព​រីក​ចម្រើន​របស់​កីឡាករ​-​កីឡាការិនី ក្រោយ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​បរទេស​កម្រិត​ខ្ពស់ ២​រូប (​លោក Hassan គ្រូបង្វឹក​កម្រិត​ខ្សែក្រវាត់​៨​ដាន់​ផ្នែក​ប្រយុទ្ធ មក​ពី​អ៊ី​រ៉​ង់ និង​លោក Shoki Toyarma គ្រូបង្វឹក​ផ្នែក​កា​តា មក​ពី​ជប៉ុន​) ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​នេះ​។

២-​ការ​បង្ហាញ​នូវ​សក្ដានុពល​ថ្មី និង​របត់​ថ្មី​របស់​កីឡា​កា​រ៉ា​តេ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ប្រធាន​សហព័ន្ធ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេង​ៗ​ទៀត ដែល​បាន​ជំរុញ​ឲ្យ​វិស័យ​កីឡា​នេះ មាន​ភាព​ស្មើមុខ​មាត់​លើ​ឆាក​អន្ដរជាតិ ពិសេស​ការ​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ដ៏​ច្រើន ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។

៣- ការ​បញ្ជូន​អាជ្ញាកណ្ដាល​ចូលរួម​ប្រឡង​អាជ្ញាកណ្ដាល​អន្ដរជាតិ ដែល​បែងចែក​ជា​២ ក្នុង​នោះ ការ​ប្រឡង​អាជ្ញាកណ្ដាល​អន្ដរជាតិ​កម្រិត A (​កម្រិត​ខ្ពស់​) កម្ពុជា​បញ្ជូន​ទៅ​ប្រឡង ២​នាក់ ជាប់​ទាំង ២​នាក់ និង​ការ​ប្រឡង​អាជ្ញាកណ្ដាល​អន្ដរជាតិ​កម្រិត B កម្ពុជា​បញ្ជូន​ទៅ​ប្រឡង ៤​នាក់ ជាប់ ៣​នាក់​។

អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ថែម​ថា នេះ​គឺជា​មោទនភាព​ថ្មី សម្រាប់​វិស័យ​កីឡា​កា​រ៉ា​តេ​កម្ពុជា បន្ទាប់​ពី​ការ​ដាក់​ទុន​វិនិយោគ​ជួល​គ្រូ​បរទេស​មក​បង្ហាត់ ដែល​ជា​ចំណុច​ដ៏​សំខាន់ នៃ​ការ​ប្រែប្រួល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ការ​ប្រកួត​នេះ​។ ប៉ុន្ដែ​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា «​ការ​ប្រកួត​នេះ មានការ​ប្រែប្រួល​មួយ​ហើយ តែ​នៅ​មិន​ទាន់​មានការ​ពេញចិត្ត​នៅឡើយ​ទេ សម្រាប់​សហព័ន្ធ ព្រោះ​សហព័ន្ធ​មាន​មហិច្ឆតា​ឲ្យ​ដល់​កម្រិត​មេដាយ​ច្រើន​ជាង​នេះ ហើយ​ល្អ​ជាង​នេះ​»​។

​លោក​បន្ត​​ថា «​អ្វី​ដែល​មានការ​ប្រែប្រួល នៃ​ការ​ប្រកួត​លើក​នេះ គឺ​បច្ចេកទេស ទាំង​ការ​សម្ដែង និង​ប្រយុទ្ធ កីឡាករ​-​កីឡាការិនី​របស់​យើង មិន​មាន​ប្រៀប​ចាញ់​គេ​ដូច​លើក​មុន​ទេ គឺ​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា ហើយ​យើង​មានការ​ប្រកួតប្រជែង​ល្អ គេ​ហៅ​ថា ខិត​មក​កៀត​កម្រិត​សិទ្ធ​ផល​នៃ​ការ​ប្រកួត​។ កាលណា​គាត់​ខិត​ជិត​ដល់​កម្រិត​សិទ្ធ​ផល​នៃ​ការ​ប្រកួត បើ​គាត់​បន្ដ​ជំរុញ​អភិវឌ្ឍន៍​គុណ​ផល​បន្ដិចទៀត ពួក​គាត់​នឹង​អាច​ឈាន​ទៅ​រក​មេដាយ​ទាំងអស់​គ្នា​បាន​»​។

លោកបន្តទៀត​ថា «​ដូច្នេះ​យើង​សង្ឃឹម​ហើយ សង្ឃឹម​ទៀត​ថា យើង​នឹង​ខិតខំ​ថែរក្សា​នូវ​ជោគជ័យ​នេះ ហើយ​និង​ជំរុញ​ទឹកចិត្ត​គាត់​បន្ថែម សំខាន់​ជាងគេ ការ​ជំរុញ​ទឹកចិត្ត​បន្ថែម ក្នុង​ការ​រក្សា​នូវ​តម្លៃ​របស់​គាត់ ជា​អ្នក​ប្រយុទ្ធ​ខាង​វិស័យ​កីឡា​កា​រ៉ា​តេ ហើយ​មិន​បោះបង់​នូវ​ការ​ខិតខំ​របស់​គាត់ ហើយ​គាត់​នឹង​ឈាន​ដល់​ការ​ទទួល​ជោគជ័យ​នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ អ៊ីចឹង​លទ្ធផល​ពេល​នេះ គឺជា​សញ្ញា​មួយ​ល្អ សម្រាប់​ឆ្នាំ​២០២៣ នៃ​វិស័យ​កីឡា​កា​រ៉ា​តេ​កម្ពុជា​»​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ The 17th Asian Karate Championship Seniors 2021 បាន​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​១៩-២២ ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ ដោយ​មាន​អត្ត​ព​លិ​ក ៤៥​ប្រទេស​ចូលរួម ក្នុង​នោះ​ក្រៅពី​ប្រតិភូ និង​អាជ្ញាកណ្ដាល កម្ពុជា​ក៏​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី ១៥​នាក់​ចូលរួម​។ ជា​លទ្ធផល កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ ២​គ្រឿង រួម​មាន​កីឡាការិនី លឹ​ម សុខ​វិច្ឆិកា ឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​យុវនារី​ទម្ងន់​ក្រោម ៥៩​គីឡូក្រាម និង​កីឡាការិនី ឆ​ន ស្រី​ភា ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ដូច​គ្នា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ