ខេត្តបាត់ដំបង ៖ រថយន្តនឹងម៉ូតូបានឆេះយ៉ាងសន្ធោសន្ធៅ និងបណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លា.ប់ បន្ទាប់ពីបុកគ្នាអូសជាច្រើនម៉ែត្រនៅលើផ្លូវជាតិលេខ៥ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត និងម៉ូតូខាងលើនេះ បានធ្វើដំណើរក្នុងគោលដៅផ្ទុយគ្នា ហើយរថយន្តក៏បានបុកអ្នកជិះម៉ូតូយ៉ាងពេញទំហឹង រួចក៏ជាប់ម៉ូតូនៅខាងក្រោមរថយន្ត ហើយអូសម៉ូតូជនរងគ្រោះជាច្រើនម៉ែត្រ រហូតបែកជាផ្កាភ្លើងបង្កឱ្យក្លាយទៅជាអគ្គិភ័យឆាបឆេះទាំងម៉ូតូ ទាំងរថយន្តយ៉ាងសន្ធោសន្ធៅតែម្តង។

សមត្ថកិច្ចបន្តថា នៅក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឱ្យអ្នកជិះម៉ូតូស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្ដោង ពាក់ស្លាកលេខកំពង់ចាម 3A-7927 បានរត់គេចខ្លួនចោលរថយន្តបាត់ ក្រោយពេលកើតហេតុ។
សមត្ថកិច្ចបន្តទៀតថា ដោយឡែកជនរងគ្រោះជិះម៉ូតូខាងលើ មានឈ្មោះ ម៉ាក់ ម៉ៅ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ បានស្លា.ប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ទាំងរថយន្ត ទាំងម៉ូតូ បានរងការខូចខាត ដោយសារអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងជួយបាញ់ពន្លត់ផងដែរ ចំណែកឯទំនិញក្នុងរថយន្តត្រូវបានខូចខាតអស់មួយចំនួន ខណៈអ្នកជិះម៉ូតូម្នាក់បានស្លា.ប់នៅកន្លែងកើតហេតុ៕





ចែករំលែកព័តមាននេះ