ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​លើ​រទេះ​​បង្ហូរទឹកភ្នែក៖ កាត់បើក​ប្រាក់​ខែ​ដាក់​បញ្ចាំ ឯប្លងដីក៏ដាក់បញ្ចាំ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមា​នជ័យ ៖ ដោយ​ពិកា​រ​ជើ​ងទាំ​ង២និង​អង្គុយតែ​លើ​រទេះ​ហើយ​បង្ហូរទឹកភ្នែក ដែល​មើលទៅ​គួរឲ្យ​សង្វេគ​យ៉ាង​ខ្លាំង​នោះ យោធិន​សោធន​និ​វត្តន៍​មួយ​គ្រួសារ​​នេះ​ត្អូញត្អែរថា ពិបាក​រស់​ណាស់​ ព្រោះ​កាត​បើកប្រាក់ខែ​ដាក់បញ្ចាំ​គេ ឯ​ប្លង់ដី​ក៏​ដាក់​បញ្ចាំ​នៅ​ធនាគារ​មើលជំងឺ​ប្តី និង​ចិញ្ចឹម​ចៅ​ព្រមទាំង​កូនកំព្រា​រហូតដល់៥នាក់​នៅក្នុងបន្ទុក ។…

ខេត្ត​បន្ទាយមា​នជ័យ ៖ ដោយ​ពិកា​រ​ជើ​ងទាំ​ង២និង​អង្គុយតែ​លើ​រទេះ​ហើយ​បង្ហូរទឹកភ្នែក ដែល​មើលទៅ​គួរឲ្យ​សង្វេគ​យ៉ាង​ខ្លាំង​នោះ យោធិន​សោធន​និ​វត្តន៍​មួយ​គ្រួសារ​​នេះ​ត្អូញត្អែរថា ពិបាក​រស់​ណាស់​ ព្រោះ​កាត​បើកប្រាក់ខែ​ដាក់បញ្ចាំ​គេ ឯ​ប្លង់ដី​ក៏​ដាក់​បញ្ចាំ​នៅ​ធនាគារ​មើលជំងឺ​ប្តី និង​ចិញ្ចឹម​ចៅ​ព្រមទាំង​កូនកំព្រា​រហូតដល់៥នាក់​នៅក្នុងបន្ទុក ។

គ្រួសារ​ខាងលើ​នេះ ប្តី​ឈ្មោះ ហេង វុធ អាយុ៦៣ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆាយ គីម អាយុ៦៤ឆ្នាំមាន​ទីលំនៅ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោ​ធិន​ពិការ៣១៧តេជោ​ភ្នំ​ឆត្រ ស្ថិត​ក្នុង​ភូមិ​តេជោ​ភ្នំ​ឆត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ។ បុរស​ជា​ប្តី​ដែល​សព្វថ្ងៃ​នេះ​ ពិការ​ជើ​ង​ទាំង២និយាយ​ថា គាត់​ជា​អតីត​ទ័ពព្រៃ(ប៉ា​រ៉ា)តាំងពី​ឆ្នាំ ១៩៧៩ ប៉ុន្តែ​ក្នុង​ឆ្នាំ១៩៨៤ គាត់​បាន​ចូល​សារភាព នៅ​ឃុំ​ម្កាក់ ស្រុក​សិរី​សោភ័ណ ខេត្តបាត់ដំបង បច្ចុប្បន្ន ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។ ក្រោយមក បាន​បម្រើការ​ងារ​ជា​យោ​ធា​ដដែល​នៅ​កង​អន្តរាគមន៍​យោធា​វរៈ៥១៣ នៃ​កងពលតូច​ថ្មើរជើង​លេខ៥១ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍​ត្រី ។

គាត់​បន្ត​ថា លុះ​ក្នុង​សម័យ​សង្គ្រាម​រវាងកម្ពុជានិង​ថៃ ក្នុង​ជម្លោះ​ប្រាសាទព្រះវិហារ​នា​ឆ្នាំ២០០៨ គាត់​បាន​ជួប​គ្រោះ​អកុសល​ដើរ​ប៉ះ​ខ្សែ​មីន៦៩ បណ្តាល​ឲ្យ​ផ្ទុះ ប៉ុន្តែ​មិន​ដាច់ជើង​ទេ គឺ​ត្រឹម​របួស ភ្លៅ​ខាងឆ្វេង ក្នុង​ពេល​ចុះ​បេសកកម្ម​នៅ​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ។ ប៉ុន្តែ​ដោយសារ​មាន​ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ គាត់​ត្រូវ​កាត់​ជើង​ចំនួន៥ដង ដែល​លើក​ទី១កាត់​ជើង​ឆ្វេង​ត្រឹម​ប្រអប់​ជើង លើក​ទី២កាត់​ត្រឹម​ស្មង​ជើង និង​លើក​ទី៣កាត់​ត្រឹម​ភ្លៅ ។ ដោយ​ជំងឺ​គាត់​នៅតែ​មិនជា​សះ​ស្បើយ ក៏​ត្រូវ​គេ​កាត់​ជើងស្តាំ២លើក​ទៀត ដែល​លើក​ទី១កាត់​ត្រឹម​ស្មងជើង និង​លើក​ទី២កាត់​ត្រឹម​ភ្លៅ ។

ថ្វី​ដ្បិត​រូប​គាត់​ត្រូវ​បាន​កាត់​រំសាយ​ជា​យោធិន​សោធន​និវត្តន៍ ប៉ុន្តែ​គាត់​ទទួល​បាន​របប​ដី​ពី​រាជរដ្ឋាភិបាល១ឡូត៍​ទំហំ១០០ម៉ែត្រ​គុណ​នឹង ១៥០ម៉ែត្រ និង​ប្រាក់​របប​សោធន​និវត្តន៍​១ខែ ២លាន​និង២០ម៉ឺន​រៀ​ល ។ ចំណែក​ប្រពន្ធ​គាត់​បាន​រៀបរាប់​ទាំង​ស្រក់​ទឹកភ្នែក​ថា ដោយសារ​ប្តី​គាត់​ជួប​គ្រោះ​អកុ​សល​ជាបន្តបន្ទាប់​ដូច​បាន​រៀបរាប់​ខាងលើ ទើប​កន្លងមក​បង្ខំចិត្ត​យក​របប​យោធិន​សោធន​និវត្តន៍ ដែល​ជា​អាយុជីវិត​របស់​គ្រួសារ​ទៅ​ដាក់បញ្ចាំ​គេ​ចំនួន២ម៉ឺន​ដុល្លារ រយៈពេល៥ឆ្នាំ ទើបបាន​របប​ប្រាក់ខែ​នោះ​មក​វិញ ។

មិន​តែប៉ុណ្ណោះ សូម្បី​ប្លង់ដី​កន្លែង​រស់នៅ​បច្ចុប្បន្ន​ក៏​យក​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ១ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​យក​ប្រាក់​មើល​ថែ​ប្តី ដែល​ត្រូវ​វះកាត់​ជើង​ម្​តង​ហើយ​ម្តង​ទៀត និង​ចិញ្ចឹម​កូនកំព្រា​អាយុ១៤ឆ្នាំ​ម្នាក់ និង​ចៅប្រុស​ស្រី៤នាក់​ផ្សេងទៀត សរុប​៥នាក់​នៅក្នុងបន្ទុក ។ គ្រួសារ​ពិការ​ខាងលើ បាន​លើកដៃ​សំពះ​អំពាវ​នាវ​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រ​ទេស​ពិសេស​ថ្នាក់​ដឹកនាំ សូម​មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង​ដើម្បី​ជីវិត​ចុងក្រោយ ៕ ​

អត្ថបទសរសេរ ដោយ