ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ភ្នំពេញ​៖ កូ​វីដ​១៩ បាន​បំផ្លាញ​ចំណូល​សេដ្ឋកិច្ចជាតិ រួមទាំង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ មិន​ថា នៅកម្ពុជា ឬក៏​ប្រទេស​ណា​ណា​នោះទេ​។ នៅ​កម្ពុជា​យើង កូ​វីដ ដែល​បានផ្ទុះ​​ឆ្លង​រីក​រាលដាល…

​ភ្នំពេញ​៖ កូ​វីដ​១៩ បាន​បំផ្លាញ​ចំណូល​សេដ្ឋកិច្ចជាតិ រួមទាំង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ មិន​ថា នៅកម្ពុជា ឬក៏​ប្រទេស​ណា​ណា​នោះទេ​។ នៅ​កម្ពុជា​យើង កូ​វីដ ដែល​បានផ្ទុះ​​ឆ្លង​រីក​រាលដាល ចាប់តាំងពី​ដើមឆ្នាំ​២០២០ បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវ​បង្ខំចិត្ត​ចាត់វិធានការទប់ស្កាត់ និងចំណាយអស់យ៉ាងច្រើនលានដុល្លារ រហូតដល់​មិនអាច​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ រយៈពេល ៣​ឆ្នាំ​ជាប់ៗ​​គ្នា គឺ​នៅ​ឆ្នាំ​២០២០ ឆ្នាំ​២០២១ និង​នៅ​ឆ្នាំ​២០២២​។​

​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅ​ឆ្នាំ​២០២១ នេះ រាជរដ្ឋាភិបាល មិនបាន​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទេ ហើយ​នៅ​ឆ្នាំ​២០២២ ខាងមុខ ក៏​មិនទាន់​អាច​ដំឡើង​បានដែរ​។ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​វិបត្តិ​កូ​វីដ​១៩ កាន់តែ​ធូរស្រាល ហើយ​ចំណូល​សេដ្ឋកិច្ច កើនឡើង​នោះ រាជរដ្ឋាភិបាល នឹង​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ឆ្នាំ​២០២៣​។​

​ជាមួយនឹង​ការប្រកាស​ដូច្នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចំពោះ​ការមិនអាច​ដំឡើង​ប្រាក់បៀវត្សរ៍ ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ ឆ្លង​រាលដាល និង​បាន​រារាំង​ដល់​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រួមទាំង​ឆ្លង​រាតត្បាត​លើ​ពលរដ្ឋ​កម្ពុជា​យើង រហូតដល់​ជាង ១២​ម៉ឺន​នាក់ និង​ស្លាប់​ជាង ៣​ពាន់​នាក់​។​

​យ៉ាងណាក៏ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា បើ​កូ​វីដ ថយចុះ ហើយ​ចំណូល​កើនឡើង នោះ​នៅ​ឆ្នាំ​២០២៣ អាច​ឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ​បានឡើងវិញ​​ហើយ​។​

​ទោះជា​យ៉ាងណា សម្តេច​តេ​ជោ ប្រកាសថា រាជរដ្ឋាភិបាល បាន​ខិតខំ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់​អតិផរណា រក្សា​កម្លាំង​ទិញ​នៃ​ប្រាក់រៀល​របស់​កម្ពុជា ដើម្បី​រក្សា​តម្លៃ​ទំនិញ នៅក្នុង​ប្រទេស​កុំឱ្យ​ឡើងថ្លៃ​ហួសពេក ដែលនាំឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ​។​

​រាជរដ្ឋាភិបាល ផ្អាក​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចាប់តាំងពី​ឆ្នាំ​២០២០ ដោយសារ​កម្ពុជា​យើង ក៏ដូចជា​ពិភពលោក​ទាំងមូល បាន​រង​នូវ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាំងពី​ចុងឆ្នាំ​២០១៩ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ចំណូល​សេដ្ឋកិច្ចជាតិ និង​ប៉ះពាល់​លើ​គ្រប់​វិស័យ​។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ រហូតដល់​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​កែប្រែ និង​ដំឡើង​ប្រាក់ខែ ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ភូមិ​ឃុំ​ទាំងអស់ គឺ​ឡើង​ប្រាក់ខែ ២​ដង ក្នុង ១​ឆ្នាំ​។ នៅ​បំណាច់​ឆ្នាំ ឡើង​ម្តង និង​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឡើង​ម្តងទៀត​។ ក្រៅពី​ឡើង​ប្រាក់ខែ​ហើយ កងកម្លាំងប្រដាប់​អាវុធ និង​មន្ត្រីរាជការ​គ្រប់​កម្រិត ក៏​តែងតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ម្នាក់ៗ ៥​ម៉ឺន​រៀល នៅ​រៀងរាល់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។ ក្នុងអំឡុងពេល មិនបាន​ឡើង​ប្រាក់ខែ នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ តែ​ឲ្យ​តែ​ដល់​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក្នុង​ម្នាក់ៗ ៥​ម៉ឺន​រៀល​ដដែល​។​

​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ គ្រូពេទ្យ គ្រូបង្រៀន និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ (​យោធា នគរបាល និង​អាវុធហត្ថ​) ត្រូវបាន​ដំឡើង​ចុងក្រោយ កាលពី​ខែមេសា ឆ្នាំ​២០១៩ មុន​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។

​យោងតាម​តារាង​ប្រាក់បៀវត្ស​ទាប​បំផុត (​អប្បបរមា​) របស់​មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្លាំងប្រដាប់អាវុធ សម្រាប់​ឆ្នាំ​២០១៩ គឺ ១៖ ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល ផ្នែក​រដ្ឋបាល ថ្នាក់ទាប​បំផុត មាន​ចំនួន ១,១០០,១០០​រៀល ។ ២៖ ប្រាក់បៀវត្ស​គ្រូបង្រៀន កម្រិត​ទាប​បំផុត ១,២០០,១០០​រៀល​។ ៣៖ ប្រាក់បៀវត្ស​គ្រូពេទ្យ កម្រិត​ទាប​បំផុត ១,២០០,១០០​រៀល​។ ៤៖ ប្រាក់បៀវត្ស​នគរបាលជាតិ ថ្នាក់ទាប​បំផុត ១,១៨៤,៥៧៧​រៀល​។ ៥៖ ប្រាក់បៀវត្ស​យោធា (​កងទ័ព​) ថ្នាក់ទាប​បំផុត ១,១១៤,៣៧៧​រៀល​។ ៦៖ ប្រាក់បៀវត្ស​មន្ត្រី​កិច្ចសន្យា ទទួលបាន ៦៥០,០០០​រៀល​។ ៧៖ ប្រាក់បៀវត្ស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ថ្នាក់ទាប​បំផុត ១,១៣៥,០០០​រៀល​។ ៨៖ ប្រាក់បៀវត្ស​ក្រុមប្រឹក្សា​ស្រុក​ខណ្ឌ ថ្នាក់ទាប​បំផុត ៩១០,០០០​រៀល​។ ៩៖ ប្រាក់បៀវត្ស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ថ្នាក់ទាប​បំផុត ៧៤០,០០០​រៀល​។ ១០៖ ប្រាក់បៀវត្ស​មន្ត្រី​ភូមិ ថ្នាក់ទាប​បំផុត ២៥០,០០០​រៀល​។

​ដោយឡែក​សម្រាប់​ប្រាក់បៀវត្ស​ខ្ពស់បំផុត ( អតិបរមា​) របស់​មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្លាំងប្រដាប់អាវុធ ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ រួមមាន​៖ ១៖ ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល ផ្នែក​រដ្ឋបាល ចំនួន​៣,១១៧,០០០​រៀល​។ ២៖ ប្រាក់​បៀវត្ស​​គ្រូបង្រៀន​ចំនួន ៣,១១៧,០០០​រៀល​។ ៣៖ ប្រាក់បៀវត្ស​គ្រូពេទ្យ ចំនួន ២,២៩៧,០០០​រៀល​។ ៤៖ ប្រាក់បៀវត្ស​នគរបាល​ជាតិ ៣,៣០១,៤៧៧​រៀល​។ ៥៖ ប្រាក់បៀវត្ស​យោធា (​កងទ័ព​) ចំនួន ៣,៣០១,៤៧៧​រៀល ៦៖ ប្រាក់បៀវត្ស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ទទួលបាន ១,៤៤០,០០០​រៀល​។ ៧៖ ប្រាក់បៀវត្ស​ក្រុមប្រឹក្សា​ស្រុក​ខណ្ឌ ទទួលបាន​១,១៥៥,០០០​រៀល​។ ៨៖ ប្រាក់បៀវត្ស​ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ១,១១០,០០០​រៀល​។ ៩៖ ប្រាក់បៀវត្ស​មន្ត្រី​ភូមិ ទទួលបាន ៤០០,០០០​រៀល​។

​ជាមួយគ្នា​នោះ តារាង​កម្រិត​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ រួមមាន​៖ មន្ត្រី​ភូមិ ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្រុម​ប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​រាជធានី​ខេត្ត មន្ត្រី​កិច្ចសន្យា យោធិន នគរបាល សុខាភិបាល អប់រំ និង​មន្ត្រី​ផ្នែក​រដ្ឋបាល គឺ​នៅ​ឆ្នាំ​២០១៣ ប្រាក់ខែ​ទាប​ជាងគេ ជាមន្ត្រី​ភូមិ មាន​ចំនួន​ទាប​បំផុត ៤​ម៉ឺន​រៀល និង​ខ្ពស់បំផុត ៦​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​នៅ​ឆ្នាំ​២០១៩ ប្រាក់ខែ​មន្ត្រី​ភូមិអប្បបរមា ឡើងដល់ ២៥​ម៉ឺន​រៀល និង​អតិបរមា ឡើងដល់ ៤០​ម៉ឺន​រៀល​។​

​តាម​តារាង​កម្រិត​ប្រាក់ខែ​ដដែល គិត​ត្រឹម​ឆ្នាំ​២០១៩ ប្រាក់ខែ​អប្បបរមា​របស់​គ្រូបង្រៀន និង​ពេទ្យ ខ្ពស់ជាង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ផ្សេងទៀត ដោយមាន​ចំនួន ១ ២០០ ១០០​រៀល​។ រីឯ​ប្រាក់ខែ​ទាប​ជាងគេ គឺ​មន្ត្រី​ភូមិ ដែលមាន​កម្រិត​អប្បបរមា​ត្រឹមតែ ២៥​ម៉ឺន​រៀល និង​អតិបរមា ៤០​ម៉ឺន​រៀល​។

​ចាប់តាំងពី​ផ្ទុះ​កូ​វីដ​ឆ្លង​រាតត្បាត ក្នុង​រយៈពេល ២​ឆ្នាំ នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ បើតាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​បាន​ចំណាយ​មិនតិចជាង ២​ពាន់​លាន​ដុល្លារ​នោះទេ​។ ក្នុងនោះ រួមមាន​គោលនយោបាយ​ជំនួយ​សង្គម ជួយ​ដល់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ដែល​ក្រុមហ៊ុន​បិទទ្វារ គឺ​ត្រូវ​ទទួលបាន​ម្នាក់ ៧០​ដុល្លារ ក្នុង ១​ខែ ដោយ ៣០​ដុល្លារ​ទទួល​ពី​រាជរដ្ឋាភិបាល និង ៤០​ដុល្លារ ពី​រោងចក្រ​សហគ្រាស​។ ក្រៅពីនោះ នៅមាន​វិធានការ​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ដល់ក​ម្មករ​-​និយោជិត និង​គ្រួសារ​ក្រីក្រ ដែល​ប៉ះពាល់​ពី​កូ​វីដ ដោយ​ត្រូវអនុវត្ត រហូតដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២​។​

​ពាក់ព័ន្ធ​នឹង​ការបង់ពន្ធ​ប្រចាំខែ​របស់​អាជីវកម្ម​ផ្នែក​សេវាកម្ម និង​ទេសចរណ៍ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល លើកលែង​ម្តងៗ រយៈពេល ៣​ខែ ដែល​ចុង​ក្រោយនេះ នឹងត្រូវ​ផុតកំណត់​នៅ​បំណាច់​ខែធ្នូ ឆ្នាំ​២០២១​នេះ​។

​យ៉ាងណាក៏ដោយ ទោះបីជា​ជួប​វិបត្តិ​កូ​វីដ​១៩ ប៉ុន្តែ​វិស័យ​កាត់ដេរ នៅតែ​អាច​ដំឡើង​ប្រាក់ខែ​ដល់ក​ម្មក​រវិ​និយោជិត រៀងរាល់ឆ្នាំ នៅ​ឆ្នាំ​២០២០ ឆ្នាំ​២០២១ និង​នៅ​ឆ្នាំ​២០២២​។ ឆ្នាំ​២០២២ បានសម្រេច​រួចហើយ ថា​នឹង​ឡើង​ប្រាក់ខែ​កម្មករនិយោជិត​វិស័យ​កាត់​ដេរ ចំនួន ១៩៤​ដុល្លារ​អាមេរិក ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២​។

​ដូច្នេះ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គួរតែ​យោគយល់​នឹង​រាជរដ្ឋាភិបាល ដែល​ជួបប្រទះ​វិបត្តិ​កូ​វីដ​១៩​។ ម្យ៉ាង ទោះជា​មិន​បាន​ឡើង​ប្រាក់ខែ​នៅ​ឆ្នាំ​២០២០ ឆ្នាំ​២០២១ និង​នៅ​ឆ្នាំ​២០២២ ក៏ពិតមែន តែ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ រួមទាំង​មន្ត្រី​ចូលនិវត្តន៍ គឺ​ត្រូវបាន​បើក​ទៀងទាត់ ១​ខែ ២​ដង តាម​ប្រព័ន្ធ​ធនាគារ ដោយ​មិនមាន​យឺតយ៉ាវ និង​មិនមាន​បាត់​មួយ​កាក់​​មួយ​សេន​ឡើយ​​។

​ម្យ៉ាងទៀត ប្រសិនបើ​មិនបាន​ឡើង​ប្រាក់ខែ តែ​ក៏សូម​កុំឱ្យ​តម្លៃ​ទំនិញ​ឡើងថ្លៃ​​​។ ចំណែក​សេវា​សាធារណៈ​នានា សម្រាប់​ប្រជាពលរដ្ឋទូទៅ រួមទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក៏គួរតែរាជរដ្ឋា​ភិបាល បន្ត​​ផ្តល់​​ឲ្យ​ដូចឆ្នាំកន្លងមក ពិសេស​សេវា​ព្យាបាល​ជំងឺ​ នៅតាមមន្ទីរពេទ្យរដ្ឋ តាមរយៈ​គោលនយោបាយ​ប.ស.ស និងប័ណ្ណក្រីក្រ​ ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ